បើមើលទៅលើរបាយការណ៍ឃើញថា ការនាំចេញអង្កររបស់កម្ពុជា ៤ខែ ឆ្នាំ២០១៧ មានប្រមាណជាង២១ម៉ឺនតោន ខណៈដែល៤ខែឆ្នាំនេះ មានប្រមាណតែជាង ១៩ម៉ឺនតោនប៉ុណ្ណោះ ពោលគឺមានការថយចុះប្រមាណជាង ២ម៉ឺនតោន។
ជាមួយគ្នានេះ បើគិតនៅក្នុងខែមេសា ឆ្នាំនេះ ការនាំចេញអង្ករតាមច្រកចេញចូលតែមួយ មានបរិមាណសរុបប្រមាណជាង ៣,៦ ម៉ឺនតោន មានការថយចុះជាង ២៦% ស្មើនឹងចំនួនអង្ករជាង ៩ពាន់តោន។បើតាមម្ចាស់ក្រុមហ៊ុនអ្នកនាំចេញអង្ករធ្លាប់បានលើកឡើងថា ការថយចុះនៃចំនួនការនាំអង្ករនៅប៉ុន្មានខែដើមឆ្នាំនេះ គឺដោយសារតែ ប៉ុន្មានខែនេះ ជារដូវដែលអង្ករក្រអូបមិនសូវជាសម្បូរនោះទេ ដូច្នេះធ្វើឲ្យការបញ្ជាទិញស្រូវពីកសិករមានចំនួនតិចតួច។ ទោះយ៉ាងណា បរិមាណនាំចេញអង្ករអាចនឹងងើបឡើងវិញ នៅពេលដែលរដូវប្រមូលផលធំ នឹងមកដល់នាពេលឆាប់ៗនេះ។
បើកយើងក្រឡេកទៅមើលទីផ្សារនាំចេញអង្ករចេញ នៅ៤ខែ ឆ្នាំ២០១៨នេះ ឃើញថា ចិននៅតែឈរលំដាប់លេខនាំមុខគេ ដែលបាននាំចូលអង្ករពីកម្ពុជា ជាង៥ម៉ឺនតោន បន្ទាប់មកបារាំងជាង ២ម៉ឺនតោន ប្រទេសម៉ាឡេស៊ីមានជាង ១ម៉ឺនតោន និងបណ្ដាប្រទេសផ្សេងៗជាច្រើនទៀត។
បើតាមឈ្មួញអ្នករកស៊ីនាំចេញអង្ករធ្លាប់បានលើកឡើងដែរថា បច្ចុប្បន្ន និងអនាគត ពួកគេបាននិងកំពុងតែយកចិត្តទុកដាក់ខ្លាំងទៅលើការនាំចេញទៅកាន់ទីផ្សារចិន ដែលជាទីផ្សារធំសម្រាប់កម្ពុជា និងបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ព្រោះប្រទេសទាំងអស់នេះ មានតម្រូវការទទួលទានអង្ករច្រើនជាងប្រទេសនៅបណ្ដាប្រទេសប៉ែកអឺរ៉ុប។
ដោយឡែក កាលពីពេលថ្មីនេះដែរ ឃ្លាំងស្តុកស្រូវ និងឡសម្ងួតថ្មីចំនួន៣ ដែលទទួលបានមូលនិធិពីធនាគារអភិវឌ្ឍន៍ជនបទ ប្រមាណ ១៥លានដុល្លារ ក៏នឹងសាងសង់ជិតរួចរាល់ទាំងស្រុងឆាប់ៗនេះដែរ ដើម្បីត្រៀមខ្លួនប្រមូលស្រូវទុក ហើយគេជឿជាក់ថា ឃ្លាំងស្ដុក និងឡសម្ងួតទាំង៣នេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយបង្កើនការនាំចេញអង្កររបស់កម្ពុជានៅឆ្នាំនេះ។
ឃ្លាំងស្ដុក និឡសម្ងួតស្រូវទាំង៣នេះ មានទីតាំងនៅខេត្តចំនួន៣ គឺកំពង់ធំ ព្រៃវែង និងតាកែវ ខណៈឃ្លាំងស្ដុកនីមួយៗ មានសមត្ថភាពស្ដុកស្រូវបាន ៥ម៉ឺនតោន និងសម្ងួតស្រូវបាន ១.៥០០តោន ក្នុងមួយថ្ងៃ។
សូមជម្រាបដែរថា ការនាំចេញអង្ករពេញ ១ឆ្នាំ២០១៧ នាពេលកន្លងទៅនេះ មានជាង ៦៣ម៉ឺនតោន ពោលគឺកើនឡើងជាង ១១ម៉ឺនតោន បើធៀបនឹងឆ្នាំ ២០១៦៕