សេដ្ឋកិច្ចកម្ពុជា បានក្លាយជាសេដ្ឋកិច្ចដែលមានកំណើនលូតលាស់ដ៏ឆាប់រហ័សមួយនៅក្នុងតំបន់ នៅក្នុងរយៈពេលជាង៣ទសវត្សរ៍មកហើយ ដោយអត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំមានក្នុងរង្វង់ ៧%។ ប៉ុន្ដែ ចាប់តាំងពីមានការផ្ទុះរាលដាលកូវីដ១៩រាប់តាំងពីឆ្នាំ២០២០មក សេដ្ឋកិច្ចកម្ពុជាបានថមយចុះ ប៉ុន្ដែ វាបានចាប់ផ្ដើមងើបឡើងវិញកាន់តែប្រសើរដែរនៅឆ្នាំ២០២២ និងរំពឹងកំណើនបន្ដកើនឡើងថែមទៀតនៅឆ្នាំ២០២៣។
ទស្សនាវដ្ដី News Week ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានចុះផ្សាយ ដោយស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលធ្លាប់បានលើកឡើងកាលពីខែតុលា ឆ្នាំ២០២២ថា «ព្រះរាជាណាចក្រកម្ពុជា...បានបង្កើត និងអនុវត្តកំណែទម្រង់ជាប់ជានិច្ចដោយបានរៀបចំ និងកែលម្អក្របខណ្ឌបទប្បញ្ញត្តិក៏ដូចជាគោលនយោបាយ និងយុទ្ធសាស្ត្រជាតិដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ធនធានមនុស្ស និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ម្យ៉ាងវិញទៀត កម្ពុជាបានខិតខំលើកកម្ពស់ជីវភាពរស់នៅឱ្យបានខ្លាំងក្លា និងរឹងមាំរបស់ប្រជាពលរដ្ឋមូលដ្ឋាន។ ដោយសារកំណើនសេដ្ឋកិច្ចខ្ពស់ ប្រទេសកម្ពុជាបានក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ ហើយនឹងបន្តដំណើរឆ្ពោះទៅកាន់ឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០»។
បន្ថែមពីនេះ កម្ពុជាក៏ទើបតែបានដាក់ចេញនូវច្បាប់នេះវិនិយោគថ្មី ដោយច្បាប់នេះបានបង្កើតក្របខណ្ឌមួយបើកចំហ តម្លាភាព ដែលអាចព្យាករបាន និងអំណោយផលសម្រាប់អ្នកវិនិយោគ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង និងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ។ ច្បាប់នេះក៏បានផ្ដល់ការលើកទឹកចិត្តក្នុងវិស័យជាច្រើនរួមទាំងវិស័យពាក់ព័ន្ធនឹងការច្នៃប្រឌិត ការស្រាវជ្រាវ និងការអភិវឌ្ឍ កសិកម្ម ទេសចរណ៍ និងការថែទាំសុខភាពផងដែរ។ ថាមពលបៃតងក៏ត្រូវបានលើកកម្ពស់ផងដែរ ដែលវាជាផ្នែកនៃកត្តាជំរុញមួយរបស់កម្ពុជាក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ។ វិនិយោគិនដែលមានសិទ្ធិអាចទាមទារការលើកទឹកចិត្តពន្ធ រួមទាំងការលើកលែង និងការកាត់ចំណាយមូលធនផងដែរ។ ការកែប្រែច្បាប់ស្ដីពីការវិនិយោគនេះក៏បានផ្ដល់ការធានាពីការវិនិយោគរួមទាំងការផ្ទេរមូលធន និងឱកាសថ្មីសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលជាសរសៃឈាមជីវិតរបស់សេដ្ឋកិច្ចផងដែរ។ ការកែលម្អទាំងនេះធ្វើឡើងដើម្បីជួយគាំទ្រដល់ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចឱ្យរឹងមាំ។
នៅក្នុងការជំរុញឱ្យសម្រេចបាននូវឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅចុងទសវត្សរ៍នេះ រដ្ឋាភិបាលកម្ពុជាមានឆន្ទៈក្នុងការទាញយកសក្តានុពលនៃមូលធនឯកជន រួមទាំងការកើនឡើងជាលំដាប់នូវអ្នកវិនិយោគបរទេស ដែលចូលមកកាន់ទីផ្សារប្រកបដោយថាមពលមួយនេះ។
នៅពេលនិយាយដល់ការស្រូបទាញការវិនិយោគពីបរទេស គេមិនអាចមើលរំលងបានឡើយនូវដៃគូក្នុងស្រុកដ៏រឹងមាំ មានតម្លាភាព ពោរពេញដោយសមត្ថភាព និងបទពិសោធន៍ ដើម្បីផ្ដល់នូវទំនុកចិត្តសម្រាប់អ្នកវិនិយោគពីបរទេស ក្នុងការចាប់ធ្វើជាដៃគូវិនិយោគ។
ក្រុមហ៊ុន WorldBridge Group ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅកម្ពុជាដែលមានវិនិយោគពហុវិស័យ ត្រូវបានគេចាត់ទុកថា គឺជាក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយ ដែលមានចាប់ដៃគូជាមួយក្រុមហ៊ុនវិនិយោគគ្រាក់ៗជាច្រើនពីបរទេស រាប់តាំងពីក្រុមហ៊ុនអាមេរិក អឺរ៉ុប និងសិង្ហបុរីជាដើម។
នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយទស្សនាវដ្ដី News Week របស់អាមេរិក ដែលជាបណ្ដាញសារព័ត៌មានដែលមានអាយុកាលជាង៩០ឆ្នាំមកហើយនោះ អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន WorldBrige Group បានមានប្រសាសន៍ថា អ្នកឧកញ៉ាបានចាប់ផ្ដើមក្រុមហ៊ុន WorldBridge ជាមួយដើមទុនវិនិយោគដំបូងត្រឹមតែ ១ពាន់ដុល្លារអាមេរិកប៉ុណ្ណោះ។ ដោយធ្លាប់មានបទពិសោធន៍ ធ្វើការឲ្យអង្គការសហប្រជាជាតិ ក្នុងនាមជាមន្ត្រីផ្នែកភស្ដុភារ អ្នកឧកញ៉ា ក៏បានកសាងក្រុមហ៊ុននេះឡើង ជាមួយនឹងតម្លាភាព និងគណនេយ្យភាព ដែលទាំងអស់នេះ គឺជាដើមទុនសំខាន់ណាស់សម្រាប់ការចាប់ដៃគូវិនិយោគ ជាមួយនឹងអ្នកវិនិយោគពីខាងក្រៅស្រុក។
អ្នកឧកញ៉ា សៀ ឫទ្ធី អះអាងថា ពេលលោកចាប់ផ្ដើមបើកក្រុមហ៊ុនដឹកជញ្ជូន និងភស្ដុភារជាលើកដំបូងនោះ អតិថិជនដំបូងរបស់លោករួមមាន ស្ថានទូតអាមេរិក និងទីភ្នាក់ងារអង្គការសហប្រជាជាតិ ហើយក្រោមមកក៏មានក្រុមហ៊ុនសម្លៀកបំពាក់កីឡាពិភពលោក Nikeផងដែរ បច្ចុប្បន្ន ក្រុមហ៊ុនរបស់អ្នកឧកញ៉ា សៀ ឫទ្ធី ក៏មានចាប់ដៃគូជាមួយក្រុមហ៊ុនអាមេរិក Brink និងក្រុមហ៊ុនចក្រភពអង់គ្លេស Unilever ជាដើម ដែលនេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញពីឋានៈរបស់ក្រុមហ៊ុន WorldBridge ក្នុងនាមជាដៃគូដ៏គួរឲ្យទុកចិត្តនៅកម្ពុជា។
ដោយសារតែមានកេរ្ដិរ៍ឈ្មោះល្អ និងតម្លាភាព ក្រុមហ៊ុន WorldBridge ក៏បានក្លាយជាក្រុមហ៊ុនកម្ពុជាតែមួយគត់ ដែលត្រូវបានអញ្ជើញឲ្យចូលរួមក្នុងវេទិកាសេដ្ឋកិច្ចរបស់ស្ថាប័ន Bloomberg និងជាលើកដំបូងបានចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូសប្រទេសស្វីសផងដែរ។
ពាក់ព័ន្ធនឹងទស្សនិវិស័យវិនិយោគ អ្នកឧកញ៉ា សៀ ឫទ្ធី តែងតែលើកយកពាក្យមួយឃ្លាមកនិយាយថា «ខ្ញុំមិនព្យាយាមផឹកទឹកអណ្តូងខ្លួនឯងទេ បើសិនជាយើងនាំគ្នាផឹកទឹកអណ្តូងរបស់យើងគ្រប់គ្នា នៅថ្ងៃណាមួយ អណ្តូងរបស់យើងនឹងរីង។ ដូច្នេះ ខ្ញុំត្រូវស្វែងរកប្រភពទឹកទន្លេ និងសមុទ្រពីខាងក្រៅ នោះទើបយើងមិនចេះរីងស្ងួត»។
ក្នុងន័យនេះ អ្នកឧកញ៉ាចង់បញ្ជាក់ថា លោកមិនព្យាយាមធ្វើការវិនិយោគតែនៅក្នុងស្រុកទេ ប៉ុន្តែ លោកត្រូវស្វែងរកប្រភពទុន ជំនួញពាណិជ្ជកម្មធំៗមកពីក្រៅប្រទេស ដើម្បីសហការវិនិយោគរួមគ្នា នោះទើបធ្វើឲ្យមុខជំនួញរបស់លោកកាន់តែរីកចម្រើនមិនចេះរីងស្ងួត ហើយនាំមកនូវការបង្កើតការងារ និងចំណូលចូលជាតិ តាមរយៈការបង់ពន្ធផ្សេងៗផង។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងទស្សនាវដ្ដី News Week ដដែលនោះ អ្នកឧកញ៉ា សៀ ឫទ្ធី បានលើកឡើងទៀតថា អ្នកឧកញ៉ាចង់ឲ្យកម្ពុជាស្ថិតនៅលើឆាកពិភពលោក និងចង់ឱ្យអ្នកវិនិយោគធ្វើការនិយោគផ្ទាល់ពីបរទេស (FDI) មកកាន់កម្ពុជាកាន់តែច្រើនថែមទៀត ដ្បិតថា ទីនេះ គឺជាទីផ្សារដែលកំពុងរីកចម្រើន ហើយបើទោះបីថា វាមានបញ្ហាប្រឈមមួយចំនួនក៏ដោយចុះ ប៉ុន្តែបញ្ហាប្រឈមទាំងនោះ ក៏ជាឱកាសសម្រាប់អ្នកវិនិយោគផងដែរ។ ប្រសិនបើអ្នកវិនិយោគជ្រើសរើសដៃគូត្រឹមត្រូវ នោះពួកគេនឹងទទួលបានជោគជ័យយ៉ាងខ្លាំងនៅកម្ពុជា»។
តាមការព្យាករពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា នៅឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជារំពឹងកំណើនមានដល់ ៥,៤% និងបន្ដកើនឡើងដល់ ៦,៦% នៅឆ្នាំ២០២៣។ ជាមួយគ្នានេះ សម្រាប់ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់នៅឆ្នាំ២០២៣ នឹងមានដល់ ១ ៩២៤ ដុល្លារ ខណៈឆ្នាំ២០២២មានត្រឹម ១ ៧៨៥ដុល្លារប៉ុណ្ណោះ៕
ប្រែសម្រួលដោយ ៖ សុខ ជា