ច្រកព្រំដែនអន្តរជាតិថ្មីដែលនឹងដាក់ឲ្យដំណើរការឆាប់ៗនេះ គឺច្រកអន្តរជាតិភ្នំដីស្ថិតនៅក្នុងខេត្តបាត់ដំបង។
លោក Jirawuth Suwanna-arj អគ្គទីប្រឹក្សាពាណិជ្ជកម្មនៅស្ថានរាជទូតថៃប្រចាំកម្ពុជាថ្លែងបញ្ជាក់ នៅក្នុងសន្និសីទកាសែតស្តីពីការរៀបចំពិព័រណ៍រថយន្តកាលពីពេលថ្មីៗនេះ ថា ការបើកច្រកថ្មីនេះនឹងធ្វើឲ្យការនាំចេញនាំចូលរវាងប្រទេសទាំងពីរកាន់តែងាយស្រួល ពិសេស គឺកសិផលនៅក្នុងវិស័យកសិកម្មកម្ពុជាអាចនឹងបញ្ចេញទៅប្រទេសថៃច្រើនជាងមុន ខណៈដែលការនាំចូលផលិតផលគ្រឿងឧបភោគបរិភោគពីប្រទេសថៃមកកាន់កម្ពុជា ក៏នឹងមានកំណើនជាងមុនផងដែរ។
សូមជម្រាបថា ច្រកព្រំដែនអន្តរជាតិរវាងកម្ពុជា ឡាវ ថៃ និងវៀតណាម មានសរុបជាង ១០ច្រកហើយ ហើយការដាក់ឲ្យដំណើរការនៃច្រកអន្តរជាតិនៅតាមព្រំដែនគឺជាការជំរុញការធ្វើពាណិជ្ជកម្ម ដោយនឹងបង្កើនការនាំចេញនាំចូលប្រកបដោយប្រសិទ្ធភាពខ្ពស់។
យោងតាមស្ថានទូតថៃប្រចាំនៅកម្ពុជា ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងថៃ ឆ្នាំ២០១៧ សម្រេចបានប្រមាណ ៦ពាន់លានដុល្លារ ក្នុងនោះ កម្ពុជានាំទៅថៃមានជាង ៩០០លានដុល្លារអាមេរិក ខណៈដែលថៃនាំចូលមកកម្ពុជាមានជាង ៥ពាន់លានដុល្លារអាមេរិក។ ហើយនៅត្រឹមឆ្នាំ២០២០ រដ្ឋាភិបាលប្រទេសទាំងពីរបានប្រកាសថា នឹងជំរុញទំហំពាណិជ្ជកម្មឲ្យកើនដល់ ១៥ពាន់លានដុល្លារ៕