សេដ្ឋកិច្ចពាណិជ្ជកម្ម

ក្រុមអ្នកសេដ្ឋកិច្ចយល់ឃើញបែបណាចំពោះការធ្វើពាណិជ្ជកម្មអន្តរជាតិកម្ពុជានៅ១០ខែឆ្នាំនេះ?


ស្ថានភាពការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ហាក់នៅតែមានទំនោរធ្លាក់ចុះ ពោលគឺនៅក្នុងរយៈពេល១០ខែឆ្នាំ២០២៣ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយនឹងទីផ្សារអន្តរជាតិ សម្រេចបានក្នុងទំហំទឹកប្រាក់ជាង៣៨ពាន់លានដុល្លារ ថយចុះជាង៣% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។
1
ដោយ

ក្រុមអ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ចកត់សម្គាល់ឃើញថា វិបត្តិសកលនៅតែជាកត្តាប្រឈម ដែលធ្វើឲ្យការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារអន្តរជាតិ នៅក្នុងរយៈពេល១០ខែឆ្នាំ២០២៣ មានការធ្លាក់ចុះ ជាពិសេសដៃគូពាណិជ្ជកម្មធំៗរបស់កម្ពុជាមួយចំនួនដូចជា ចិន អាម៉េរិក និងវៀតណាមជាដើម។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជានាយកវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិតសភាកម្ពុជាកត់សម្គាល់ឃើញថា ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយអន្តរជាតិ នៅ១០ខែឆ្នាំ២០២៣ នៅតែមានទំនោរធ្លាក់ចុះ ខណៈការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារធំៗ មួយចំនួន ក៏មានការធ្លាក់ចុះដូចគ្នា។ បើតាមអ្នកជំនាញរូបនេះ ទីផ្សារចិន អាម៉េរិក និងវៀតណាមជាដើម សុទ្ធតែជាទីផ្សារសំខាន់ៗ សម្រាប់ការនាំចេញទំនិញរបស់កម្ពុជា ជាពិសេសទីផ្សារសហរដ្ឋអាម៉េរិក ដែលកន្លងមក កម្ពុជាបាននាំចេញទំនិញប្រមាណជាង៤០%ឯណោះទៅកាន់ទីផ្សារដ៏ធំមួយនេះ។ ក៏ប៉ុន្តែ ដោយសារបញ្ហាវិបត្តិសកលលោក នៅតែបន្តជះឥទ្ធិពលមកលើសេដ្ឋកិច្ចពិភពលោក រួមទាំងប្រទេសកម្ពុជាផងនោះ ទើបធ្វើឲ្យការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារធំៗទាំងនេះ ហាក់មានទំនោរធ្លាក់ចុះ ពិសេសទីផ្សារសហរដ្ឋអាម៉េរិកតែម្ដង។ សម្រាប់អ្នកជំនាញរូបនេះ ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអាម៉េរិកហាក់មានការធ្លាក់ចុះខ្លាំងជាងទីផ្សារចិន និងវៀតណាម ដោយសារទំនិញកម្ពុជាដែលនាំចេញទៅសហរដ្ឋអាម៉េរិក ភាគច្រើនជាទំនិញស្ថិតក្នុងវិស័យវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរដែលជាទំនិញមិនសូវមានភាពចាំបាច់ ដូចជាផលិតផលកសិកម្ម។

ស្រដៀងគ្នានេះដែរ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាមួយរូបដែរនោះ បានកត់សម្គាល់ឃើញថា បើទោះបីវិបត្តិសាកលលោកនៅបន្តជះឥទ្ធិពលដល់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយអន្តរជាតិ និងបានធ្វើឲ្យទំហំពាណិជ្ជកម្មសរុបនៅរយៈពេល១០ខែឆ្នាំ២០២៣មានការថយចុះបន្តិចក៏ពិតមែន ប៉ុន្តែបើមើលទៅលើស្ថានភាពពាណិជ្ជកម្មកម្ពុជា ជារួមហាក់មានស្ថានភាពកាន់តែល្អប្រសើរ។ សម្រាប់អ្នកជំនាញសេដ្ឋកិច្ចរូបនេះ នៅតែរំពឹងយ៉ាងមុតមាំថា ទាំងការធ្វើពាណិជ្ជកម្ម និងការនាំចេញទំនិញរបស់កម្ពុជា នៅតែរក្សាបានកំណើនជាវិជ្ជមាន ជាពិសេសតាមរយៈការអនុវត្តន៍​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា រួមទាំងការអនុវត្តន៍នូវច្បាប់ពាណិជ្ជកម្មថ្មីជាដើម ដែលសុទ្ធសឹងតែជាកត្តារួមចំណែកសំខាន់ក្នុងការបង្កើនឱកាសវិនិយោគ និងការធ្វើពាណិជ្ជកម្ម។

សូមបញ្ជាក់ថា នៅរយៈពេល ១០ខែឆ្នាំ២០២៣ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយនឹងអន្តរជាតិ សម្រេចបានក្នុងទំហំទឹកប្រាក់ជាង៣៨ពាន់លានដុល្លារ ថយចុះជាង៣% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា មានទំហំទឹកប្រាក់ជាង១៨ពាន់លានដុល្លារ និងនាំចូលមកវិញគិតជាទឹកប្រាក់មានទំហំជាង២០ពាន់លានដុល្លារ ធ្លាក់ចុះ៥% បើធៀបនឹងឆ្នាំ ២០២២។ ចិននៅតែមានទំហំពាណិជ្ជកម្មជាមួយកម្ពុជាច្រើនជាងគេ សរុបជាង១០ពាន់លានដុល្លារ កើនឡើង៤,៦%។ ចំណែកអាម៉េរិក ស្ថិតនៅលេខរៀងទី២ ដែលមានទំហំពាណិជ្ជកម្មជាមួយកម្ពុជា ជាង៧ពាន់លានដុល្លារ។ សម្រាប់ទំនិញសំខាន់ៗ ដែលកម្ពុជានាំចេញរួមមាន ផលិតផលកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង គ្រឿងបង្គុំអគ្គិសនី និងឧបករណ៍អគ្គិសនី ផលិតផលកសិកម្ម និងទំនិញផ្សេងៗ ដទៃទៀត​៕

None



អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះធ្វើឱ្យប្រាក់ចំណេញរបស់កំពង់ផែស្វយ័តភ្នំពេញធ្លាក់ចុះជិត៣៥% នៅ៩ខែឆ្នាំនេះ?

កំពង់ផែស្វយ័តភ្នំពេញទទួលបានប្រាក់ចំណូលសរុបជាង២៦លានដុល្លារអាម៉េរិក នៅ៩ខែនេះ ធ្លាក់ចុះជាង៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ក្នុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ