ត្រូវបានស្រង់សម្ដីដោយភ្នាក់ងារព័ត៌មានកម្ពុជា AKP ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ការបើកច្រកព្រំដែនត្រង់ចំណុចព្រៃវល្លិ ស្ថិតក្នុងខេត្ដស្វាយរៀងនេះ នឹងបើកឱកាសយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិរវាងកម្ពុជា-វៀតណាម កាត់ បន្ថយការកកស្ទះចរាចរណ៍ បង្កើនការវិនិយោគ ជំរុញការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។
សារព័ត៌មានវៀតណាម បានបញ្ជាក់ដែរថា ច្រកព្រំដែនកម្ពុជាថ្មីនេះ នឹងភ្ជាប់ជាមួយនឹងឃុំ Binh Hiep នៅក្នុងខេត្តជាប់ដងទន្លេមេគង់ Long An របស់វៀតណាម ដោយច្រកព្រំដែននេះ បានសាងសង់រួចរាល់ហើយ ខណៈដែលខាងអាជ្ញាធរកំពុងរៀបចំកម្មវិធីសម្ពោធ។
ក្រៅពីច្រកព្រំដែនព្រៃវល្លិនេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រជុំពិភាក្សាអំពីការបើកច្រកព្រំដែនមួយផ្សេងទៀត ជាមួយវៀតណាមផងដែរ ដើម្បីបន្ធូរបន្ថយការកកស្ទះធ្ងន់ធ្ងរ នៅច្រកទ្វារអន្តរជាតិបាវិត-ម៉ុកបៃ។
ស្ថិតិពីស្ថានទូតវៀតណាមប្រចាំកម្ពុជាបានបង្ហាញថា នៅ ៧ខែដំបូងឆ្នាំ២០២០នេះ ការនាំចេញរបស់កម្ពុជាទៅវៀតណាមសម្រេចបាន ៥៩២លានដុល្លារ បានកើនឡើង៧,៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុននេះ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានជាង២,៣៩ពាន់លានដុល្លារ ធ្លាក់ចុះ៣,៧%៕