កិច្ចប្រជុំពិភាក្សាលើកទី១ លើការពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Alibaba ក្នុងការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអនឡាញបរទេស កាលពីពេលថ្មីៗនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មបានខិតខំធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រុមហ៊ុន Alibaba ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ ហើយជាលទ្ធផលបឋម ក្រុមការងារបានចូលរួមប្រជុំចំនួនបីលើក ជាមួយក្រុមហ៊ុន Alibaba រហូតដល់ឈានដល់ការសម្រេចនូវសេចក្ដីព្រាង អនុស្សរណៈនៃការយោគយល់គ្នានេះ។
ក្រសួងពាណិជ្ជកម្មបានអះអាងទៀតថា ទន្ទឹមនឹងការត្រៀមចូលប្រព័ន្ធ eWPT របស់ Alibaba ក្រសួងពាណិជ្ជកម្មបានសហការជាមួយវិស័យឯកជន ដោយបាននាំចេញផ្លៃមៀនទៅប្រទេសចិនដោយដាក់លក់នៅលើថ្នាលបច្ចេកវិទ្យារបស់ក្រុមហ៊ុន Alibaba ដែលជាលទ្ធផល ត្រឹមតែរយៈពេលតែ ៣ ថ្ងៃ ប៉ុណ្ណោះ ផ្លែមៀនរបស់កម្ពុជាលក់បានរហូតដល់ ១៨ តោន។
នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការផ្តល់មតិគាំទ្រ ក៏ដូចជាការផ្ដល់ធាតុចូលសំខាន់ៗបន្ថែម ពីគ្រប់ភាគីពាក់ព័ន្ធ និងបានផ្ដល់អនុសាសន៍ដល់ក្រុមការងារដើម្បីបន្តផ្ដល់នូវធាតុចូលបន្ថែម និងរៀបចំកិច្ចប្រជុំបន្តបន្ទាប់ដើម្បីជម្រុញឱ្យការចូល eWPT បានឆាប់រហ័សស្របតាមយុគសម័យឌីជីថលផងដែរ។
មន្ត្រីនាំពាក្យក្រសួងកសិកម្មកម្ពុជា ធ្លាប់បានអះអាងថា ទីផ្សារមៀនកម្ពុជានៅទីផ្សារប្រទេសចិន នឹងកាន់តែល្អប្រសើរ ក្រោយក្រុមហ៊ុនលក់ទំនិញតាមអនឡាញដ៏ធំរបស់ចិន គឺអាលីបាបា យកផ្លែមៀនខ្មែរដាក់លក់លើគេហទំព័ររបស់ខ្លួន ខណៈក្រុមហ៊ុននេះក៏បង្ហាញពីគោលបំណងថា នឹងទិញផ្លែមៀនពីកម្ពុជា រហូត៣០០តោន ក្នុងមួយឆ្នាំផងដែរ។ បើតាមក្រសួងកសិកម្ម គិតត្រឹមចុងឆ្នាំ២០២២ ផ្លែមៀនកម្ពុជាជាង ២ពាន់៦រយតោនហើយ ដែលបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ហើយឆ្នាំ២០២៣ រំពឹងថា នឹងនាំចេញបានដល់ពី ៧ ទៅ៨ពាន់តោន៕