នយោបាយថៃ

រដ្ឋសភាថៃនឹងបើកការដេញដោល និងបោះឆ្នោតដកការទុកចិត្តលើរដ្ឋមន្ត្រី១៨រូបនៅដើមខែក្រោយ


ព្យុះនយោបាយនៅក្នុងប្រទេសថៃ កំពុងឡើងកម្តៅខ្លាំង ដោយយុទ្ធនាការដេញដោល និងបោះឆ្នោត ដកសេចក្តីទុកចិត្តលើរដ្ឋមន្ត្រីក្រោមរដ្ឋបាលរបស់លោក អានុទីន ឆានវីរៈគុល ចំនួន១៨រូបនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែធ្នូខាងមុខ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ ការពន្យារពេលមកធ្វើនៅដើមខែធ្នូនេះ ត្រូវគេមើលឃើញថា ជាយុទ្ធសាស្ត្រមួយរបស់រដ្ឋាភិបាលថៃ ដោយសារវាចំអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យជាតិច្រើន ដែលអាចធ្វើឱ្យសារនយោបាយដ៏ក្តៅគគុករបស់ភាគីប្រឆាំងថមថយឥទ្ធិពល និងចំណាប់អារម្មណ៍ពីមហាជន។
រដ្ឋសភាថៃនឹងបើកការដេញដោល និងបោះឆ្នោតដកការទុកចិត្តលើរដ្ឋមន្ត្រី១៨
ដោយ

កាសែត The Nation របស់ថៃ បានរាយការណ៍នៅថ្ងៃទី២៨ ខែតុលា ថា គណបក្សប្រឆាំងដ៏ធំរបស់ថៃ ដឹកនាំដោយលោក ណាតាផុង រឿងបញ្ញាវុត បានដាក់ញត្តិវាយប្រហារផ្លូវច្បាប់ក្រោមមាត្រា ១៥១ នៃរដ្ឋធម្មនុញ្ញថៃ ប្រឆាំងនឹងរដ្ឋមន្ត្រីមួយចំនួនក្រោមការដឹកនាំរបស់លោក អានុទីន ឆានវីរៈគុល កាលពីថ្ងៃទី៨ ខែតុលា ជាមួយនឹងហត្ថលេខារបស់សមាជិកសភាចំនួន១៤៥រូប។ គោលដៅនៃការវាយប្រហារនេះ គឺតម្រង់ទៅរករដ្ឋមន្ត្រីចំនួន១៨រូប ក្នុងនោះរួមទាំងនាយករដ្ឋមន្ត្រី លោក អានុទីន ឆានវីរៈគុល ដែលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផងដែរ។ ដើមឡើយគណបក្សប្រឆាំងបានទាមទារឱ្យបើកសភាដេញដោលនៅចុងខែតុលា នេះក្នុងរយៈពេល៥ថ្ងៃពេញ។

ទាក់ទិននឹងបញ្ហានេះ លោក អានុទីន បានថ្លែងកាលពីថ្ងៃទី២៧ ខែតុលា ថា លោកបានទទួលលិខិតផ្លូវការពីប្រធានសភាថៃ លោក សូផុន សារ៉ាម ហើយបានជជែកជាមួយគណៈរដ្ឋមន្ត្រីរួចរាល់ហើយ ដោយអះអាងថា រដ្ឋមន្ត្រីរបស់លោកទាំងអស់ស្វាគមន៍ និងត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមដេញដោលចាប់ពីថ្ងៃទី៦ ខែធ្នូ តទៅ។

ដោយឡែកប្រធានសភាថៃ លោក សូផុន សារ៉ាម បានឱ្យដឹងនៅថ្ងៃទី២៨ ខែតុលា ថា ភាគីទាំងពីរបានព្រមព្រៀងគ្នាជាគោលការណ៍លើរូបមន្ត «៤+១» គឺដេញដោល៤ថ្ងៃ និងទុក១ថ្ងៃចុងក្រោយ សម្រាប់ការបោះឆ្នោតសម្រេចជោគវាសនាទុកចិត្ត ឬមិនទុកចិត្ត។

ទន្ទឹមនឹងនេះប្រធានក្រុមតំណាងរដ្ឋាភិបាលលោក កូរ៉ាវី ព្រីសាណានតាគុល បានឱ្យដឹងថា តំណាងភាគីទាំង៣ នឹងជួបប្រជុំគ្នានៅថ្ងៃទី២៩ ខែតុលា ដើម្បីចាត់ចែងកាលវិភាគចុងក្រោយ ដោយរំពឹងថា នឹងដេញដោលពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែធ្នូ ហើយបោះឆ្នោតផ្ដាច់ព្រ័ត្រនៅថ្ងៃទី១០ ខែធ្នូ។

ក្រុមអ្នកវិភាគនយោបាយនៅទីក្រុងបាងកក មើលឃើញថា ការរុញពេលវេលាពីចុងខែតុលា ទៅដើមខែធ្នូ គឺជាយុទ្ធសាស្ត្រមួយរបស់រដ្ឋាភិបាលលោក អានុទីន ដើម្បីមានពេលដកដង្ហើម ប្រមូលភស្តុតាង បិទបាំងចំណុចខ្សោយ និងរៀបចំយុទ្ធសាស្ត្រតបតការចោទប្រកាន់។ ប៉ុន្តែផ្ទុយទៅវិញ វាក៏ជាអាវុធមុខពីរផងដែរ ព្រោះវាបានផ្តល់ពេលវេលាបន្ថែមឱ្យភាគីប្រឆាំងក្នុងការសម្រួចអាវុធ ផ្ទៀងផ្ទាត់ឯកសារសម្ងាត់ និងជីកកាយភស្តុតាង ដើម្បបាញ់ប្រហារចំគោលដៅលើរដ្ឋមន្ត្រីទាំង១៨រូបនោះឱ្យកាន់តែខ្លាំងក្លា និងឥតប្រកែកបាន៕




អត្ថបទបន្ទាប់


សិង្ហបុរី និងឥណ្ឌូនេស៊ី រួមគ្នាបង្ក្រាមក្រុមហ៊ុនបង្កឱ្យមានផ្សែងអ័ព្ទពុលឆ្លងដែន ក្រោយពាក់មុខយក្សដាក់គ្នាអស់មួយរយៈ

បន្ទាប់ពីមានភាពតានតឹងផ្នែកការទូតលើបញ្ហាវិបត្តិផ្សែងអ័ព្ទពុល និងវិស័យថាមពលជាមួយគ្នានៅមួយរយៈចុងក្រោយ នៅពេលនេះប្រទេសសិង្ហបុរី និងឥណ្ឌូនេស៊…

សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ចាប់ដៃជាមួយក្រុមហ៊ុនឯកជនធំ២ ដាក់ឱ្យដំណើរការសេវា​គាំពារហិរញ្ញវត្ថុ​​សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម

សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៦ បានសហការគ្នាជាមួយ ធនាគារ វីង (ខេមបូឌា) និងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ