ការនាំចេញអង្ករកម្ពុជានៅត្រីមាសទី៣ក្នុងឆ្នាំ២០២១ សម្រេចបានជាង១៣ម៉ឺនតោន ដោយមានតម្លៃជាង៨១លានដុល្លារអាមេរិក កើនឡើងបរិមាណនាំចេញជិត៤៣% បើធៀបនឹងត្រីមាសទី៣កាលពីឆ្នាំ២០២០ ដែលសម្រេចបានជាង៩ម៉ឺន១ពាន់តោនតែប៉ុណ្ណោះ។ ក្នុងនោះ ការចេញទៅទីផ្សារប្រទេសចិន តំបន់ស្វយ័តរដ្ឋបាលហុងកុង និងម៉ាកាវសម្រេចបានជិត៥០%ឯណោះ ខណៈការនាំចេញទៅទីផ្សារប្រទេសបណ្តាសហគមន៍អឺរ៉ុប រួមទាំងអង់គ្លេសសម្រេចបានជិត២៧%, ទីផ្សារប្រទេសក្នុងតំបន់អាស៊ាន១០% និងគោលដៅ២២ផ្សេងទៀតសម្រេចបានជាង១៣%។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។
លោក លន់ យ៉េង អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា កត្តាដែលធ្វើឲ្យការនាំចេញអង្ករកម្ពុជានៅត្រីមាសទី៣ឆ្នាំ២០២១ នៅតែរក្សាបាននូវកំណើន គឺបន្ទាប់ពីមានការបង្កើនការបញ្ជាទិញពីប្រទេសចិន ដែលជាទីផ្សារអង្ករធំជាងគេរបស់កម្ពុជា គួបផ្សំការកើនឡើងតម្រូវការអង្ករកម្ពុជានៅមួយរយៈពេលចុងក្រោយ។ លោក លន់ យ៉េង កត់សម្គាល់ឃើញថា បើទោះបីវិបត្តិកូវីដ-១៩ បានធ្វើឲ្យតម្លៃដឹកជញ្ជូនឡើងថ្លៃ និងកង្វះទូកុងតឺន័រ តែអង្ករកម្ពុជានៅតែមានការបញ្ជាទិញ និងនាំចេញជាបន្តបន្ទាប់។
អ្នកជំនាញក្នុងវិស័យស្រូវអង្កររូបនេះបានសង្កេតឃើញថាខ្សែចង្វាក់ផលិតកម្មផលិត និងការផ្គត់ផ្គង់ទំនិញរបស់កម្ពុជានៅតែដំណើរយ៉ាងរលូន ទោះបីមានការរាំងស្ទះមួយចំនួនពាក់ព័ន្ធការនាំចេញក៏ដោយ។
របាយការណ៍ពីក្រសួងកសិកម្មកម្ពុជាបង្ហាញថា បើទោះបីជា នៅត្រីមាសទី៣ ឆ្នាំ២០២១ ការនាំចេញអង្ករមានការស្ទុះងើបឡើងវិញច្រើនក៏ពិតមែន ប៉ុន្ដែបើមើលទៅលើតួលេខសរុបរយៈពេល ៩ខែក្នុងឆ្នាំ២០២១វិញ បង្ហាញថា ការនាំចេញអង្កររបស់កម្ពុជាសម្រេចបានជាង ៤១ម៉ឺនតោន ថយចុះជិត១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដែលសម្រេចបានជិត៤៩ម៉ឺនតោន៕