លោកឧកញ៉ា ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ឲ្យដឹងថា ការតវ៉ារបស់ប្រទេសអ៊ីតាលី ដែលស្នើឲ្យអឺរ៉ុប ចាត់វិធានការណ៍លើការនាំចូលអង្កររបស់កម្ពុជា ទៅកាន់សហភាពអឺរ៉ុបនេះ គឺជារឿងយូរឆ្នាំមកហើយ ដោយសារតែ អ៊ីតាលី មានការថ្នាំងថ្នាក់នឹងអង្ករកម្ពុជា ដែលចូលប្រកួតប្រកួតប្រជែងក្នុងទីផ្សាររបស់ខ្លួន។
លោកឧកញ៉ា បានរំឭកយ៉ាងថា «កាលពីមុន អង្ករអ៊ីតាលី លក់បានថ្លៃក្នុងទីផ្សារអឺរ៉ុប និងមានបំណងពង្រីកទីផ្សារទៅកាន់ប្រទេសក្នុងតំបន់អឺរ៉ុបផ្សេងទៀត ប៉ុន្ដែនៅពេលអង្ករកម្ពុជាចូលទៅកាន់អឺរ៉ុបដែរនោះ បានធ្វើឲ្យប៉ះពាល់ដល់ទីផ្សារអង្កររបស់អ៊ីតាលី ព្រោះក្នុងមួយឆ្នាំៗអង្ករកម្ពុជានាំចូលទៅកាន់សហភាពអឺរ៉ុបមានប្រមាណជាង ២សែនតោន។ ដូច្នេះហើយ បានជាអ៊ីតាលី ដាក់ពាក្យប្ដឹងតវ៉ាទៅកាន់សភាសហគមន៍អឺរ៉ុប ជំទាស់ការនាំចូលអង្កររបស់កម្ពុជា»។
ទោះយ៉ាងណា លោកឧកញ៉ា ហ៊ុន ឡាក់ បានគូសបញ្ជាក់ថា មិនមានអ្វីគួរឲ្យព្រួយបារម្ភនោះឡើយជុំវិញការតវ៉ានេះ ព្រោះថា បើពិនិត្យទៅមើលប្រភេទអង្កររបស់កម្ពុជា និងអ៊ីតាលី គឺមិនដូចគ្នានោះឡើយ ពោលគឺប្រភេទអង្ករកម្ពុជាមានគ្រាប់តូចៗ និងបាយទន់ ប៉ុន្ដែអង្កររបស់អ៊ីតាលី អង្ករគ្រាប់ធំៗ និងបាយរឹង។ ដូច្នេះ បើគិតក្នុងផ្នែកបច្ចេកទេសនៃការធ្វើពាណិជ្ជកម្ម កម្ពុជាមិនបានចូលទៅវាយបំបែកឆ្នាំងបាយរបស់គេនោះទេ តែវាគឺជាការផ្ដល់ជម្រើសសម្រាប់អ្នកប្រើប្រាស់ រួមទាំងតម្លៃ និងគុណភាពអង្ករ ខណៈដែលអង្ករកម្ពុជាក៏មានលក់ក្នុងតម្លៃទាបជាងអង្កររបស់អ៊ីតាលីដែរ។
លោកឧកញ៉ា បន្ថែមទៀតថា កម្ពុជាយើងមានជំនឿចិត្តខ្ពស់ក្នុងការឈ្នះលើការតវ៉ានេះ ព្រោះយើងមានអំនះអំនាងគ្រប់គ្រាន់ ហើយក៏បានត្រៀមនូវមេធាវីពាក់ព័ន្ធនឹងផ្នែកច្បាប់រួចរាល់ហើយដែរ។
សូមជម្រាបថា ការប្ដឹងតវ៉ាពីសំនាក់កសិករប្រទេសអ៊ីតាលី មកលើអង្ករកម្ពុជាដែលបាននាំចូលទៅកាន់ទីផ្សារអឺរ៉ុបនេះ គឺមានចាប់តាំងពីឆ្នាំ២០១៤មកម្លេះ ប៉ុន្ដែនៅមិនទាន់ត្រូវបានគណៈកម្មាធិការសហភាពអឺរ៉ុបបើកការស៊ើបអង្កេតនៅឡើយទេ ទើបតែកាលពីពេលថ្មីនេះ សហភាពអឺរ៉ុបបានប្រកាសថា នឹងបើកការស៊ើបអង្កេតផ្លូវការមួយមកលើស្រូវអង្ករកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែកក្កដាខាងមុខនេះ។
សូមជម្រាបថា សហភាពអឺរ៉ុប គឺជាទីផ្សារនាំចេញអង្ករដ៏ធំមួយរបស់កម្ពុជា ដែលមានចំនួនប្រមាណ៤០% នៃទីផ្សារនាំចេញអង្ករសរុប។ បើតាមរបាយការណ៍ ការនាំចេញអង្កររបស់កម្ពុជានៅក្នុងរយៈពេល ៣ខែ ដើមឆ្នាំនេះ សម្រេចបានជាង ១៦ម៉ឺន ៦ពាន់តោន បានថយចុះប្រមាណជាង ៣% ធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំ២០១៧៕