លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាបានវាយតម្លៃថា វិស័យទេសចរណ៍នៅឆ្នាំ២០២១ អាចនឹងមានស្ថានភាពលំបាកយ៉ាប់យ៉ឺនជាងឆ្នាំ២០២០ ដោយសារជំងឺកូវីដ-១៩ បានឆ្លងចូលសហគមន៍ និងបានអូសបន្លាយពេលយូរជាងឆ្នាំ២០២០ ដែលមានការឆ្លងក្នុងសហគមន៍រយៈពេលខ្លីប៉ុណ្ណោះ។
ជាមួយគ្នានេះ លោក ធួន
ស៊ីណាន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា យល់ឃើញស្រដៀងគ្នាថា
វិស័យទេសចរណ៍ក្នុងឆ្នាំ២០២១ ពុំទាន់មានសញ្ញាណាមួយបង្ហាញថា
អាចមានភាពល្អប្រសើរជាងឆ្នាំ២០២០នោះទេ។ ព្រោះយើងមិនទាន់ដឹងថា
ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍២០កុម្ភៈ នឹងបន្តអូសបន្លាយដល់ពេលណានោះទេ។
ទោះយ៉ាងណា វិស័យទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាលបន្ធូរបន្ថយវិធានការរឹតបន្ដឹងបន្ដិចវិញហើយ ដោយកាលពីថ្ងៃទី២៥ មេសា ឆ្នាំ២០២១ រដ្ឋាភិបាលបានសម្រេចអនុញ្ញាតឲ្យរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសបើកដំណើរការឡើងវិញ លើកលែងតែតំបន់ទេសចរណ៍ ដែលស្ថិតក្នុងរាជធានី ខេត្ត និងតំបន់មួយចំនួនដែលកំពុងអនុវត្តវិធានការបិទខ្ទប់។ ទោះយ៉ាងណា អ្នកជំនាញយល់ឃើញថា ការបន្ធូរបន្ថយនេះ គឺជួយបានតិចតួចប៉ុណ្ណោះសម្រាប់វិស័យទេសចរណ៍ ដែលកំពុងរងវិបត្តិយ៉ាងធ្ងន់ធ្ងរក្នុងពេលបច្ចុប្បន្ននេះ។
អ្នកជំនាញក្នុងវិស័យទេសចរណ៍ បានស្នើឲ្យមានការចាក់វ៉ាក់សាំងបានកាន់តែច្រើនថែមទៀត ពិសេសការចាក់វ៉ាក់សាំងសម្រាប់សម្រាប់ប្រតិបត្តិករនៅក្នុងវិស័យទេសចរណ៍ ព្រោះវាមិនត្រឹមតែអាចជួយកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩សម្រាប់ពលរដ្ឋកម្ពុជានោះទេ តែវាបានផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរបរទេស ឲ្យមកកម្សាន្តនៅកម្ពុជាផងដែរ។
តាមរាយការណ៍ពីក្រសួងទេសចរណ៍បានឲ្យដឹងថា កាលពីឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១លាន៣សែននាក់ បានធ្លាក់ចុះជាង ៨០% ធៀបនឹងឆ្នាំ២០១៩ ខណៈដែលភ្ញៀវទេសចរក្នុងស្រុកវិញមានជាង៧លាននាក់ ធ្លាក់ចុះជាង៣៦%។ ដោយឡែក មុខរបរនិងការងារនៅក្នុងវិស័យទេសចរណ៍វិញ មានប្រមាណ ៣០ម៉ឺននាក់ ធ្លាក់ចុះជាង៥២% ខណៈដែលប្រាក់ចំណូលទេសចរណ៍អន្តរជាតិវិញមានត្រឹមតែជាង១ពាន់លានដុល្លារ ធ្លាក់ចុះប្រមាណជិត៨០%។ នៅឆ្នាំ២០២០ វិស័យទេសចរណ៍បានចូលរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបប្រមាណតែ ៣% ប៉ុណ្ណោះ៕