នៅក្នុងជំនួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទកម្ពុជានាពេលថ្មីៗនេះ លោក Tran Ngoc Thuan ប្រធានសហព័ន្ធកៅស៊ូវៀតណាម បានលើកឡើងថា ផ្ទៃដីចៀរជ័រកៅស៊ូដែលសហព័ន្ធសម្រេចបាននៅឆ្នាំ២០១៩ មានជាង៤ម៉ឺន ៧ពាន់ហិកតានោះ បានប្រមូលទិន្នផលជ័រកៅស៊ូប្រមាណជា ៥ម៉ឺនតោន ខណៈនៅឆ្នាំ២០២០នេះ សហព័ន្ធកៅស៊ូវៀតណាមនឹងពង្រីកផ្ទៃដីចៀរជ័រកៅស៊ូឲ្យបានដល់៦ម៉ឺន ៥ពាន់ហិកតា ដើម្បីធ្វើការកែច្នៃក្នុងរោងចក្រ។
លោក ជាង ឡាំង ម្ចាស់ចម្ការកៅស៊ូនៅខេត្តរតនគីរី បានប្រាប់ឲ្យដឹងថា តម្លៃកៅស៊ូនៅឆ្នាំ២០១៩កន្លងទៅនេះ ហាក់មានភាពល្អប្រសើរគ្រាន់បើជាងឆ្នាំមុន ដោយតម្លៃសម្រាប់កៅស៊ូប្រភេទជ័រដុំធំៗមានតម្លៃចាប់ពី ២.៣៥០ រៀលក្នុងមួយគីឡូក្រាម ខណៈដែលប្រភេទជ័រដុំតូចៗដែលគេបង្កកដាក់ចានវិញ លក់បានក្នុងតម្លៃពី២.៧០០ រៀល ទៅ២.៨០០ រៀលក្នុងមួយគីឡូក្រាម។
លោក ជាង ឡាំង បានបន្ថែមទៀតថា ចំពោះតម្លៃកៅស៊ូប៉ុណ្ណេះ គឺជាតម្លៃសមរម្យ អាចធ្វើឲ្យម្ចាស់ចម្ការកៅស៊ូអាចបន្ដរស់បាន តែបើសិនជាម្ចាស់ចម្ការកៅស៊ូដែលមានបំណុលធនាគារច្រើន គឺពិតជាលំបាក ហើយ។
បើតាមការអះអាងរបស់ម្ចាស់ចម្ការកៅស៊ូ ទិន្នផលកៅស៊ូភាគច្រើនត្រូវបានលក់ជាវត្ថុធាតុដើមទៅឲ្យប្រទេសជិតខាង ពិសេសគឺវៀតណាម។ ពួកគាត់ក៏សង្ឃឹមថា នឹងមានរោងចក្រកែច្នៃកៅស៊ូក្នុងស្រុកឲ្យបានកាន់តែច្រើន នោះទើបធ្វើឲ្យតម្លៃទីផ្សារកៅស៊ូក្នុងស្រុកមានលំនឹង។
បើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានកៅស៊ូ បានបង្ហាញថា តម្លៃកៅស៊ូដែលប្រមូលទិញពីកសិករកៅស៊ូគ្រួសារនៅថ្ងៃទី ២០ ខែមករានេះ គិតជាមធ្យមសម្រាប់ប្រភេទកៅស៊ូទឹកជ័រ មានតម្លៃ តម្លៃ ៤.៦៥៣ រៀល ក្នុងមួយគីឡូក្រាម ខណៈដែលតម្លៃកៅស៊ូប្រភេទជ័រកក គិតជាមធ្យមមាន ២.៤០៤ រៀលក្នុងមួយគីឡូក្រាម។
សូមបញ្ជាក់ថា តាមរបាយការណ៍ពីក្រសួងកសិកម្មបង្ហាញថា កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូសរុបចំនួនជាង ៤៣ម៉ឺនហិកតា ក្នុងនោះ ផ្ទៃដីដែលចៀរជ័កៅស៊ូបានមានចំនួនជាង២៣ម៉ឺនហិកតា៕