រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកជំទាវ យក់ សម្បត្តិ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុនពេលវ៉ាក់សាំង Sinovac ត្រូវបានដឹកមកដល់ថា វ៉ាក់សាំងចិន Sinovacនេះ គឺជាការទិញទាំងស្រុងដោយរាជរដ្ឋាភិបាលកម្ពុជាពីក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់ចិន ដោយតម្លៃរបស់វា ១ដូស តម្លៃ១០ដុល្លារ ហើយរាជរដ្ឋាភិបាលបានចំណាយ១៥លានដុល្លារសម្រាប់ការទិញវ៉ាក់សាំង១,៥លានដូសនេះ។
បើតាមការះអាងរបស់ លោកជំទាវ យក់ សម្បត្តិ រាជរដ្ឋាភិបាលក៏គ្រោងនឹងទិញវ៉ាក់សាំង Sinovacនេះ ចំនួន៤លានដូសបន្ថែមទៀត និងក៏មានផែនការនឹងបន្ដទិញវ៉ាក់សាំង Sinopharm បន្ថែមដែរ។ ជាមួយគ្នានេះ វ៉ាក់សាំង Johnson & Jonhson របស់អាមេរិក ក៏រដ្ឋាភិបាលកំពុងពិចាណារក្នុងការទិញដែរ។
មន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាលរូបនេះ បានអះអាងទៀតថា វ៉ាក់សាំង Sinovac អាចចាក់បានសម្រាប់មនុស្សចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ ហើយការប្រើប្រាស់បានរយៈពេល ៣៦ខែ តែខាងក្រុមហ៊ុនចិនស្នើឲ្យយើងត្រូវចាក់ឲ្យបានអស់នៅក្នុងរយៈពេល៦ខែ។ មិនខុសពីវ៉ាក់សាំង Sinopharm និង AstraZeneca ទេ វ៉ាក់សាំង Sinovac ក៏តម្រូវឲ្យចាក់ចាក់ ២ដូសសម្រា់បមនុស្សម្នាក់ ចន្លោះពេលចាក់២សប្ដាហ៍ ខណៈដែលប្រសិទ្ធភាពរបស់វាមានចន្លោះពី ៧០ ទៅ៨០ភាគរយ។
បើតាមលោកជំទាវ យក់ សម្បត្តិ វ៉ាក់សាំងនេះ នឹងត្រូវ ចាក់ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋចាស់ៗ ដែលប្រឈមខ្ពស់ និងចាក់ជូនពលរដ្ឋនៅខេត្តព្រះសីហនុ និងខេត្តកណ្ដាលដែលកំពុងប្រឈមនឹងការឆ្លងខ្ពស់។
សូមបញ្ជាក់ថា សរុបមកទល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងចំនួន ២.៤២៤.០០០ ដូសហើយ៕