បំណុលសាធារណៈ

បំណុលសាធារណៈរបស់កម្ពុជាកើនដល់ជាង១១ពាន់លានដុល្លារ ខណៈចិនជាម្ចាស់បំណុលធំជាងគេ


កម្រិតបំណុលសាធារណៈរបស់កម្ពុជាមានការកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលសបញ្ជាក់ឱ្យឃើញថា កម្ពុជានៅតែមានតម្រូវការទុនខ្ពស់សម្រាប់បម្រើឱ្យការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសំខាន់ៗ សំដៅជួយជំរុញ និងពង្រីកការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជា។ ជាក់ស្តែង គិតត្រឹមត្រីមាសទី១ឆ្នាំ២០២៤ បំណុលរបស់កម្ពុជាមានជាង១១ពាន់លានដុល្លារអាម៉េរិក ក្នុងនោះកម្ពុជាជំពាក់បំណុលចិនជាងគេ ក្នុងចំណោមម្ចាស់បំណុលបរទេសទាំងអស់។
បំណុលសាធារណៈ
ដោយ

ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចបានអះអាងថា កម្រិតបំណុលសាធារណៈរបស់កម្ពុជាក្នុងទំហំជាង១១ពាន់លានដុល្លារនេះ គឺស្ថិតនៅក្នុងកម្រិតទាបជាងពិដានកំណត់នៅឡើយ និងមិនទាន់បង្កជាហានិភ័យដល់សេដ្ឋកិច្ចកម្ពុជានោះទេ។

យោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបង្ហាញថា គិតត្រឹមត្រីមាសទី១ឆ្នាំ២០២៤ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបជាង១១ពាន់លានដុល្លារអាម៉េរិក ដោយក្នុងនោះស្ទើរ១០០% ជាបំណុលសាធារណៈក្រៅប្រទេស។ ក្នុងចំណោមបំណុលទាំងនេះកម្ពុជាបានខ្ចីក្នុងក្របខណ្ឌទ្វេភាគីប្រមាណ៦៤% និងក្របខណ្ឌពហុភាគីមាន៣៦% ហើយសម្រាប់ក្របខណ្ឌបំណុលទ្វេភាគី កម្ពុជាបានជំពាក់ប្រទេសចិនច្រើនជាងគេបង្អស់ បន្ទាប់មកគឺជប៉ុន កូរ៉េខាងត្បូង និងបារាំង។

ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានវាយតម្លៃថា កម្រិតបំណុលសាធារណៈរបស់កម្ពុជាបច្ចុប្បន្ន គឺស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមានចីរភាព និងហានិភ័យកម្រិតទាប បើទោះបីជាសេដ្ឋកិច្ចកម្ពុជាទទួលរងនូវផលប៉ះពាល់ពីការរីករាលដាលនៃវិបត្តិជំងឺកូវីដ-១៩ និងពីកត្តាខាងក្រៅផ្សេងៗទៀតយ៉ាងណាក្តី តួយ៉ាងរាល់សូចនាករបំណុលគន្លឹះៗទាំងអស់ សុទ្ធតែស្ថិតក្រោមអនុបាតគោល ដោយអនុបាតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រៅប្រទេសធៀបនឹង ផសស មានត្រឹមកម្រិត១៩% ធៀបនឹងអនុបាតគោល៤០%។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ដែរថា ការរក្សាបាននូវចីរភាពបំណុលសាធារណៈនេះ គឺអាស្រ័យដោយកម្ពុជាមានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយដ៏រឹងមាំ ដែលរួមមាន៖ ក្របខ័ណ្ឌគតិយុត្ត, គោលនយោបាយ, យុទ្ធសាស្ត្រ, និងនីតិវិធីគ្រប់គ្រងប្រតិបត្តិការគ្រប់ជ្រុងជ្រោយ, សមត្ថភាពស្ថាប័ន និងធនធានមនុស្សគ្រប់គ្រាន់ និងប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងប្រតិបត្តិការ និងរក្សាទុកទិន្នន័យ ដើម្បីជាមូលដ្ឋាននៃការវិភាគ និងតាមដានហានិភ័យបំណុលជាដើម។ សម្រាប់ថ្នាក់ដឹកនាំរូបនេះការគ្រប់គ្រងបំណុលសាធារណៈប្រកបដោយចីរភាព, ប្រសិទ្ធិភាព និងស័ក្ដិសិទ្ធិភាពបានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់គួរជាទីមោទនៈ ក្នុងរយៈកាលជាងពីរទស្សវត្សរ៍កន្លងមក ព្រមទាំងបានធ្វើឱ្យកម្ពុជាមានសមត្ថភាពកៀរគរឥណទានសម្បទានបានច្រើនជាងមុន សម្រាប់បំពេញតម្រូវការហិរញ្ញប្បទានលើវិស័យអាទិភាពចំពោះមុខនានាផងដែរ។

សូមជម្រាបថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួនជាង១៤០លានដុល្លារអាម៉េរិក ដែលស្មើនឹងប្រមាណ៦% នៃពិតានដែលច្បាប់អនុញ្ញាត ហើយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ឃើញថាមានការថយចុះប្រមាណ៧១%។ បើតាមក្រសួងសេដ្ឋកិច្ច ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ៤០% ខណៈគោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្មជាដើម៕

None



អត្ថបទបន្ទាប់


ប្រព័ន្ធរំដោះទឹកស្ទឹងព្រែកត្នោតតម្លៃប្រមាណ៤០០លានដុល្លារសម្រេចការសាង់សង់បាន៧៦% ហើយ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចាត់ទុកប្រព័ន្ធធារាសាស្ត្ររំដោះទឹកស្ទឹងព្រែកត្នោត គឺជាប្រឡាយប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលត្…

ក្រុមហ៊ុន Lao Airline សម្រេចផ្អាកជើងហោះហើរវៀងចន្ទន៍-ភ្នំពេញ ក្រោយដំណើរការមិនបាន៣ខែស្រូលបួល

ក្រោយបើកដំណើរការហោះហើរមិនបាន៣ខែស្រួលបួលផង ក្រុមហ៊ុនអាកាសចរណ៍ Lao Airlines បានសម្រេចផ្អាកជើងហោះហើរពីទីក្រុងវៀងចន្ទន៍មកកាន់រាជធានីភ្នំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ