«ពន្លាជាតិកម្ពុជា» ត្រូវបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ នៅពិព័រណ៌ពិភពលោក នៅទីក្រុងឌូបៃ នៃសហភាពអារ៉ាប់រួម។ តាមរយៈពិព័រពិភពលោកនេះ ក៏បានទាក់ទាញអ្នកទេសចររាប់ពាន់នាក់ ឱ្យស្គាល់ពីអរិយធម៌ខ្មែរ ពីជំនាន់មួយទៅជំនាន់មួយផងដែរ។ ក្នុងពិព័រណ៌នេះ កម្ពុជា បានដាក់បង្ហាញពន្លាជាតិ ទំហំ ៣៨៤,៥ ម៉ែត្រការ៉េ និងមានកម្ពស់ ២ជាន់ ដោយបានតុបតែងលម្អ ពីស្នាដៃស្ថាបត្យកម្មខ្មែរ ដ៏ល្អវិចិត្រ ដើម្បីទាក់ទាញអ្នកទស្សនា ដែលបានរៀបចំរចនាឡើងយ៉ាងប្រណិតតាមរចនាបទខ្មែរ ដែលមានចក្ខុវិស័យច្របាច់បញ្ចូលគ្នា នូវភាពល្បីល្បាញ ផ្នែកវប្បធម៌បុរាណ និងការអភិវឌ្ឍសេដ្ឋកិច្ច នាពេលបច្ចុប្បន្ន រវាងសម័យកាលសំខាន់ៗ ចំនួន៤គឺ សម័យមុនអង្គរ,សម័យអង្គរ,សម័យលង្វែក និងសម័យចតុមុខ។
ព្រឹត្តិការណ៍នេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយឱ្យពិភពលោកស្គាល់កាន់តែច្បាស់ពី អរិយធម៌ វប្បធម៌ ទំនៀមទំលាប់ ប្រពៃណីខ្មែរ ក៏ដូចជា ទាក់ទាញអ្នកទេសចរបន្ថែមឱ្យមកកម្សាន្តនៅប្រទេសកម្ពុជា ផងដែរ។ ដោយឡែក អ្នកដែលចូលទស្សនា ពន្លាជាតិ ត្រូវបានអ្នកជំនាញ ពន្យល់ឲ្យដឹងអំពី ការកសាងទីក្រុង ដែលសម្បូរទៅដោយវប្បធម៌ អរិយធម៌កម្ពុជា ដ៏រុងរឿងដែលត្រូវបានកត់ត្រាទុកជាប្រវត្តិសាស្ត្រ ក្នុងសម័យកាលនីមួយៗ ជាពិសេសជីវភាពរស់នៅ របស់ប្រជាជនខ្មែរ នៅតាមសម័យកាល ព្រមទាំងបង្ហាញអំពីការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការជំរុញវិស័យវិនិយោគ និងទេសចរណ៍ផងដែរ។ ចម្លាក់ធ្ងន់ៗ ដូចជា ម៉ាកែតប្រាសាទអង្គរវត្ត ព្រះបាទជ័យវរ្ម័នទី៧ ព្រហ្មមុខ៤ ចម្លាក់តោ ព្រះវិស្ណុ ព្រះសិវៈ ឆ្មាំប្រាសាទ ជាដើម ដែលត្រូវបានដឹកជញ្ជូនពីកម្ពុជា ផ្ទាល់ ដើម្បីរៀបចំតាំងបង្ហាញ ក្នុងព្រឹត្តិការណ៍ពិភពលោកនេះ។ នេះបើតាមការបញ្ជាក់របស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម។
សូមបញ្ជាក់ថា ពិព័រណ៍ពិភពលោក២០២០ នៅទីក្រុងឌូបៃ នៃសហភាពអារ៉ាប់រួម មានរយៈពេល ៦ខែ គិតចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ដោយមានការចូលរួមពីបណ្ដាប្រទេស និងអង្គការអន្តរជាតិធំៗ ចំនួន១៩២ រួមទាំងកម្ពុជា ផងដែរ។ បើតាមការបញ្ជាក់របស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម កម្ពុជា គ្រោងនឹងរៀបចំប្រារព្ធទិវាជាតិកម្ពុជា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ខាងមុខ ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកស្ទួយវប្បធម៌ អរិយធម៌ខ្មែរ និងវិស័យទេសចរណ៍កម្ពុជា ឲ្យកាន់តែល្បីរន្ទឺថែមទៀត នៅលើឆាកអន្តរជាតិ៕