កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំៗ

កម្ពុជានឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំៗចំនួន២ ចូលជាធរមាននៅឆ្នាំក្រោយនេះ


បើគ្មានអ្វីប្រែប្រួលទេ នៅឆ្នាំ២០២២ខាងមុខនេះ កម្ពុជានឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំៗចំនួន២ ដែលបានធ្វើជាមួយនឹងប្រទេសជាដៃគូ នឹងត្រូវចូលជាធរមាន ដែលវាត្រូវបានគេមើលឃើញថា នឹងក្លាយជាចលករដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើនការនាំចេញ។ កិច្ចព្រមព្រៀងទាំងនេះ រួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលថ្មីៗនេះ ទើបតែត្រូវបានរដ្ឋសភាកម្ពុជាអនុម័តសេចក្ដីព្រាងច្បាប់រួចរាល់ហើយ និងមួយទៀត គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង ដែលគ្រោងនឹងចុះហត្ថលេខានៅខែតុលាខាងមុខនេះ។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកស្រី យ៉ូ យ៉ុង ហេ រដ្ឋមន្ត្រីពាណិជ្ជកម្មប្រទេសកូរ៉េខាងត្បូង (រូបភាព៖ ក្រសួងពាណិជ្ជកម្ពុជា)

យ៉ាង​ហោច​ណាស់ មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ធំ​ៗ​ចំនួន​២ ដែល​កម្ពុជា​បាន​និង​កំពុង​ឈាន​ទៅ​សម្រេច​ចុះហត្ថលេខា​ឆាប់​ៗ និង​ត្រូវ​ចូល​ជា​ធរមាន​នៅ​ក្នុង​ឆ្នាំ​២០២២​ខាង​មុខ​។ ក្នុង​នោះ បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ រដ្ឋាភិបាល​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ គ្រោង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ នៅ​ដើមខែ​តុលា ឆ្នាំ​២០២១ ខាង​មុខ​នេះ បន្ទាប់​ពី​ភាគី​ទាំង​ពីរ​បាន​ចុះហត្ថលេខា​បិទ​បញ្ចប់​កិច្ចចរចា​តាម​ប្រព័ន្ធ​អន​ឡាញ​កាលពី​អំឡុង​ខែកុម្ភៈ កន្លង​មក​។ ឯកឧត្តម ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ជឿជាក់​ថា សេចក្ដីព្រាងច្បាប់​ស្តី​ពី កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ នឹង​អាច​ចូល​ជា​ធរមាន​នៅ​ដើមឆ្នាំ​២០២២ ក្នុង​ករណី​កិច្ចព្រមព្រៀង​នេះ ត្រូវ​បាន​ចុះហត្ថលេខា​តាម​ពេលវេលា ដែល​បាន​គ្រោង​គ្រោងទុក​។

បើ​តាម​ឯកឧត្តម ប៉ែន សុ​វិជាតិ ប្រសិនបើ​ស្ថានភាព​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ នៅ​ប្រទេស​ទាំង​ពីរ​មាន​ភាព​ធូរស្បើយ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នឹង​ធ្វើ​ដំណើរ​ទៅ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ នៅ​សាធារណរដ្ឋ​កូរ៉េ​ផ្ទាល់​តែ​ម្តង​។ ប៉ុន្តែ​បើ​ស្ថានភាព​កូ​វី​ដ​-១៩ មិន​អំណោយផល​ការ​ចុះហត្ថលេខា​នឹង​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អន​ឡាញ​។

ជុំវិញ​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ​នេះ​ដែរ នៅ​ក្នុង​ជំនួប​ជាមួយ​ឯកឧត្តម ឆុង អើយ​យ៉ុ​ង រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ​ពេល​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​កូរ៉េ កាលពី​ពេល​ថ្មី​ៗ​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​បាន​ថ្លែង​ដោយ​ឡើង​ឡើង​ពី​ក្ដី​រំពឹង​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ នឹង​ជំរុញ​ពាណិជ្ជ និង​ការ​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ ជា​ពិសេស​ជួយ​ព​ន្លឿ​ន​ការ​ស្តារ​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩​។ 

ក្នុង​ករណី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ បាន​ចូល​ជា​ធរមាន​មែន​នោះ វា​នឹង​ក្លាយជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទី​ពីរ បន្ទាប់​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន ដែល​គ្រោង​ចូល​ជា​ធរមាន​នៅ​ដើមឆ្នាំ​២០២២ ខាង​មុខ​នេះ បន្ទាប់​ពី​កិច្ចព្រមព្រៀង​នេះ​ទទួល​បានការ​អនុម័ត​គាំទ្រ​ពី​រដ្ឋសភា​។ ឯកឧត្តម ប៉ែន សុ​វិជាតិ បាន​បញ្ជាក់​ថា ក្រោយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន បាន​ចូល​ជា​ធរមាន ក្រសួងពាណិជ្ជកម្ម​នឹង​រៀបចំ​សិក្ខាសាលា ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ធុរជន និង​អ្នក​រកស៊ី​យល់​ដឹង​កាន់តែ​ទូលំទូលាយ ដើម្បី​ត្រៀមខ្លួន​ចាប់​យក​ឱកាស​ទីផ្សារ​ដ៏​ធំ​មួយ​នេះ​។

សូម​បញ្ជាក់​ថា ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន កម្ពុជា​អាច​នាំ​ចេញ​ទំនិញ​ជាង​៣០០​មុខ​ទៅ​កាន់​ទីផ្សារ​ចិន​ដោយ​មិន​ចាំបាច់​បង់ពន្ធ​។ ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម​រំពឹង​ថា កិច្ចព្រមព្រៀង​នេះ​នឹង​ជួយ​ជំរុញ​ឲ្យ​ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​ចិន​កើនឡើង​២៥%​បន្ថែម​ទៀត​។

ដោយឡែក បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​យ៉ុ​ន​ហាប់ ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ និង​កិច្ចព្រមព្រៀង​ថ្នាក់​តំបន់ RCEP កម្ពុជា​នឹង​លើកលែង​ពន្ធ​ប្រមាណ ៩៣.៨% នៃ​ផលិតផល​នាំ​ចូល​ពី​កូរ៉េ​ខាងត្បូង ហើយ​កូរ៉េ​ខាងត្បូង​នឹង​លើកលែង​ពន្ធ​ប្រមាណ​៩៥.៦% លើ​ផ​លិ​ផល​របស់​កម្ពុជា​ផង​ដែរ​៕

None



អត្ថបទបន្ទាប់


សាលារៀនជាង​២២០កន្លែង​នៅ​រាជធានីភ្នំពេញ​នឹងចាប់ផ្ដើម​ឡើងវិញ នៅថ្ងៃស្អែកនេះ!

ចាប់ពីថ្ងៃទី ១៥ ខែកញ្ញាស្អែកនេះ សាលារៀនរដ្ឋ និងឯកជន ចាប់ពី​កម្រិត​ថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យប្រមាណជាង ២២០កន្លែង នឹងត្រូវបានអាជ្ញាធរ…

បទល្មើសនាំចូលសត្វរស់នៅតែកើន ខណៈក្រសួងកសិកម្មអំពាវនាវឲ្យមន្ត្រីតាមច្រកព្រំដែនបង្កើនការទប់ស្កាត់

បើទោះជាកន្លងមក មន្ត្រីជំនាញបានខិតខំទប់ស្កាត់ ចំពោះបទល្មើសលើសកម្មភាពនៃការនាំចូលសត្វខុសច្បាប់ ពីប្រទេសជិតខាងយ៉ាងណាក្ដី តែសកម្មភាពនេះហាក់ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ