ក្នុងសុន្ទរកថាបើកទិវានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលេចនូវតួនាទីដ៏សំខាន់នៃសហគ្រិនភាព ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជន ដូចជាបង្កើតការងារ មុខរបរ បង្កើនប្រាក់ចំណូល កាត់បន្ថយចំណាកស្រុក ជួយប្រជាជនងាយរងគ្រោះឱ្យមានលំនឹងជីវភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងស្ថិរភាពសង្គម។
ឯកឧត្តមបានលើកឡើងថា៖ “ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព កាន់តែមានសារៈសំខាន់ និងកាន់តែបន្ទាន់ ក្នុងការជំរុញសន្ទុះកំណើនសេដ្ឋកិច្ច តាមរយៈការអភិវឌ្ឍសមត្ថភាព និងស្តង់ដារផលិត កម្ម ក្នុងន័យពង្រីកទីផ្សារក្នុងស្រុក និងអន្តរជាតិ ដើម្បីកាត់បន្ថយការនាំចូល និងជំរុញការនាំចេញ។”
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានលើកឡើងថា៖ “ទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព មានគោលដៅផ្តល់ភាពអង់អាច និងជំរុញទឹកចិត្តសហគ្រិនជំនាន់ថ្មីរបស់កម្ពុជា ដោយផ្តល់ឱកាសកសាងបណ្តាញធុរកិច្ច ចែករំលែកចំណេះដឹង ដាក់តាំងបង្ហាញផលិតផល និងសេវាកម្មដែលកើតចេញពីនវានុវត្តន៍ និងគំនិតច្នៃប្រឌិតរបស់សហគ្រិន។”
ទិវាដែលមានរយៈពេលពីរថ្ងៃនេះ មានស្តង់ផលិតផលចូលរួមជាង២០០ស្តង់ និងមានកម្មវិធីសំខាន់ៗ ដូចជាការប្រកួតប្រជែងសង្វៀនរ៉ូបូត (BATTLEBOTX), ពិធីសម្ពោធកម្មវិធីសហគ្រិនមហាវិទ្យាល័យ រដូវកាលទី៣, កម្មវិធីប្រកួតគំរូធុរកិច្ច Y2B HACKATHON, វេទិកាផ្សារភ្ជាប់អ្នកផលិតនិងទីផ្សារ, សន្និសីទវិនិយោគប្រកបដោយនិរន្តភាព, សន្និសីទប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព, និងពិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤។
គិតមកត្រឹមឆ្នាំ២០២៤ សហគ្រិនខ្មែរ បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដោយបានអនុវត្តកម្មវិធីចំនួន៣៧៩, ប្រើប្រាស់ថវិកាសរុបប្រមាណ១៥លានដុល្លារ, និងទាក់ទាញថវិកាពីដៃគូសរុបប្រមាណ២៥លានដុល្លារ។
អ្នកទទួលផលដោយផ្ទាល់ពីកម្មវិធីមានចំនួន ប្រមាណ៥,៧ម៉ឺននាក់ និងអ្នកទទួលបានថវិកាគាំទ្រមានចំនួនប្រមាណ៧៧០នាក់ រួមមានសិស្សថ្នាក់វិទ្យាល័យ និស្សិតថ្នាក់សាកលវិទ្យាល័យ ធុរកិច្ចថ្មី និងសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅទូទាំងប្រទេស។ ទន្ទឹននឹងនេះ សហគ្រិនខ្មែរ បានផ្តល់ថវិកាគាំទ្រសរុប ប្រមាណ៣លានដុល្លារ និងទាក់ទាញថវិកាពីវិស័យឯកជនក្នុងទម្រង់ជាឥណទានប្រមាណ១២លានដុល្លារ និងក្នុងទម្រង់ជាការវិនិយោគប្រមាណ២៥លានដុល្លារ។
យើងខ្ញុំសូមអរគុណដល់ដៃគូសហការគាំទ្រកម្មវិធីរបស់យើងរួមមាន អ្នកឧបត្ថកម្រិតផ្លាទីនីម ក្រុមហ៊ុន Smart Axiata, អ្នកឧបត្ថម្ភកម្រិតមាស ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ធនាគារ វីង ដែលបានដើរតួយ៉ាង សំខាន់ក្នុងការចូលរួមធ្វើឱ្យព្រឹត្តិការណ៍នេះអាចដំណើរការទៅបាន។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះដៃគូសហការដែលចូលរួមយ៉ាងសកម្មក្នុងការគាំទ្រវិស័យសហគ្រិនភាព និងនវានុវត្តន៍ឲ្យកាន់ តែរីកចម្រើន។