នៅចំពោះមុខឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក អេនទ្រូ ហេរ៉ូប ភារធារី នៃស្ថានទូតអាម៉េរិក ប្រចាំកម្ពុជា បានបញ្ជាក់អំពីការតាំងចិត្តក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ពាណិជ្ជកម្ម រួមទាំងកិច្ចការងារវិនិយោគរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក។ បន្ថែមពីនេះ លោក ក៏បានលើកឡើងអំពីលទ្ធភាពធ្វើការរួមគ្នា ដើម្បីដោះស្រាយកង្វល់មួយចំនួន ដើម្បីបង្កបរិយាកាសឱ្យកាន់តែមានភាពទាក់ទាញសម្រាប់វិនិយោគិននៃប្រទេសទាំងពីរផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជម្រាបជូនភារធារីនៃស្ថានទូតអាម៉េរិកអំពីស្ថានភាពជាវិជ្ជមាននៃបេសកកម្មគោះទ្វារវិនិយោគនៅក្រៅប្រទេសនាពេលកន្លងមក ដែលមានបំណងពង្រីកខ្សែច្រវាក់ផលិត និងផ្គត់ផ្គង់ក្នុងតំបន់ ដើម្បីបញ្ជ្រាបព័ត៌មានវិនិយោគ និងកញ្ចប់លើកទឹកចិត្តនានាជូនដល់ធុរជនអាម៉េរិក។
បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងបញ្ជ្រាបការឈ្វេងយល់ពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានប្រាប់លោក លោក អេនទ្រូ ហេរ៉ូប ពីលទ្ធភាពធ្វើការរួមគ្នាដើម្បីដោះស្រាយកង្វល់របស់វិនិយោគិនអាម៉េរិកនៅកម្ពុជា តាមរយៈការរៀបចំនូវយន្តការរួមសម្រាប់កិច្ចសន្ទនាជាប្រចាំលើកិច្ចការងារវិនិយោគ ដើម្បីអាចឱ្យកម្ពុជាមានលទ្ធភាពសម្របសម្រួលដោះស្រាយបញ្ហានានារបស់វិនិយោគិនអាម៉េរិកបានកាន់តែឆាប់រហ័ស៕
អត្ថបទ៖ បូ ដូឡា