
តាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងទៀតថា ចំពោះប្រភពចំណូលថ្នាក់ជាតិ ៤ខែឆ្នាំនេះ ដែលមានប្រមាណ ២ពាន់លានដុល្លារអាមេរិកនោះ គឺស្មើនឹង ជិត ៣៤% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២០ ដោយចំណូលទាំងនេះ បានមកពីប្រភពចំណូលពន្ធប្រមាណជិត ៨៥% ឬស្មើនឹងប្រមាណ ១.៧០០លានដុល្លារ ចំណូលផ្សេងៗប្រមាណ ជាង ១១% និងចំណូលពីអំណោយមានប្រមាណជិត ៤%។
ដោយឡែក ចំពោះការចំណាយរដ្ឋបាលថ្នាក់ជាតិសរុប នៅ៤ខែដំបូងឆ្នាំនេះ ដែលមាន ជាង ១.៧០០ លានដុល្លារអាមេរិកនោះ គឺស្មើនឹង ជាង ២៥% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២០ គឺត្រូវបានចំណាយទៅលើបន្ទុកបុគ្គលិក (ប្រាក់ខែមន្ត្រីរាជការ), ចំណាយលើទំនិញ និងសេវាកម្ម ចំណាយការប្រាក់ ការឧបត្ថម្ភធន អំណោយ ការឧបត្ថម្ភផ្នែកសង្គមកិច្ច និងចំណាយផ្សេងៗ។
ផ្អែកតាមការសន្និដ្ឋានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈទិន្នន័យរយៈពេល ៤ខែ ខាងលើនេះ ការអនុវត្តចំណូលថវិការដ្ឋបាលថ្នាក់ជាតិ នៅតែទទួលបានលទ្ធផលល្អ កើនជាង ១០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ស្របពេលដែលការចំណាយសរុបមានសន្ទុះគួរឲ្យកត់សម្គាល់ ដែលបានកើនឡើងដល់ទៅជាង ៣១%។
ទោះជាបែបនេះក្ដី ក្រសួងសេដ្ឋកិច្ចអះអាងថា ការផ្ទុះឡើងនៃជំងឺរលាកផ្លូវដង្ហើមកូវីដ-១៩ នឹងផ្ដល់ផលប៉ះពាល់ដល់ការអនុវត្តថវិការបស់រដ្ឋបាលថ្នាក់ជាតិក្នុងឆ្នាំ២០២០នេះ៕