ការដឹកជញ្ជុន

ការដឹកជញ្ជូនទំនិញតាមព្រំដែនកម្ពុជា-ថៃ រងផលប៉ះពាល់តិចតួច ពីការផ្ទុះករណីឆ្លងកូវីដ-១៩ ខ្លាំងនៅប្រទេសថៃ


អ្នកជំនួញ និងអ្នកជំនាញនៅក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទិកកម្ពុជា បានអះអាងថា ក្រោយពីមានការផ្ទុះឡើងនូវករណីឆ្លងកូវីដ-១៩ខ្លាំង នៅខេត្តសមុទ្រសាខន ប្រទេសថៃ នាប៉ុន្មានថ្ងៃមកនេះ វាក៏បានធ្វើឲ្យការដឹកជញ្ជូនតាមច្រកព្រំដែនរវាងកម្ពុជានិងថៃ រងផលប៉ះពាល់តិចតួចដែរ ដោយសារតែប្រទេសថៃ បានបិទតំបន់មួយចំនួននៅក្នុងខេត្តជាប់ៗនោះ ខណៈដែលករណីឆ្លងថ្មីដែលរកឃើញនៅក្នុងខេត្តសាមុទ្រសាខន បានហក់កើនឡើងដល់ជាង ៨០០ ករណីហើយ គិតត្រឹមថ្ងៃទី ២១ ធ្នូម្សិលមិញនេះ។
ច្រក​ព្រំដែនអន្តរជាតិប៉ោយប៉ែត-អារញ្ញ​ប្រាថេត រវាង​ប្រទេសកម្ពុជា និង​ប្រទេសថៃ។ រូបថត កាសែតបាងកកប៉ុស្តិ៍
ដោយ

លោក ស៊ិន ចន្ធី ប្រធានសមាគម​ភ័ស្ដុភារកម្ម​កម្ពុជា បាន​លើកឡើងថា ការដឹកជញ្ជូន​តាម​ច្រក​ព្រំដែន​កម្ពុជា​-ថៃ នៅប៉ុន្មានថ្ងៃមកនេះ ពោលគឺ​ក្រោយពី​ប្រទេស​ថៃ​មានការ​ផ្ទុះ​ករណីឆ្លង​កូវីដ-១៩ខ្លាំង​នៅខេត្ត​សមុទ្រ​សាខន​នោះ វាគឺបាន​ធ្វើឲ្យប៉ះពាល់​ដល់​ការដឹកជញ្ជូន​របស់​កម្ពុជា​ជាមួយ​នឹង​ប្រទេស​ថៃខ្លះដែរ​ ប៉ុន្ដែ ទំហំ​ប៉ះពាល់នោះ គឺមាន​ប្រមាណ​ក្រោម​១០%​ប៉ុណ្ណោះ នៃទំហំ​​ការ​ដឹកជញ្ជូន​តាម​ច្រកព្រំដែន​​ថៃ​សរុប។ លោកស៊ិន ចន្ធី គូសបញ្ជាក់ថា នៅខេត្ត​​សមុទ្រ​សាខននេះ ក៏មាន​រោងចក្រ​ផលិត​មួយចំនួន ផលិត​ទំនិញ​សម្រាប់​នាំចេញ​មក​កម្ពុជា​ដែរ ដោយដឹក​ឆ្លង​មកតាម​​ខេត្ត​រ៉ាក់យ៉ង​ ឆ្ពោះមកកាន់​ព្រំដែន​កម្ពុជា ប៉ុន្ដែ ដោយសារតែ​មាន​ផ្ទុះការរាលដាលឆ្លង​កូវីដ-១៩ ខ្លាំង មុខទំនិញ​ទាំងនោះ មិនអាច​ដឹកមក​បាន​ទេ​នៅប៉ុន្មានថ្ងៃនេះ។ ទំនិញ ដែល​កម្ពុជា​ពី​ប្រទេស​ថៃទាំងនោះ រួមមាន​ដូចជា ទំនិញ​ចំណីអាហារ, គ្រឿងសំណង់ និង​សម្ភារប្រើប្រាស់​​ក្នុងផ្ទះ​ជាដើម។

ក្រោយពីមាន​ការ​ផ្ទុះរាលដាល​ឆ្លង​ខ្លាំង​នៅខេត្ត​សាមុទ្រ​សាខន​ប្រទេសថៃ ក្រសួងការងារ និងបណ្ដុះបណ្ដា​ល​វិជ្ជាជីរៈកម្ពុជា នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២០ ក៏បានជូនដំណឹង​ទៅកាន់​ពលករ​ដែលកំពុង​ស្នាក់នៅ និងធ្វើការ​នៅក្នុងប្រទេសថៃ ឲ្យមានការការពារ​សុខភាព សុវត្ថិភាព និងជីវភាព​រស់នៅរ​របស់ពួកគេផងដែរ។ បន្ថែមពីនេះ ក្រសួងការងារ ក៏បានឲ្យទីភ្នាក់ងារ​ជ្រើសរើស​ឯកជន និងមន្ត្រីពាក់ព័ន្ធ​ ត្រូវ​​ផ្អាក​ការបញ្ជូន​ពលករ MOU និងពលករ​តាម​រដូវកាល​ទៅកាន់ប្រទេសថៃ​ជាបណ្ដោះ​អាសន្នសិន ដោយរង់ចាំមើល​ការជូនដំណឹង​ជាថ្មីទៀត។

តាមការព្យាករ​របស់​សភា​ពាណិជ្ជកម្មថៃ ការបិទទ្វារ​ខេត្តសមុទ្រសាខន ប្រទេសថៃ ក្រោយពីមានការផ្ទុះឡើងនូវ ករណី​ឆ្លងមេរោគកូវីដ១៩ជាច្រើនករណីនោះ អាចនឹងធ្វើឲ្យ ខេត្តនេះ ខាតបង់ទឹកប្រាក់ប្រមាណ ៣៣លាន​ដុល្លារ​អាមេរិក ក្នុងមួយថ្ងៃ ដែលប៉ះពាល់ដល់ វិស័យនាំចេញគ្រឿងសមុទ្រ និងជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងតំបន់នោះផងដែរ។

តាមបណ្ដាញសារព័ត៌មាន​ក្នុងស្រុក​ថៃ បាន​ផ្សាយថា គិតត្រឹម​ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២០ ប្រទេសថៃ បានរកឃើញករណីឆ្លងថ្មី ​សរុប​ជាង​៨០០ ករណី ដែលមានជាប់ពាក់​នឹង​ផ្សារ​លក់​គ្រឿងសមុទ្រ​នៅក្នុង​ខេត្ត​សាមុទ្រ​សាខន ហើយ​ចំនួន​អ្នកឆ្លង​ត្រូវបាន​គេរំពឹងថា នឹងកើនឡើង​ថែមទៀត ខណៈដែល​អ្នកដែល​បាន​ធ្វើតេស្ដ​សរុប​ ដែលជាប់ទាក់ទង​នឹង​ករណីឆ្លង​ថ្មីនេះ មានដល់ទៅជាង ១ម៉ឺននាក់ហើយ។

នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រយុទ្ធ​ ចាន់ អូចារ កាលពីថ្ងៃចន្ទ ទី ២១ ខែធ្នូ បាន​ចាត់​ឲ្យ​ក្រសួង​សុខាភិបាល​ត្រៀម​រៀបចំ ការចាក់​សោរ​បិទជាថ្មីទៀត នៅក្នុងករណីដែល​ករណីឆ្លង​មិនអាច​គ្រប់គ្រងបាន។ ទោះយ៉ាងណា លោកនាយក​រដ្ឋមន្ត្រីថៃ ក៏បាន​អំពាវនាវ​​ឲ្យពលរដ្ឋ ទាំងអស់​សហការគ្នា ដើម្បីគ្រប់គ្រង​ការ​ឆ្លង​រីករាលដាល​ និង​បញ្ជៀស​ការ​ចាក់សោរបិទ​ ដែល​កំពុងត្រូវបាន​​ត្រៀម​នេះ។

លោក​ ប្រយុទ្ធ បន្ថែមថា ស្ថានភាព​អាចនឹង​កាន់តែច្បាស់​នៅក្នុងរយៈពេល ៧ថ្ងៃ ដែលជា​ចំណុច​ដែលត្រូវសម្រេចចិត្ត​ថា ពិធីប្រារព្ធ​ថ្ងៃចូលឆ្នាំសកល នឹងត្រូវធ្វើ​ ឬក៏អត់នោះ ហើយ​ការ​ប្រារព្ធ​ទិវា​កុមារ ៩មករា ក៏ត្រូវរងចាំមើល​​ដូចគ្នាដែរ។​

យ៉ាងណាក៏ដោយចុះ រដ្ឋមន្ត្រី​ក្រសួង​​ហិរញ្ញវត្ថុថៃ លោក អាខុម ថើម ពីតតាយ៉ា ផៃសីត បាន​និយាយ​នៅថ្ងៃ ទី ២១ ធ្នូ ឆ្នាំ២០២០ថា ប្រទេសថៃ នៅតែមាន​កញ្ចប់ថវិកា​ពេញលេញ​​ក្នុងការ​គ្រប់គ្រង​ការផ្ទុះរាលដាល​នៃមេរោគ​ឆ្លង​កូវីដ-១៩។ លោកបន្ថែមថា រាជរដ្ឋាភិបាល​ថៃ នៅតែមាន​ថវិកា​រាប់ពាន់លាន​ដុល្លារអាមេរិក ដែលនៅសល់​ពី​​ការ​ខ្ចី​ជាង ៣៣ ពាន់លាន​ដុល្លារ ក្រោម​អនុក្រឹត្យ​​ក្នុងគ្រាអាសន្ន ដើម្បី​ប្រើប្រាស់​ប្រយុទ្ធ​ប្រឆាំង​នឹង​វិបត្តិនេះ៕ 

None



អត្ថបទបន្ទាប់


​វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer/BioNTech ដឹក​​​មក​ដល់​សិង្ហបុរី​ហើយ

នៅយប់ថ្ងៃចន្ទ ទី២១ ខែធ្នូនេះ យន្តហោះដឹក​វ៉ាក់សាំង​កូវីដ-១៩ ពី​ក្រុមហ៊ុន Pfizer/BioNTech ​បាន​មកដល់​សិង្ហ​បុរីហើយ ធ្វើ​ឲ្យ​សិង្ហ​បុរី​…

កញ្ចប់ជាង១ទ្រីលានដុល្លារ ត្រូវបានគណៈរដ្ឋមន្ត្រីជប៉ុនអនុម័ត សម្រាប់ឆ្នាំសារពើពន្ធ ២០២១

គណៈរដ្ឋមន្ត្រីជប៉ុន នៅថ្ងៃចន្ទ ទី២១ ខែធ្នូ បានអនុម័តលើសេចក្ដីព្រាងកញ្ចប់ថវិកាចំនួន ជាង១ទ្រីលានដុល្លារអាមេរិក សម្រាប់សារពើពន្ធឆ្នាំ២០២១ ខណៈ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ