បន្ថែមលើនេះ នឹងជួយលើកកម្ពស់ការគាំពារ និងការពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហគ្រាសធុនមីក្រូ តូច និងមធ្យម ព្រមទាំងជំរុញ និងពន្លឿនការចូលរួមទៅក្នុងប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងភាពរីកចម្រើនទៅមុខនៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា។
លោកឧកញ៉ា ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា បានគូសបញ្ជាក់ថា ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ គឺជាសក្តានុពលដ៏ធំសម្រាប់ការចូលរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ខណៈប្រជាជនកម្ពុជាដែលប្រកបមុខរបរនិងធ្វើការងារភាគច្រើនគឺនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងមិនទាន់អាចចូលរួមចំណែកឱ្យបានពេញលេញក្នុងដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជានៅឡើយ ដោយផលិតភាពពលកម្ម និងប្រសិទ្ធភាពសេដ្ឋកិច្ចនៃសកម្មភាពទាំងនោះនៅមានកម្រិតទាប។
បើតាមប្រធានសមាគមរូបនេះ ដោយមើលឃើញពីសក្តានុពលនិងបញ្ហាប្រឈមទាំងនេះ ធនាគារ វីង (ខេមបូឌា), ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា បានកំណត់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហគ្រាសធុនមីក្រូ តូច និងមធ្យម ជាអាទិភាពដ៏ចម្បងមួយក្នុងការចូលរួមជួយកែលម្អជីវភាពប្រជាជន និងជំរុញការស្ដារកំណើនសេដ្ឋកិច្ចកម្ពុជាឡើងវិញ តាមរយៈការលើកកម្ពស់ការគាំពារនិងការពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហគ្រាសធុនមីក្រូ តូច និងមធ្យម និងពន្លឿនការចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីធានាឱ្យបាននូវ ភាពធន់ ភាពប៉ាន់ប្រមាណបាន និងភាពរីកចម្រើនទៅមុខនៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និង ការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា។
គួរជម្រាបថា យោងតាមអង្កេតកម្លាំងពលកម្មឆ្នាំ២០១៩ នៅកម្ពុជា ប្រជាជនមានការងារ និងមុខរបរ មានចំនួនសរុបជិត៧,៩លាននាក់។ ក្នុងនោះ ប្រជាជនមានការងារធ្វើនៅក្នុងវិស័យក្នុង មានចំនួនជិត១,៧លាននាក់ ឬ២១,៥% នៃប្រជាជនមានការងារធ្វើសរុប។ ដោយឡែកប្រជាជនមានការងារធ្វើជិត៦,២លាននាក់ផ្សេងទៀតធ្វើការក្នុងវិស័យក្រៅប្រព័ន្ធ៕