លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បកម្មកម្ពុជាបានអះអាងថា បរិមាណត្រីល្មមចាប់លក់ជាច្រើននៅតែបន្តសល់នៅតាមអាង ឬស្រះចិញ្ចឹមត្រីមួយចំនួននៅកម្ពុជា ដ្បិតពុំមានឈ្មួញចុះទៅទិញ។ ជាមួយគ្នានេះ លោក ស្នើឲ្យរដ្ឋាភិបាលជាពិសេសក្រសួង ស្ថាប័នពាក់ព័ន្ធជួយទិញត្រីរបស់វារីវប្បករ ដែលកំពុងជួបបញ្ហាលក់អត់ចេញ ដើម្បីយកមកផ្គត់ផ្គង់តម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលកំពុងជាប់បម្រាមបិទខ្ទប់របស់រាជរដ្ឋាភិបាល។
លោកបន្តថា ការជួយទិញរបស់ត្រីពីអ្នកចិញ្ចឹមក្នុងស្រុកនៅពេលនេះ មិនត្រឹមតែជួយដល់កសិករប៉ុណ្ណោះទេ ថែមទាំងអាចជួយរក្សាតុល្យភាពតម្លៃលើទីផ្សារ ដែលកំពុងមានការកើនឡើង ដោយសារឈ្មួញឆ្លៀតឱកាសមួយចំនួនដំឡើងថ្លៃផងដែរ។ ទន្ទឹមនឹងនេះ លោក ក៏ស្នើឲ្យអាជ្ញាធរជួយសម្របសម្រួលលើការដឹកជញ្ជូនត្រីរបស់ឈ្មួញ ដែលមកទិញត្រីពីវារីវប្បករកម្ពុជាផងដែរ។
ប្រធានសមាគមវារីវប្បកម្មរូបនេះបានគូសបញ្ជាក់ថា តម្លៃត្រីរបស់វារីវប្បករលក់ចេញក្នុងតម្លៃធម្មតាគ្មានការដំឡើងថ្លៃនោះទេ។ លោកបន្ថែមថា ត្រីឡើងថ្លៃនាពលកន្លងមក ក្នុងអំឡុងការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនោះ មិនមែនជាការដំឡើងថ្លៃរបស់វារីវប្បករនោះទេ ពោលគឺអាជីវករជាអ្នកដំឡើងថ្លៃដោយខ្លួនឯង។
ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានះអះអាងកន្លងមកថា ក្នុងចំណោមទំនិញចាំបាច់ជាច្រើនត្រីជាមុខទំនិញមួយប្រភេទដែលត្រូវបានឈ្មួញដំឡើងថ្លៃខ្ពស់ជាងគេ។ ហើយវាក៏ជាផលិតផលដែលមានតម្រូវការខ្ពស់ផងដែរ ដ្បិតវាមានតម្លៃសមរម្យជាងទំនិញប្រភេទសាច់ស្រស់ផ្សេងៗ។
បើតាមរដ្ឋលេខាធិការរូបនេះ មូលហេតុដែលធ្វើឲ្យតម្លៃត្រីមានការកើនឡើងដោយសារតម្រូវការមានការកើនឡើង ហើយការផ្គត់ផ្គង់ធ្លាក់ចុះ ដោយសារសារនាំចូលត្រីពីបរទេសមានការរាំងស្ទះដោយសារពាក់ព័ន្ធការរៀបចំឯកសារនាំចូល។ ព្រោះមន្ត្រីអត់ធ្វើការក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ស្របពេលកម្ពុជារឹតបន្តឹងការធ្វើចរាចរណ៍ឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ដោយសារបញ្ហាកូវីដ-១៩៕