ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំវិនិយោគិន (VC) និង អ្នកជំនាញនាំមុខលើផ្នែកសហគ្រិនភាពមកចែករំលែក ចូលរួមពិភាក្សាស៊ីជម្រៅ និង ស្វែងរកដំណោះស្រាយនៃការគិតឆ្ពោះទៅមុខ ដើម្បីជំរុញប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ដែលកំពុងលូតលាស់នៅកម្ពុជាឆ្ពោះទៅរកទិសដៅសហគ្រិននៅពេលអនាគត ដែលធុរកិច្ចថ្មីអាចបោះជំហាន ពង្រីក ទីផ្សារនៅថ្នាក់តំបន់។
ព្រឹត្តិការណ៍នេះ គឺជាពិព័រណ៍អន្តរជាតិលើកទី២ របស់កម្មវិធី អង្គរ៥០០ ដែលជាវេទិកាផ្តល់ជូនអ្អ្នកជំនាញនាំមុខក្នុងស្រុក និងអន្តរជាតិនៅក្នុងវិស័យធុរកិច្ច អ្នកជំនាញផ្នែកវិនិយោគ(VC) និង ស្ថាបនិកដែលបានទទួលប្រាក់ វិនិយោគរួចហើយ ដើម្បីចែករំលែកការយល់ដឹងអំពី ទិដ្ឋភាពរួមនៃការវិនិយោគទៅលើធុរកិច្ចថ្មី ដែលការពិភាក្សានេះ ផ្តោតសំខាន់លើប្រធានបទដូចជា និន្នាការវិនិយោគបច្ចុប្បន្ន គន្លឹះសម្រាប់ការវិនិយោគ អ្វីដែលអ្នកវិនិយោគស្វែងរក នៅក្នុងធុរកិច្ចថ្មី និងកំហុសទូទៅនៅពេលស្វែងរកទុនវិនិយោគ។
កម្មវិធីបន្ទាប់ គឺជាការធ្វើបទបង្ហាញជាសាធារណៈ (Pitching ) ដោយស្ថាបនិកចំនួន 10 រូបបានបង្កើតធុរកិច្ចថ្មីដែលមានវឌ្ឍនភាព និងសន្ទុះនៃការលក់ល្អនៅក្នុង ប្រទេសកម្ពុជា។ កម្មវិធីបញ្ចប់នោះគឺជាការភ្ជាប់ទំនាក់ទំនង (Networking) ដែលផ្តល់ឱកាសដ៏ល្អសម្រាប់ស្ថាបនិក ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មផ្សេងទៀត និងអ្នកវិនិយោគដើម្បី ភ្ជាប់ទំនាក់ទំនងរវាងគ្នានិងគ្នា រួមទាំងអនុញ្ញាតឲ្យធុរកិច្ចថ្មី អាចផ្សព្វផ្សាយ និងបង្ហាញផលិតផល ឬសេវាកម្មរបស់ពួកគេទៅកាន់ដៃគូដោយផ្តាល់។
សហគ្រិនខ្មែរ តាមរយៈគម្រោងអង្គរ ៥០០ សម្រេចបាននូវគោលបំណងចំនួន ៤ រួមមាន៖
(1) បង្កើតធុរកិច្ចថ្មីដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សចាប់ពីដំណាក់កាលបង្គើតគំនិតរហូតទៅដំណាក់កាល ពង្រីកធុរកិច្ចថ្មីនៅក្នុងតំបន់ជ្រើសរើសសហគ្រិនវ័យក្មេងដែលមានទេពកោសល្យ។
(2) ពន្លឿនធុរកិច្ចថ្មីដែលមានសក្តានុពលទៅកាន់កម្រិតអន្តរជាតិដោយប្រើប្រាស់ជំនាញ ចំនេះដឹងរបស់ក្រុមហ៊ុន៥០០ Global បណ្តាញអ្នកវិនិយោគ និងអ្នកណែនាំ។
(3) បង្កើតឱកាសកាន់តែច្រើនសម្រាប់ធុរកិច្ចថ្មី ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយ VCs ក្នុងស្រុក និង អន្តរជាតិ ដើម្បីឈានទៅរកទុនវិនិយោគ។
(4) បង្កើតប្រព័ន្ធអេកូឡូស៊ីនៃការចាប់ផ្តើមអាជីវកម្មដ៏រស់រវើកដោយលើកកម្ពស់ការផ្ទេរចំណេះដឹងតាមរយៈការណែនាំ និងសកម្មភាពសហគមន៍ផ្សេងទៀត។
“អ្នកវិនិយោគក្នុងស្រុកនិងមកពីបរទេសឥឡូវនេះមានឱកាសបានឃើញធុរកិច្ចថ្មីផ្សេងៗគ្នា ដែលក្រុមហ៊ុន ទាំងនោះលេចឡើងនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។
ធុរកិច្ចថ្មីអាចមានលទ្ធភាព អាចទទួលបានមូលនិធិ និងជំនួយបច្ចេកទេសដែលពួកគេត្រូវការដោយចូលរួមនៅក្នុងកម្មវិធី “អង្គរ 500បទបង្ហាញជាសាធារណៈខ្នាតអន្តរជាតិ។ ព្រឹត្តិការណ៍សម្រាប់ថ្ងៃនេះដើរតួនាទីយ៉ាងសំខាន់ដើម្បីបង្ហាញពីសក្តានុពលវិស័យធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។” នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិ នៃសហគ្រិនខ្មែរ៕