សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងចំណោមអ្នកវិជ្ជមានកូវីដ១៩ទាំង ៥៨០នាក់នោះ មានករណីចម្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ៥៧៩ករណី និង១ករណីទៀតជាអ្នកដំណើរមកពីក្រៅប្រទេស ស្របដែលអ្នកជាសះស្បើយមានចំនួនដល់ទៅ១៧៧នាក់ ដែលតម្រូវឲ្យចេញពីមន្ទីរពេទ្យ ហើយបន្តធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃបន្ថែមទៀតដោយខ្លួនឯង។
សម្រាប់អ្នកវិជ្ជមានករណីសហគមន៍ទាំង៥៧៩នាក់ រួមមាន រាជធានីភ្នំពេញ ៣៣៧ករណី, បន្ទាយមានជ័យ ៩១ករណី, ខេត្តកណ្ដាល ៥១ករណី, ព្រះសីហនុ ៩១ករណី, ព្រៃវែង ២ករណី, ស្វាយរៀង ១ករណី, កំពង់ឆ្នាំង១ករណី, កំពង់ធំ ២ករណី, កែប ១ករណី, ត្បូងឃ្មុំ ១ករណី, និង កំពង់ស្ពឺ ១ករណី។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដោយឡែកមួយទៀតរបស់ក្រសួងសុខាភិបាល ចេញផ្សាយក្នុងថ្ងៃនេះដដែលបានគូសបញ្ជាក់ថា មានអ្នកជំងឺកូវីដ០៥នាក់ទៀត បានស្លាប់បាត់បង់ជីវិតដោយសារកូវីដ-១៩ ក្នុងនោះមាន ស្រ្តីអាយុ ៥៨ឆ្នាំ បុរសអាយុ ៤១ឆ្នាំ បុរសអាយុ ៥១ឆ្នាំ បុរសអាយុ ៣២ឆ្នាំ និងស្រ្តីអាយុ ៨១ឆ្នាំ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១០៥៥៥នាក់ហើយ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣៥៧៧ នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន៦៨៩២ នាក់ និងស្លាប់បាត់បង់ជីវិតចំនួន៧៩នាក់៕