ថ្លែងនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ក្នុងពីធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់ សម្រាប់កិច្ចសហប្រតិបត្តិការ ដាក់ឲ្យប្រើថ្នាលផ្ទៀងផ្ទាត់ ឯកសារ verfy.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណេត រវាងក្រសួងប្រៃសណីយ៍ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានគូសបញ្ជាក់ថា គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ បានចំណាយថវិកាប្រមាណ ៥០ម៉ឺនដុល្លារ ដើម្បីបំពាក់សេវាអ៊ីនធើណេតសាធារណៈ ដោយឥតគិតថ្លៃ។
ឯកឧត្តមបានបញ្ជាក់ថា ទីតាំងសំខាន់ ២កន្លែងដែលមានបំពាក់ WIFI ទាំងនោះ គឺ នៅពហុកីឡដ្ឋានជាតិមរតកតេជោ និង នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ដោយឡែក សម្រាប់ការផ្សាយព្រឹត្តិការណ៍ស៊ីហ្គេមចេញទៅខាងក្រៅប្រទេសវិញ ត្រូវបានរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ ធានាអះអាងថា នឹងមិនមានបញ្ហាអ្វីនោះទេ ដោយសារក្រសួងប្រៃសណីយ៍ បានចរន្ដខ្សែកាបមួយចំនួនរបស់ក្រុមហ៊ុនឯកជន និងរដ្ឋ បានចូលតទៅពហុកីឡដ្ឋានជាតិទាំង២នេះ នូវសមត្ថភាពបញ្ចូលខ្សែអ៊ីនធឺណែត និងបង្គោលអង់តែន នៅទីនោះ។
យ៉ងណាក៏ដោយ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានត្រៀមកញ្ចប់ថវិកាជិត ១២០លានដុល្លារ សម្រាប់ចំណាយលើការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម ចាប់ផ្តើមពី ថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣។ ដោយឡែក អាស៊ានប៉ារ៉ាហ្គេម នឹងចាប់ផ្តើមពី ថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣។ ក្រុមអ្នកជំនាញធ្លាប់បានបង្ហាញគំនិតសុទិដ្ឋិនិយមខ្ពស់ចំពោះការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក្នុងការរួមចំណែកជួយស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាជួយផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ សាសនា និងរួមចំណែកជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាឲ្យកាន់តែប្រសើរថែមមួយកម្រិតទៀត៕