កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

គម្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ យឺតយ៉ាវ ដោយសារកូវីដ-១៩


គម្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េខាងត្បូង ដែលគ្រោងធ្វើឡើងនៅខែមិថុនា ពោលគឺនៅពាក់កណ្ដាលឆ្នាំ២០២១នេះ ត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មអះអាងថា កំពុងមានភាពយឺតយ៉ាវការងារមួយចំនួន ដោយសារតែបញ្ហាកូវីដ-១៩ រាតត្បាត។ ទោះយ៉ាងណា មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម គូសបញ្ជាក់ថា ក្រសួងនៅតែបន្ដកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ឲ្យបានក្នុងពេលឆាប់ៗ បើទោះបីជាវាយឺតយ៉ាវជាងផែនការបន្ដិចក៏ដោយចុះ។
សម្តេច ហ៊ុនសែន (ឆ្វេង) នាយករដ្ឋមន្ត្រីកម្ពុជា និង លោក លោក មូន ជេអ៊ីន (ស្តាំ) ប្រធានាធិបតីកូរ៉េខាងត្បូង
ដោយ

ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈដែលបានអូសបន្លាយជាង៣ខែកន្លងមកនេះមិនបានរារាំងអ្វីជាធំដុំ ដល់ដំណើរនៃការរៀបចំបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជាកូរ៉េនោះទេ។ ប៉ុន្តែ វាគ្រាន់តែបានបង្កឲ្យមានភាពយឺតយ៉ាងជាងផែនការ ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះតែប៉ុណ្ណោះ ខណៈដែលកន្លងមកខាងក្រសួងពាណិជ្ជកម្មធ្លាប់បានលើកឡើងថា ភាគីកម្ពុជា និងកូរ៉េខាងត្បូងគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នៅពាក់កណ្ដាលឆ្នាំ២០២១នេះ។

ទោះជាបែបនេះក្ដី បើតាមឯកឧត្តម ស៊ាង ថៃ ក្រសួងពាណិជ្ជកម្មនៅតែកំពុងបន្ដរៀបចំនីតិវិធីផ្ទៃក្នុង ដើម្បីស្នើសុំសិទ្ធិពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុញ្ញាតឲ្យឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចុះហត្ថលេខាធិការលើកិច្ចព្រមព្រៀងខាងលើ រួមជាមួយនឹងភាគីកូរ៉េខាងត្បូង។ 

ឯកឧត្តម ស៊ាង ថៃ បានបញ្ជាក់យ៉ាងដូច្នេះថា៖«ភាគីទាំងពីរ នឹងរកពេលវេលាសមស្រប ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ។ ជាការពិត ការរាតត្បាតនៃជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់ខ្លះដែរ តែមិនអាចរារាំងដំណើរការនៃការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាកូរ៉េបានទេ គ្រាន់តែយឺតជាងផែនការបន្តិច»។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ បានចាប់ផ្តើមបើកកិច្ចចរចាកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់មកនៅថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០២១ភាគីទាំងពីរបានសម្រេចចុះហត្ថលេខាបិទបញ្ចប់កិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េជាផ្លូវការ ក្រោមវត្តមានឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកស្រី Yoo Myung-hee រដ្ឋមន្ត្រីក្រសួងពាណីជ្ជកម្មកូរ៉េខាងត្បូង នៅក្នុងកិច្ចប្រជុំ ដែលធ្វើឡើងតាមវីដេអូអនឡាញ។

របាយការណ៍ពីក្រសួងពាណិជ្ជកម្មបង្ហាញថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូងនៅ៤ខែ ឆ្នាំ២០២១ សម្រេចបានជាង២៣២លានដុល្លារ ធ្លាក់ចុះជាង៧% ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅកូរ៉េមានជាង៦៣លានដុល្លារ ធ្លាក់ចុះជាង៣% ខណៈដែលកូរ៉េនាំចូលមកកម្ពុជាវិញមានប្រមាណ ១៧០លានដុល្លារ ធ្លាក់ចុះប្រមាណ៩%៕

None



អត្ថបទបន្ទាប់


អ្នកជំនាញកសិកម្ម៖ ពលរដ្ឋគួរជៀសវាងយកដីមានជីជាតិទៅដាំដំណាំស្វាយចន្ទី

អ្នកជំនាញក្នុងវិស័យកសិកម្មសង្កេតឃើញថា ចលនាដាំដំណាំស្វាយចន្ទីរបស់ពលរដ្ឋកម្ពុជានៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការកើនឡើងគួរឲ្យកត់ស…

ស្ថាប័នអន្តរជាតិធំៗបន្ដទទូចឲ្យប្រទេសមានវ៉ាក់សាំងកូវីដ-១៩ច្រើន ជួយចែកឲ្យប្រទេសកំពុងអភិវឌ្ឍន៍

ធនាគារពិភពលោក និងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF នាពេលថ្មីៗនេះ បានចេញមុខអំពាវនាវចំពោះក្រុមប្រទេសអ្នកមាន ដែលគេរំពឹងថានឹងទទួលបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ