នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូគ្រឹះស្ថានឧត្តមសិក្សា ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សា។ នៅក្នុងឱកាសនោះ សម្ដេច ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជំរុញការសិក្សាតាមប្រព័ន្ធអនឡាញ អំឡុងវិបត្តិកូវីដ១៩។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។
ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សា បានគូសបញ្ជាក់ថា ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់គ្រឹះស្ថានអប់រំឯកជន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចមិនយកពន្ធពីគ្រឹះស្ថានអប់រំឯកជន រយៈពេល ៥ឆ្នាំបន្ថែមទៀត ពោលគឺចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨។
ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា បានគូសបញ្ជាក់ទៀតថា បណ្ដាគ្រឹះស្ថានអបរំឯកជនទាំងអស់ បានបង្ហាញការសាទរយ៉ាងខ្លាំងចំពោះការសម្រេចបន្តលើកលែងការយកពន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យគ្រឹះស្ថានទាំងអស់មានលទ្ធភាពក្នុងការអភិវឌ្ឍន៍ ក៏ដូចជា ពង្រឹងគុណភាពរបស់គ្រឹះស្ថានបន្ថែមទៀត។ បើតាមប្រធានក្រុមប្រឹក្សាភិបាលសមាគមដដែល ការអនុគ្រោះពន្ធនេះ រាជរដ្ឋាភិបាលបានអនុវត្តចាប់តាំងពីឆ្នាំ១៩៩៦ មកម្លេះ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសង្កេតឃើញថា គ្រឹះស្ថានអប់រំឯកជនបានចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ទើបសម្ដេចសម្រេចមិនយកពន្ធចំនួន ៥ឆ្នាំបន្តទៀត។ ឯកឧត្តមជឿជាក់ថា ការអនុគ្រោះពន្ធនេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការធ្វើឱ្យគ្រឹះស្ថានអប់រំឯកជន អាចពង្រឹងខ្លួនឯងឲ្យធ្វើសកម្មភាពបានរឹងមាំ និងធ្វើឱ្យគុណភាពអប់រំកាន់តែល្អប្រសើរ៕