របាយការណ៍ ដែលបង្ហាញដោយរដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា ឯកឧត្តម វេង សាខុន បានបង្ហាញនាពេលថ្មីៗនេះថា លទ្ធផលនៃការនាំចេញអង្កររបស់កម្ពុជា នៅ១០ខែដើមឆ្នាំនេះ នៅតែបង្ហាញពីតួលេខកំណើនពីរខ្ទង់ ពោលគឺ កើនឡើងដល់ទៅជាង១៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមបរិមាណអង្ករដែលកម្ពុជាបាននាំចេញជាង ៥៣ម៉ឺន ៦ពាន់តោននេះ ឃើញថា ប្រទេសចិន នៅតែជាទីផ្សារនាំចេញអង្ករដ៏ធំជាងគេបង្អស់របស់កម្ពុជាដដែល ដោយចិនបាននាំចូលអង្ករពីកម្ពុជាប្រមាណជាង ១៩ម៉ឺនតោន កើនឡើងជាង ៣៦% បន្ទាប់មក គឺសហភាពអឺរ៉ុបមាន ជាង ១៧ម៉ឺនតោន កើនឡើងជាង៣២% និងប្រទេសសមាជិកអាស៊ានមានជាង ៧ម៉ឺនតោន កើនជាង ១៣%។ ប្រមាណ ១០ខែ ដំបូងនេះដែរ កម្ពុជាក៏មានការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាមប្រមាណជាង ១លាន៤សែនតោនផងដែរ។
ស្របពេលដែលប្រទេសកម្ពុជាកំពុងមាននិន្នាការនាំចេញអង្ករស្ទុះកើនឡើង បើយើងក្រឡេកមកមើលប្រទេសក្បែរខាងរបស់កម្ពុជា ដែលជាអ្នកផលិតស្រូវអង្ករនាំចេញធំជាងគេនៅក្នុងតំបន់នោះ ឃើញថា កំពុងមាននិន្នាការនាំចេញធ្លាក់ចុះគួរឲ្យកត់សម្គាល់។ ពិសេសគឺប្រទេសថៃតែម្ដង ដែលធ្លាប់តែមានរិមាណនាំចេញអង្ករច្រើនជាងគេក្នុងតំបន់បាននិងកំពុងមាននិន្នាការនាំចេញធ្លាក់ចុះខ្លាំងនៅឆ្នាំ២០២០នេះ ដោយបរិមាណនាំចេញអង្កររបស់ថៃ អាចនឹងមានទាបជាងបិរមាណនាំចេញអង្កររបស់វៀតណាមទៅទៀត។
តួយ៉ាង សមាគមអ្នកនាំចេញអង្ករថៃ នាពេលថ្មីៗនេះ បានសម្រេចកែតម្រូវការប៉ាន់ប្រមាណការនាំចេញអង្កររបស់ថៃ នៅឆ្នាំ២០២០នេះ ថានឹងមានត្រឹមតែ ៥លានតោនប៉ុណ្ណោះ គឺជាបរិមាណនាំចេញទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល ២០ឆ្នាំមកនេះ ខណៈដែលការព្យាករពីមុនថា នឹងមាន ៦លាន ៥សែនតោន។
ដោយឡែក ប្រទេសវៀតណាម ដែលជាប្រទេសនាំចេញអង្ករធំបំផុតទី៣ក្នុងសកលលោកនោះ សម្រាប់ឆ្នាំ២០២០នេះ គឺបាននាំមុខថៃ ក្នុងការនាំចេញអង្ករ។ ជាក់ស្ដែង តាមតួលេខពីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានឲ្យដឹងថា នៅឆ្នាំ២០២០ ការនាំចេញអង្កររបស់ប្រទេសវៀតណាម នឹងសម្រេចបានដល់ ៦លាន៥សែនតោន ទៅ៦លាន ៧សែនតោន។
ដ្បិតតែបែបនេះក្ដី សម្រាប់រយៈពេល ១០ ខែដំបូងនៅឆ្នាំ២០២០នេះ ការនាំចេញអង្កររបស់វៀតណាម ត្រូវបានព្យាករថា នឹងមានត្រឹមតែជិត ៥លាន៣សែនតោនប៉ុណ្ណោះ គឺធ្លាក់ចុះ៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការធ្លាក់ចុះនៃការនាំចេញអង្កររបស់ប្រទេសក្បែរខាងរបស់កម្ពុជា ពិសេសគឺប្រទេសថៃនេះ ត្រូវបានអ្នកជំនាញអះអាងថា គឺបណ្ដាលមកពីបញ្ហាបំរែបំរួលអាកាសធាតុដូចជា ជួបគ្រោះរាំងស្ងួតអំឡុងពេលរដូវដាំដុះ និងវិបត្តិកូវីដ-១៩ ដែលបានធ្វើឲ្យតម្រូវការសកលលោកមានការចុះអន់ខ្សោយ។ អ្វីដែល គួរឲ្យចាប់អារម្មណ៍ទៀតនោះ គឺបញ្ហាគ្រោះទឹកជំនន់នាពេលថ្មីៗនេះ ក៏បានធ្វើឲ្យប៉ះពាល់ដល់ផលិតកម្មស្រូវអង្ករមួយចំនួនរបស់ប្រទេសទាំងនោះផងដែរ។
អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា លោក លន់ យ៉េង ធ្លាប់បានអះអាងថា បញ្ហាគ្រោះទឹកជំនន់ នឹងធ្វើឲ្យតម្រូវការស្រូវអង្ករមានការកើនឡើងជាងមុន ពិសេសខាងប្រទេសដែលធ្លាប់ទិញស្រូវអង្ករពីកម្ពុជា ដូចជាវៀតណាម និងថៃ ក៏អាចនឹងមានតម្រូវការស្រូវអង្ករកើនឡើងដែរ ដូច្នេះ លោក ជឿជាក់ថា តម្លៃស្រូវអង្ករអាចនឹងមានការងើបឡើងខ្ពស់ជាងមុន នៅក្រោយបញ្ហាគ្រោះទឹកជំនន់ត្រូវបានបញ្ចប់៕