Fitch Solutions Macro Research មានការិយាល័យរបស់ខ្លួននៅប្រទេសសិង្ហបុរី អង់គ្លេស អាមេរិក អាល្លឺម៉ង់ ហុងកុង ជប៉ុន អារ៉ាប់រួម និងអាហ្វ្រិកខាងត្បូងផងដែរ។
Fitch Solutions Macro Research បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនដូច្នេះថា «ទោះបីជាចិនត្រូវបានគេរំពឹងថា នឹងនៅតែជាប្រភពចម្បងនៃការវិនិយោគផ្ទាល់ពីបរទេសសម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាក្នុងរយៈពេលខ្លីក្ដី, យើងជឿជាក់ថា ការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីសំណាក់អ្នកចូលរួមបរទេសផ្សេងទៀត អាចនាំឱ្យមានការធ្វើពិពិធកម្ម FDI របស់កម្ពុជាក្នុងរយៈពេលមធ្យម។»
ជាពិសេស ប្រទេសជប៉ុនបានចាប់អារម្មណ៍ជាយូរមកហើយ ក្នុងការវិនិយោគលើគម្រោងនានាក្នុងតំបន់មេគង្គ តាមរយៈយុទ្ធសាស្ត្រតូក្យូ ឆ្នាំ២០១៨ របស់ខ្លួន សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន។ នេះបើយោងតាមស្ថាប័នស្រាវជ្រាវដដែល។
ស្ថាប័នស្រាវជ្រាវនេះ បានអះអាងថា នាពេលថ្មីៗនេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងជាង ៥២លានដុល្លារដល់គម្រោងអភិវឌ្ឍន៍ រួមមានប្រព័ន្ធធារាសាស្រ្តនិងការស្តារប្រព័ន្ធធារាសាស្ត្រទន្លេសាបខាងលិច។
រដ្ឋាភិបាលជប៉ុនក៏កំពុងសម្លឹងមើលការសហការក្នុងការធ្វើផែនការនិងសាងសង់ទីក្រុងឆ្លាតវៃ នៅក្នុងប្រទេសកម្ពុជា ផងដែរ។
Fitch Solutions Macro Research បាននិយាយដូច្នេះថា«ការវិវត្តទាំងនេះចង្អុលបង្ហាញលទ្ធភាពនៃការចូលរួមកាន់តែច្រើនរបស់ហិរញ្ញប្បទានជប៉ុននិងអ្នកម៉ៅការក្នុងទីផ្សារសំណង់កម្ពុជាក្នុងរយៈពេលមធ្យម។»
អ្នកម៉ៅការជប៉ុន បច្ចុប្បន្ន កំពុងតែចូលរួមពាក់ព័ន្ធនឹងគម្រោងដែលមានតម្លៃ ១,១៨ពាន់លានដុល្លារ ជាប់លំដាប់លេខពីរ បន្ទាប់ពីចិន។ នេះបើយោងតាម Fitch Solutions Macro Research។
Fitch Solutions Macro Research ក៏បានព្យាករដែរថា វិស័យសំណង់នឹងកើនឡើងក្នុងអត្រាដ៏រឹងមាំ ១៤ភាគរយ សម្រាប់ឆ្នាំ២០១៩ ហើយក្នុងរយៈពេល១០ឆ្នាំ ការព្យាករត្រូវបានគេរំពឹងថា នឹងកើនឡើងជាមធ្យមប្រចាំឆ្នាំ ១១ភាគរយ បើទោះបីជាមានការផ្សព្វផ្សាយថ្មីៗដែលអវិជ្ជមានអំពីចិននៅកម្ពុជា ក៏ដោយ៕