បច្ចុប្បន្នមានពលរដ្ឋកម្ពុជាចំនួន៥ម៉ឺននាក់កំពុងរស់នៅ និងធ្វើការនៅប្រទេសកូរ៉េ ខណៈពលរដ្ឋកូរ៉េជាង១ម៉ឺននាក់កំពុងរស់នៅ និងធ្វើការនៅកម្ពុជា។
ចាប់ពីពេលនេះតទៅពលរដ្ឋកម្ពុជាដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងត្បូងអាចប្រើប្រាស់របាយការណ៍ប្រវត្តិឥណទាននៅកម្ពុជា ដើម្បីខ្ចីប្រាក់ពីធនាគារនៅប្រទេសកូរ៉េខាងត្បូងសម្រាប់ពង្រីក និងបើកអាជីវកម្មរបស់ខ្លួន។ ជាមួយគ្នានេះពលរដ្ឋកូរ៉េ ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសកម្ពុជា ក៏អាចប្រើប្រាស់របាយការណ៍ប្រវត្តិឥណនានរបស់ខ្លួននៅកូរ៉េ ដើម្បីខ្ចីលុយពីធនាគារនៅកម្ពុជាបានដូចគ្នាផងដែរ។ ការទទួលបានសិទ្ធិបែបនេះ ធ្វើឡើងក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌាបានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ កូរ៉េ និងធនាគារ Joengbuk (JB) បង្កើតកិច្ចសហប្រតិបត្តិការលើសេវាចែករំលែករបាយការណ៍ព័ត៌មានឥណទានទ្វេភាគីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។
កត្តាដែលជំរុញឱ្យភាគីទាំងពីរបង្កើតកិច្ចសហប្រតិបត្តិការនេះឡើង គឺដោយសារកន្លងមកទាំងពលរដ្ឋខ្មែររស់នៅកូរ៉េ និងទាំងពលរដ្ឋកូរ៉េរស់នៅប្រទេសកម្ពុជាបានជួបការលំបាកក្នុងការទទួលបានឥណទានពីគ្រឹះស្ថានធនាគាររៀងៗខ្លួន ដោយសារការខ្វះរបាយការណ៍ពាក់ព័ន្ធនឹងប្រវត្តិឥណទានរបស់ពួកគេ។ ដូច្នេះតាមរយៈកិច្ចសហប្រតិបត្តិការនេះ វានឹងជួយបង្កើនលទ្ធភាពទទួលបានកម្ចី និងសេវាកម្មហិរញ្ញវត្ថុរបស់ពលរដ្ឋនៃប្រទេសទាំងពីរ។ បើយោងតាមរបាយការណ៍របស់ក្រសួងការបរទេស បច្ចុប្បន្នមានពលរដ្ឋកម្ពុជាប្រមាណជាង៥ម៉ឺននាក់កំពុងធ្វើការ និងរស់នៅប្រទេសកូរ៉េខាងត្បូង និងមានពលរដ្ឋកូរ៉េខាងត្បូងជាង១ម៉ឹននាក់កំពុងរស់នៅ និងធ្វើការនៅកម្ពុជា។ កម្ពុជារំពឹងថា ពលរដ្ឋ និងវិនិយោគិនកូរ៉េមករស់នៅ និងធ្វើការនៅកម្ពុជានឹងមានការកើនឡើងបន្ថែមទៀតនាពេលខាងមុខ ក្រោយមានក្រុមហ៊ុនកូរ៉េជាច្រើនកំពុងសិក្សាឱកាសវិនិយោគនៅកម្ពុជា។
ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា បានមានប្រសាសន៍ថា កម្ពុជា និងសាធារណរដ្ឋកូរ៉េ មានទំនាក់ទំនងទ្វេភាគីល្អរួចទៅហើយ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងហិរញ្ញវត្ថុ។ ឯកឧត្តមបានបង្ហាញអារម្មណ៍រីករាយក្នុងការនាំយកប្រទេសទាំងពីរមកក្រោមក្របខណ្ឌនៃសេវាចែករំលែករបាយការណ៍ព័ត៌មានឥណទានទ្វេភាគីនេះ ដែលអាចផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាជនកម្ពុជាមួយចំនួនធំនៅក្រៅប្រទេស ដើម្បីគាំទ្រដល់លទ្ធភាពទទួលបានហរិញ្ញវត្ថុ។
ស្រដៀងគ្នានេះ លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុនក្រេឌីត ប្រួរ៉ូ ខេមបូឌាបានលើកឡើងថា លោកមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការចាប់ដៃជាមួយក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ កូរ៉េ ដែលជាក្រេឌីត ប្យួរ៉ូ ឈានមុខគេមួយនៅសាធារណរដ្ឋកូរ៉េ ដែលជាផ្នែកមួយបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការជួយគាំទ្រដល់ប្រជាជនកម្ពុជាមួយចំនួនធំដែលកំពុងរស់នៅ និងធ្វើការនៅក្នុងសាធារណរដ្ឋកូរ៉េ ក្នុងការផ្តល់លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ។ លោកបានចាត់ទុកការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៃប្រជាជនទាំងក្នុង និងក្រៅប្រទេស គឺជាអាទិភាពចម្បងរបស់លោក។ នេះជាកិច្ចសហការលើសេវាចែករំលែករបាយការណ៍ព័ត៌មានឥណទានទ្វេភាគីដែល ស៊ីប៊ីស៊ី បានធ្វើបន្ទាប់ពីសហការជាមួយក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ សិង្ហបុរី កាលពីខែមីនា ឆ្នាំ ២០២៣ កន្លងទៅនេះ៕