របាយការណ៍ពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានឲ្យដឹងថា ការនាំចេញនាំចូលរវាងប្រទេសកម្ពុជា និងថៃនៅ ៦ខែដំបូងឆ្នាំ២០២១ សម្រេចបានជិត៤ពាន់លានដុល្លារ ធ្លាក់ចុះ១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចេញសរុបរបស់កម្ពុជាទៅថៃ មានតម្លៃជាង ៥០០លានដុល្លា ធ្លាក់ចុះ៣៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ រីឯ ការនាំចូលពីប្រទេសថៃមកវិញ មានតម្លៃជាង៣ពាន់៤រយលានដុល្លា កើនឡើង ៣%។ ប្រការនេះ បង្កើតឲ្យកម្ពុជាមានឱនភាពជញ្ជីងពាណិជ្ជកម្មជាមួយថៃជិត ៣ពាន់លានដុល្លារអាមេរិក។
ទោះយ៉ាងណា បើមើលលើតួលេខត្រឹមតែខែមិថុនាមួយប៉ុណ្ណោះ បង្ហាញថាពាណិជ្ជកម្មរវាងប្រទេសពីរចាប់ផ្ដើមមានសភាពស្ទុះងើបឡើងវិញជាបណ្ដើរៗហើយ។ ដោយក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសថៃមានទំហំទឹកប្រាក់ ៥៦លានដុល្លាអាមេរិក កើនឡើង៤២%ធៀបនឹងខែមិថុនា ឆ្នាំ២០២០។ ចំណែកឯ ការនាំចូលពីថៃមកវិញមានតម្លៃ៥៦០លានដុល្លា កើនឡើង២៩%។
សូមបញ្ជាក់ថា ប្រទេសថៃ និងកម្ពុជា កំពុងទទួលរងនូវរលកឆ្លងកូវីដ-១៩កាន់តែខ្លាំងក្លា ដោយក្នុងនោះ ប្រទេសថៃ ហាក់កំពុងផុងខ្លួនកាន់តែជ្រៅជាងគេ បើធៀបនឹងប្រទេសផ្សេងៗទៀតក្នុងតំបន់។ ជាក់ស្ដែង នៅរយៈពេលចុងក្រោយនេះ ថៃមានរកឃើញអ្នកឆ្លងកូវីដ-១៩ករណីថ្មីជាង ១ម៉ឺនាក់ជារៀងរាល់ថ្ងៃ ខណៈដែលកម្ពុជារកឃើញក្នុងរង្វង់ជាង៧០០ ទៅជាង៩០០នាក់ក្នុងមួយថ្ងៃៗ។
នៅក្នុងខែ កក្កដា ឆ្នាំ២០២១ ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសថៃ ត្រូវបានគេមើលឃើញថា កាន់តែមានការរង្គោះរង្គើខ្លាំងឡើង បើទោះបីជា រាជរដ្ឋាភិបាលថៃ ប្រឹងប្រែងដាក់ចេញយុទ្ធសាស្ត្រថ្មីៗដូចជា គម្រោងបើកកោះភូកេតទទួលភ្ញៀវទេសចរអន្តរជាតិបានចាក់វ៉ាក់សាំង និងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដល់ពលរដ្ឋរបស់ខ្លួនយ៉ាងណាក្ដី។ បញ្ហាឆ្លងរាលដាលកូវីដ-១៩ និងការបន្ដបិទប្រទេស បានធ្វើឲ្យប៉ះពាល់ដល់វិស័យស្នូលដែលជាប្រភពកំណើនរបស់ថៃ រួមមាន កម្មន្ដសាល សំណង់ និងឧស្សាហកម្មជាដើម ដោយវិស័យទាំងទាំងនេះ បានចូលរួមចំណែកប្រមាណ ៥៧% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ និងបង្កើតការងារប្រមាណ ៤៦% ដល់ប្រជាពលរដ្ឋទូទាំងប្រទេស៕