កាលពីខែវិច្ឆិកា កន្លងមកនេះ គណៈកម្មការអឺរ៉ុបបានបញ្ចប់នូវរបាយការណ៍ស៊ើបអង្កេតបឋមរបស់ខ្លួនអំពីប្រព័ន្ធអនុគ្រោះពន្ធសម្រាប់កម្ពុជា និងទុកពេលឲ្យកម្ពុជា ០១ខែ ដើម្បីឆ្លើយតប មុននឹងសម្រេចថា ដក EBA ឬអត់ ពីកម្ពុជា នៅខែកុម្ភៈ ឆ្នាំក្រោយ។
នៅក្នុងសេចក្តីថ្លែងការណ៍ក្រសួងការបរទេស បាននិយាយថា រដ្ឋាភិបាលកម្ពុជាបានប្រគល់ជូនគណៈកម្មការអឺរ៉ុប នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នូវការឆ្លើយតបចុងក្រោយរបស់ខ្លួនចំពោះរបាយការណ៍របស់គណៈកម្មការអឺរ៉ុបអំពីការរកឃើញ និងសន្និដ្ឋានពាក់ព័ន្ធនឹងនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធជាបណ្តោះអាសន្ន។
សេចក្តីឆ្លើយតបចុងក្រោយនេះ យោងតាមក្រសួង គឺជារបាយការណ៍គ្រប់ជ្រុងជ្រោយអំពីសកម្មភាពនិងវិធានការនានា ដែលរដ្ឋាភិបាលបានអនុវត្តឆ្លើយតបទៅនឹងបញ្ហាទាំងឡាយ ដែលជាការព្រួយបារម្ភរបស់គណៈកម្មការអឺរ៉ុប ជាអាទិ៍រួមមាន ការគោរពសិទ្ធិក្នុងការចូលរួមនយោបាយ សិទ្ធិដីធ្លី សេរីភាពបញ្ចេញមតិ និងសេរីភាពបង្កើតសមាគម ជាដើម។
ក្រសួងការបរទេស បាននិយាយដូច្នេះថា «ក្នុងចន្លោះពេលដែលគណៈកម្មការអឺរ៉ុបចេញសេចក្តីសម្រេចចុងក្រោយរបស់ខ្លួន នៅខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ រាជរដ្ឋាភិបាលសង្ឃឹមថា គណៈកម្មការអឺរ៉ុបនឹងធ្វើការពិចារណាលើកិច្ចខិតខំប្រឹងប្រែងប្រកបដោយសុច្ឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តរាល់អនុសញ្ញាអន្តរជាតិទាំងអស់ ក្រោមលក្ខខណ្ឌអនុគ្រោះពន្ធ “គ្រប់មុខទំនិញលើកលែងសព្វាវុធ- EBA” ដែលអាចផ្តល់ផលប៉ះពាល់សង្គម ដល់កម្មការិនីប្រមាណជិត ១លាននាក់ និងផលប៉ះពាល់ដោយប្រយោលដល់ក្រុមគ្រួសារសាច់ញាតិ ដែលរស់នៅពឹងផ្អែកលើប្រាក់ឈ្នួលរបស់ពួកគេ រួមទាំងការគោរពនូវគោលការណ៍អធិបតេយ្យ និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា។»
សហគមន៍អឺរ៉ុប បានព្រមានកម្ពុជាថា នឹងដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាជាបណ្តោះអាសន្ន បន្ទាប់ពីមានការចោទប្រកាន់ថា មានការធ្លាក់ចុះខាងផ្នែកសិទ្ធិមនុស្ស និងនយោបាយ៕