បើតាមរបាយការណ៍ ចំណូលពន្ធដារ នៅឆ្នាំ២០១៨ កន្លងទៅ មានលើសឆ្នាំ ២០១៧ ប្រមាណ ២៦០ លានដុល្លារអាមេរិក។ ដោយឡែក បើពិនិត្យទៅមើលនៅក្នុងខែធ្នូ ឆ្នាំ២០១៨ ឃើញថា អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបាន ជាង ១៤០ លានដុល្លារអាមេរិក ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧ មានការកើនឡើងជាង ២៨%។
បើតាមអគ្គនាយកដ្ឋានពន្ធដារ នៅរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ ចំណូលពន្ធដារ បានកើនឡើងក្នុងរង្វង់ ២០% ក្នុងមួយឆ្នាំ។
បើតាមអ្នកជំនាញផ្នែកវិនិយោគ និង ធុរជនធំៗនៅកម្ពុជា បានអះអាងថា វិស័យពន្ធដារនៅកម្ពុជា កំពុងដើរលើផ្លូវដ៏ត្រឹមត្រូវមួយ ឆ្ពោះទៅរកភាពជោគជ័យ ប៉ុន្តែ ក៏នៅមានកិច្ចការជាច្រើនទៀត ដែលអ្នកវិនិយោគក្ដី និងអ្នកជំនាញក្ដី ចង់ឲ្យរដ្ឋាភិបាលធ្វើបន្ថែមទៀត ទាក់ទងនឹងវិស័យពន្ធដារនេះ។
លោកឧកញ៉ា សៀ ឫទ្ធី ជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន WorldBridge Group ដែលជាក្រុមហ៊ុនក្នុងស្រុក រកស៊ីពហុវិស័យ ដ៏លេចធ្លោមួយ នៅកម្ពុជា បានកត់សម្គាល់ឃើញថា ប្រព័ន្ធពន្ធដារ និងការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារនៅកម្ពុជា ៥ឆ្នាំចុងក្រោយហាក់បីដូចជាមានភាពកាន់តែល្អប្រសើរជាងមុន។
ជាការចូលរួមចំណែកបង្កើនចំណូលពន្ធនេះដែរ ខាងវិស័យឯកជន លោក ឧកញ៉ា លី ហួរ អគ្គនាយក ក្រុមហ៊ុន លីហួរ គ្រុប បានឲ្យដឹងថា ពីមួយឆ្នាំទៅមួយឆ្នាំ ក្រុមហ៊ុនលីហួរបានចូលរួមចំណែក ក្នុងការបង់ពន្ធជូនរដ្ឋកើនឡើងជាបន្តបន្ទាប់ ពិសេសគឺវិស័យសំណង់ និងរួមទាំងបុគ្គលិកផងដែរ ក៏បានចូលរួមចំណែកបង់ពន្ធជូនរដ្ឋដូចៗគ្នា។
លោកឧកញ៉ា បន្ថែមថា ការចូលរួមបង់ពន្ធជូនរដ្ឋកាន់តែច្រើនពីវិស័យឯកជននេះ នឹងជួយទៅដល់ការអភិវឌ្ឍប្រទេសកាន់តែរីកចម្រើន តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សង្គម សេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាពលរដ្ឋប្រសើរជាងមុន។
លោកឧកញ៉ាបានឲ្យដឹងទៀតថា នៅក្នុងរយៈពេល៥ឆ្នាំ ចុងក្រោយនេះ វិស័យពន្ធដារមានការអភិវឌ្ឍ ខ្លាំងដោយបានកែទម្រង់របៀបនៃការបង់ពន្ធមិនមានភាពស្មុគស្មាញ បង្កលក្ខណៈងាយដល់អ្នកវិនិយោគ។
ចំពោះលទ្ធផលនៃការប្រមូលពន្ធនេះដែរ ឯកឧត្តម បណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែង កោតសរសើរចំពោះសមិទ្ធផលសម្រេចបានរបស់អគ្គនាយកដ្ឋានពន្ធដារ នៅឆ្នាំ២០១៨ កន្លងទៅ និងក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។
សម្រាប់ឆ្នាំ ២០១៩នេះដែរ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ ក្នុងការអនុវត្តការប្រមូលចំណូលពន្ធ និងឈានទៅសម្រេចឲ្យបានលើផែនការ ជាអតិបរមានោះ ឯកឧត្តមអូន ព័ន្ធមុនីរ័ត្ន ក៏បានគាំទ្រ អគ្គនាយកដ្ឋានពន្ធឲ្យបន្តបេសកកម្មរបស់ខ្លួន ឲ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត៕