អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាយល់ឃើញថា ការទទួលបានប្រព័ន្ធអនុគ្រោះពន្ធថ្មី DCTS ពីអង់គ្លេសនេះ វានឹងកាន់តែផ្តល់ភាពងាយស្រួលមួយកម្រិតទៀតដល់កម្ពុជា ក្នុងការនាំចេញទំនិញទៅកាន់ប្រទេសអង់គ្លេស។ សម្រាប់អ្នកជំនាញរូបនេះ ក្រៅពីជំរុញការនាំចេញទៅកាន់ទីផ្សារអង់គ្លេស ប្រព័ន្ធអនុគ្រោះពន្ធ DCTS នេះ វានឹងជំនួសឱ្យការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន២០% ពីសហគមន៍អឺរ៉ុប ដ្បិតអង់គ្លេសគឺជាសម្ព័ន្ធទីផ្សារធំមួយនៅក្នុងសហគមន៍អឺរ៉ុប។ ដូច្នេះតាមរយៈប្រព័ន្ធអនុគ្រោះពន្ធនេះ កម្ពុជាអាចនាំចេញទំនិញទៅកាន់ទីផ្សារអង់គ្លេសដោយឥតបង់ពន្ធហើយថែមទាំងអាចចែកចាយបន្តទៅកាន់ទីផ្សារសហគមន៍អឺរ៉ុបផងដែរ។ បើតាមអនុប្រធានសភាពាណិជ្ជកម្មកម្ពុជារូបនេះ កន្លងមកទំនិញដែលកម្ពុជានាំចេញទៅទីផ្សារអង់គ្លេស រួមមានផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ កាបូប ស្បែកជើង ផលិតធ្វើដំណើរ កង់ គ្រឿងបរិក្ខារអគ្គិសនី និងផលិតផលកសិកម្មមួយចំនួនផងដែរ។
ស្រដៀងគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា យល់ឃើញថា ប្រព័ន្ធអនុគ្រោះពន្ធថ្មី DCTS នឹងជំនួសឱ្យប្រព័ន្ធអនុគ្រោះពន្ធ GSP ក្នុងការជួយធានានូវភាពធនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេលវែង។ ក្រៅពីជួយជំរុញការធ្វើពាណិជ្ជកម្ម ប្រព័ន្ធអនុគ្រោះពន្ធថ្មីនេះ ក៏នឹងក្លាយជាមេដែកក្នុងការជួយស្រូបទាញវិនិយោគិនបរទេសឱ្យមកដាក់ទុនវិនិយោគលើវិស័យនានា ដែលបម្រើឱ្យតម្រូវការរបស់ចក្រភពអង់គ្លេស។ បន្ថែមលើនេះ កម្ពុជាក៏អាចទទួលបាននូវតម្លៃបន្ថែមផ្សេងៗជាច្រើនទៀត ដែលកើតចេញពីការទទួលបានប្រព័ន្ធអនុគ្រោះពន្ធថ្មីនេះផងដែរ។
បើតាមការគូបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម បន្ថែមលើអត្រាពន្ធសូន្យ និងមិនកម្រិតបរិមាណ ដែលប្រទេសអភិវឌ្ឍន៍តិចតួចរួមទាំងប្រទេសកម្ពុជាធ្លាប់ទទួលបាន ប្រព័ន្ធអនុគ្រោះពន្ធ DCTS នេះ នឹងផ្តល់ភាពងាយស្រួលបន្ថែមទៀត តាមរយៈការធ្វើសេរីភាវូបនីយកម្មវិធានដើមកំណើតទំនិញ និងការធ្វើសាមញ្ញកម្មលើលក្ខខណ្ឌតម្រូវ ដែលក្នុងនោះបានអនុញ្ញាតឱ្យប្រើប្រាស់តម្លៃបន្ថែមក្នុងស្រុកត្រឹម ២៥% ឬការផ្លាស់ប្តូរចំណាត់ថ្នាក់បន្ទាត់ពន្ធរហូតដល់៤ខ្ទង់ទៅ៦ខ្ទង់។
សូមជម្រាបថា នៅ៨ខែដើមឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសអង់គ្លេស មានទំហំ ជិត៦រយលានដុល្លារអាមេរិកថយចុះ១៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ក្នុងនោះ ការនាំចេញទំនិញពីកម្ពុជាទៅអង់គ្លេស មានទំហំជិត៥រយ៣០លានដុល្លារអាមេរិក ថយចុះជិត១៦% ខណៈការនាំចូលពីអង់គ្លេសមកកម្ពុជាវិញមានទំហំជាង៦០លានដុល្លារអាមេរិកកើនឡើង២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕