តាមរបាយការណ៍បានបង្ហាញថា ការនាំចេញអង្កររបស់កម្ពុជា នៅរយៈពេល ៧ខែកន្លងមកនេះ មានជាង ២៩ម៉ឺនតោន ខណៈដែលកាលពីរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧ មានជាង ៣១ ម៉ឺនតោន ពោលគឺបានធ្លាក់ចុះជាង ៦%។
ឯកឧត្តម ហ៊ាន វណ្ណហន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានប្រសាសន៍ថា ការដែលបរិមាណអង្ករនាំចេញធ្លាក់ចុះនេះ ដោយសារតែខែនេះ កសិករទើបតែចាប់ផ្ដើមប្រមូលផលស្រូវស្រាលដើមរដូវ។ ណាមួយ ឈ្មួញនាំចេញអង្ករ មិនបានទិញអង្ករស្ដុកទុកច្រើនកាលពីដើមឆ្នាំ ដោយសារសមត្ថភាពឃ្លាំងស្ដុករបស់ពួកគេមានកំណត់ ដែលធ្វើឲ្យកសិករតាមព្រំដែនបានលក់ស្រូវរបស់ខ្លួនទៅឲ្យប្រទេសជិតខាង។ ទោះយ៉ាងណា ឯកឧត្តម បានគូសបញ្ជាក់ថា នៅចុងខែនេះ និងដើមខែក្រោយតទៅ បរិមាណអង្ករនឹងចាប់ផ្ដើមកើនឡើងវិញហើយ។
ឯកឧត្តម បានគូសបញ្ជាក់យ៉ាងដូច្នេះថា «អ្វីដែលយើងឃើញធ្លាក់ចុះតិចតួច មុនពេលប្រមូលផលស្រូវស្រាលដើមរដូវនេះ គឺយើងចង់បញ្ជាក់ថា រោងម៉ាស៊ីនកិនស្រូវ ឬក៏អ្នកនាំចេញហ្នឹង! អត់បានស្ដុកទុកគ្រប់គ្រាន់សម្រាប់ការនាំចេញ។ ដូចជាពេលនេះអ៊ីចឹង នៅពេលដែលស្រូវក្នុងជង្រុក ហេដ្ឋារចនាសម្ព័ន្ធនៃការសម្ងួត នៃការស្ដុកទុករបស់ម្ចាស់រោងម៉ាស៊ីន នៅមានសមត្ថភាពមានកំណត់ អ៊ីចឹងយើងអាចឃើញថា ការនាំចេញវាអាចថយចុះ ឬកើនឡើងទៅតាមរដូវប្រមូលផល»។
ជាមួយគ្នានេះ លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុននាំចេញអង្ករ Amru Rice បានលើកឡើងស្រដៀងគ្នានេះដែរថា បរិមាណនាំចេញអង្ករធ្លាក់ចុះបន្តិច នៅរយៈពេល ៧ខែនេះ គឺដោយសារតែ កាលពីប៉ុន្មានខែដើមឆ្នាំនេះ ការនាំចេញអង្ករស តាមផ្លូវការមានការធ្លាក់ចុះ ប៉ុន្ដែបែរជាបានកើនឡើងការនាំចេញក្រៅផ្លូវការវិញ។ ជាក់ស្ដែង កាលពីដើមឆ្នាំ អង្ករស ជាច្រើនត្រូវបានលក់ទៅប្រទេសវៀតណាម ខណៈដែលឈ្មួញពីវៀតណាមហ៊ានទិញក្នុងតម្លៃខ្ពស់។
លោកឧកញ៉ា សុង សារ៉ន បន្ថែមទៀតថា ប្រទេសចិន ដែលជាអ្នកបញ្ជាទិញ អង្ករសពីកម្ពុជាច្រើនជាងគេនោះ ក៏មានការបញ្ជាទិញតិចជាងមុនផងដែរ ដោយសារតែអង្ករស មិនសូវជាមានច្រើន ណាមួយតម្លៃក៏ថ្លៃ ដែលធ្វើឲ្យចិនពិបាកក្នុងការទិញពីកម្ពុជា។ ពិសេសជាងនេះទៀតនោះ គឺថ្មីៗនេះ ចិន ក៏ទើបតែបានចុះហត្ថលេខាជាមួយឥណ្ឌា ដែលអនុញ្ញាតឲ្យឥណ្ឌា អាចនាំអង្ករទៅចិន ដូចកម្ពុជាដែរ ខណៈដែលតម្លៃអង្ករស របស់ឥណ្ឌា មានតម្លៃធូរថ្លៃជាងអង្ករកម្ពុជា។ ដូច្នេះ អង្ករសកម្ពុជា កំពុងប្រឈមនឹងការប្រកួតប្រជែងកាន់តែខ្លាំងជាងមុន។
យ៉ាងណាក៏ដោយចុះ អគ្គនាយកក្រុមហ៊ុននាំចេញអង្ករធំមួយនេះ បានព្យាករទុកថា បរិមាណនាំចេញអង្ករនៅ៥ខែចុងក្រោយក្នុងឆ្នាំនេះ នឹងមានកំណើនឡើងវិញព្រោះរដូវប្រមូលផលស្រូវធំនឹងផ្ដើមឡើងនៅខែក្រោយនេះ តទៅហើយ។ លោកបន្ថែមថា នៅឆ្នាំ២០១៨ នេះ ការនាំចេញអង្កររបស់កម្ពុជានឹងនៅតែមានកំណើនលូតលាស់ បើធៀបនឹងឆ្នាំ២០១៧។
ទោះជាយ៉ាងនេះក្ដី លោកឧកញ៉ា វ័យក្មេង និងកំពុងជោគជ័យក្នុងជំនួញស្រូវអង្កររូបនេះ បានឲ្យដឹងថា សម្រាប់ក្រុមហ៊ុនលោកនៅ៧ខែកន្លងមកនេះ គឺមិនមានការនាំចេញធ្លាក់ចុះនោះឡើយ ពោលគឺនៅតែរក្សាបាននូវកំណើនតិចតួច ដោយបាននាំចេញប្រមាណ ២ម៉ឺនតោន។ លោកឧកញ៉ា សុង សារ៉ន បានបង្ហាបថា បានជាការនាំចេញអង្កររបស់ក្រុមហ៊ុន Amru Rice មិនមានការថយចុះយ៉ាងដូច្នេះ គឺដោយសារតែក្រុមហ៊ុនលោក ផ្ដោតលើការនាំចេញអង្ករក្រអូប មានគុណភាពខ្ពស់ និងបាននាំចេញទៅកាន់ទីផ្សារសំខាន់ៗជាច្រើន។
លោកឧកញ៉ា សុង សារ៉ន បានគូសបញ្ជាក់ទៀតថា កម្ពុជាគួរតែធ្វើពិពិធកម្មទីផ្សារអង្ករ សម្រាប់ថ្ងៃអនាគត ពោលគឺជំរុញឲ្យមានការដាំដុះអង្ករក្រអូបឲ្យបានច្រើន ប្រមាណ ៧០% និងការដាំដុះអង្ករស អាចឲ្យនៅសល់តែប្រមាណ ៣០% គឺជាការល្អប្រសើរហើយ ព្រោះបច្ចុប្បន្ន អង្ករសកម្ពុជាកំពុងមានការប្រកួតប្រជែងជាមួយប្រទេសជិតខាងយ៉ាងខ្លាំង។
ជុំវិញនឹងការនាំចេញអង្ករនេះដែរ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន ក៏ធ្លាប់បានអះអាងដែរថា រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម បាននិងកំពុងស្នើទៅរដ្ឋាភិបាលចិនបន្ថែមកូតានាំចេញអង្ករទៅចិនឲ្យបានដល់ ៤០ម៉ឺនតោន សម្រាប់ឆ្នាំ ២០១៩ខាងមុខនេះ។
យ៉ាងណាក៏ដោយចុះ ឯកឧត្តម ហ៊ាន វណ្ណ បានគូសបញ្ជាក់ថា ការគ្រប់គ្រងលើការនាំចេញ និងនាំចូលនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ កំពុងមានស្ថានភាពតឹងតែងខ្លាំង ដោយពាក់ព័ន្ធទៅនឹងការបើកឡើងនូវរបាំងអនាម័យ និងភូតគាមអនាម័យជាដើម។
សូមជម្រាបថា តាមរបាយការណ៍ពីលេខាធិការដ្ឋានច្រកចេញចូលតែមួយ បានឲ្យដឹងថា នៅ៧ខែ ឆ្នាំនេះ ការនាំចេញអង្ករក្រអូបសម្រេចបាន ជាង ២១ម៉ឺនតោន មានស្មើនឹង ៧៣% នៃការនាំចេញអង្ករសរុប ខណៈដែល ២០% ទៀត ជាការនាំចេញអង្ករស ពោលគឺមានប្រមាណជាង ៥៩ពាន់តោន និងប្រមាណជាង ១៩ពាន់តោន ឬស្មើនឹងជាង ៦% ទៀត គឺជាការនាំចេញអង្ករចំហុយ។
ទីផ្សារនាំចេញអង្ករសំខាន់ៗរបស់កម្ពុជាមានដូចជា ប្រទេសចិន ប្រទេសប៉ែកអឺរ៉ុប ប្រទេសក្នុងតំបន់អាស៊ាន និងបណ្ដាប្រទេសផ្សេងៗទៀត៕