អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ឯកឧត្តម អ៊ឹង ឌីប៉ូឡា បានបញ្ជាក់ប្រាប់ខេមបូណូមីសថា ក្រោយដំណើរការអស់រយៈពេលជាង៣ខែកន្លងមកនេះ រោងចក្រចម្រាញ់រ៉ែមាសលក្ខណៈឧស្សាហកម្មរបស់ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត បានទាញយក និងចម្រាញ់រ៉ែមាសពីតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តបណ្ឌលគិរីបានចំនួន៤៨ដុំ ដែលមានទម្ងន់ប្រមាណ៥៥៥គីឡូក្រាម។
បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករគិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុនរបស់អូស្ត្រាលីមួយនេះបានបំពេញបែបបទតាមនីតិវិធីគយ និងនាំចេញដុំមាសបានចំនួន៩ជើង ដើម្បីយកទៅបន្សុទ្ធជាមាសទឹក៩៩,៩៩% នៅប្រទេសអូស្ត្រាលី។ សម្រាប់ការនាំចេញទាំង៩ជើងនេះ សម្រេចបាន៣៤ដុំមាស និងមានទម្ងន់ប្រមាណ៣៥៥គីឡូក្រាម។
បើតាមការបញ្ជាក់របស់ឯកឧត្តម អ៊ឹង ឌីប៉ូឡា តម្លៃមាសនៅក្នុងទីផ្សារអន្តរាជាតិមានការផ្លាស់ប្ដូរជារៀងរាល់ថ្ងៃ ដោយនៅថ្ងៃទី២៨ កញ្ញា នេះមាស១អោនមានតម្លៃជាង១ពាន់៧រយដុល្លារអាមេរិក។ ចំពោះតម្លៃមាសនៅក្នុងទីផ្សារក្នុងស្រុកអាចមានភាពខុសនេះបន្តិចបន្តួច។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ចំពោះតម្លៃរ៉ែមាសនេះ ក្រសួងរ៉ែ និងថាមពលមិនមែនអ្នកកំណត់ទេ គឺយកតាមតម្លៃនៅក្នុងទីផ្សារអន្តរជាតិជាគោល។
ក្រោយទទួលបានជោគជ័យលើប្រតិបត្តិការទាញយករ៉ែមាសនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ក្រុមហ៊ុនរ៉ឺនេសង់ មិនើរ៉ល (ខេមបូឌា) លីមីតធីត ក៏ទទួលបានអាជ្ញាបណ្ណរយៈពេល៣ឆ្នាំ(២០២១-២០២៤) ដើម្បីសិក្សាស្រាវជ្រាវលោហៈរ៉ែមាសលើផ្ទៃដី១០៧គីឡូម៉ែត្រនៅតំបន់សំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំមួយកន្លែងទៀតផងដែរ។ ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនមិនទាន់ប្រតិបត្តិការរុករកនៅឡើយទេ។
ពាក់ព័ន្ធគម្រោងរុករករ៉ែមាសនៅខេត្តត្បូងឃ្មុំឯកឧត្តម អ៊ឹង ឌីប៉ូឡា បានអះអាងថា ឯកឧត្តមមិនទាន់អាចបញ្ជាក់បានទេថា តើក្រុមហ៊ុនមានសមត្ថភាពអាចយករ៉ែមាសពីតំបន់នេះបានប៉ុន្មាននៅឡើយទេ ព្រោះវាកំពុងស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ។
គួររំលឹកថា ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត របស់អូស្ត្រាលី កំពុងប្រតិបត្តិការលើរោងចក្រចម្រាញ់រ៉ែមាសលក្ខណៈឧស្សាហកម្មនៅតំបន់អូរខ្វាវ ស្រុកកែវសីមាខេត្តមណ្ឌលគិរី។ រោងចក្រនេះបានដាក់ឲ្យដំណើរការកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។ រោងចក្រនេះមានសមត្ថភាពអាចផលិតមាសសុទ្ធបានរហូតដល់៣តោនក្នុង១ឆ្នាំ ដែលរំពឹងថា នឹងអាចផ្តល់ប្រាក់ចំណូលដុល(ចំណូលមិនទាន់ទូទាត់ការចំណាយ) ជាមធ្យមប្រមាណ១៨៥លានដុល្លារក្នុង១ឆ្នាំ៕