ឯកឧត្តម រស់ ស៊ីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី ដំណើរការ និងនីតិវិធី នៃគម្រោងហិរញ្ញប្បទានទ្រទ្រង់សហគ្រានធុនតូច និងមធ្យម នាពេលថ្មីៗនេះថា ក្នុងគម្រោងទឹកប្រាក់៥០០លានដុល្លារ ដែលរដ្ឋាភិបាលត្រៀមបន្ថែមនេះ គឺបែងចែក ២០០លានដុល្លារ សម្រាប់ប្រើលើគម្រោងធានាឥណទាន (Credit Guarantee Scheme) ដែលតាមផែនការនឹងរួចរាល់នៅក្នុងអំឡុងខែតុលាឆ្នាំ២០២០នេះ។ រីឯ ទឹកប្រាក់ ៣០០លានដុល្លារផ្សេងទៀតសម្រាប់ផ្តល់បន្ថែមទៅឲ្យសហគ្រាសធុនតូច និងមធ្យមកម្ពុជាក្នុងរូបភាពសហហិរញ្ញប្បទាន។
ឯកឧត្តម រស់ ស៊ីលវ៉ា បន្ថែមថា ទំហំទឹកប្រាក់ដែលនឹងត្រូវបានផ្តល់បន្ថែមនេះសង្ឃឹមថា នឹងជួយទ្រទ្រង់ ដល់សេដ្ឋកិច្ចកម្ពុជាឲ្យរក្សាការរីកលូតលាស់បន្តទៀតបានក្នុងពេលមានវិបត្តិកូវីដ ១៩នេះ ហើយក៏នឹងត្រៀមលក្ខណៈគ្រប់គ្រាន់ផងដែរ សម្រាស់ការស្ទុះងើបឡើងវិញក្រោយពេលវិបត្តិកូវីដ ត្រូវបានបញ្ចប់ទៅវិញ។
មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចរូបនេះ បានលើកឡើងទៀតថា តាមការអនុវត្តកន្លងមកបញ្ហាចម្បងនៅក្នុងការផ្តល់ឥណទានសម្រាប់សហគ្រាសធុនតូច និងមធ្យមគឺការខ្វះទ្រព្យធានាដើម្បីដាក់បញ្ចាំ និងសមត្ថភាពទទួលបានប្រាក់កម្ចីនៅមានកម្រិត។ ដូច្នេះត្រូវទាមទារការជួយអន្តរាគមន៍ពីខាងរាជរដ្ឋាភិបាលដែលជាក់ស្តែងនៅក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលបានរៀបចំបង្កើតគម្រោងធានាឥណទាន បន្ថែមមួយទៀត ដែលគម្រោងនេះនឹងជួយធានាសម្រាប់សហគ្រាសធុនតូច និងមធ្យមអាចទទួលកម្ចីបានដោយមិនចាំបាច់មានវត្ថុបញ្ចាំនោះឡើយ។
ឯកឧត្តម រស់ ស៊ីលវ៉ា បានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានបញ្ចេញប្រាក់កម្ចីរបស់ខ្លួនប្រមាណ ២០លានដុល្លារ ខណៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានបញ្ចេញប្រាក់កម្ចីរបស់ខ្លួនជាង ១០លានដុល្លារផងដែរ សម្រាប់ផ្ដល់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម។
សូមជម្រាបថា កន្លងមកបញ្ហាដែលសហគ្រាសធុនតូច និងមធ្យមពិបាកក្នុងការទទួលបានប្រាក់កម្ចីដោយសាតែសហគ្រាសទាំងនោះ ស្ថិតនៅដាច់ដោយឡែកៗពីគ្នាពុំទាន់មានការប្រមូលផ្តុំគ្នានៅឡើយ និងបញ្ហាមួយទៀត គឺការចុះញ្ជីសហគ្រាស និងបញ្ហាធំមួយទៀត គឺការរៀបចំបញ្ជីស្នាមតែម្តង។