
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានគូសបញ្ជាក់ឱ្យដឹងថា ទោះបីសង្រ្គាមពន្ធគយរវាងសហរដ្ឋអាម៉េរិក និងចិន កំពុងឡើងកម្តៅយ៉ាងណាក្តី តែវាមិនបានធ្វើឱ្យតម្លៃដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា មានការកើនឡើងនោះទេ ពោលគឺបច្ចុប្បន្នតម្លៃដឹកជញ្ជូនពីកម្ពុជា ទៅកាន់សហរដ្ឋអាម៉េរិក បន្តស្ថិតក្នុងរង្វង់ជាង២ពាន់ដុល្លារ ទៅជាង៣ពាន់ដុល្លារ ក្នុងមួយទូកុងតឺន័រ ខណៈទៅតំបនអឺរ៉ុប មានតម្លៃក្នុងរង្វង់ជាង១ពាន់ដុល្លារ ទៅជាង២ពាន់ដុល្លារ ក្នុងមួយទូកុងតឺន័រ។ តែទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះបានវាយតម្លៃថា វិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា អាចនឹងជួបឧបសគ្គ និងបញ្ហាប្រឈមមួយចំនួន ប្រសិនបើកម្ពុជា មិនអាចចរចាសុំបញ្ចុះពន្ធបដិការ ឬពន្ធទៅវិញទៅមកជាមួយអាម៉េរិក ក្នុងរយៈពេលលើកលែង៩០ថ្ងៃបានទេនោះ។
ស្រដៀងគ្នានេះ ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អេចប្រេស ខេមបូឌា បានអះអាងថា មកទល់ពេលនេះតម្លៃដឹកជញ្ជូន ក៏ដូចជាចរន្តដឹកជញ្ជូនទំនិញតាមផ្លូវទឹករបស់កម្ពុជា ទៅកាន់តំបន់អឺរ៉ុប និងទីផ្សារសហរដ្ឋអាម៉េរិក មិនទាន់បានបង្ហាញសញ្ញាអវិជ្ជមានគួរឱ្យកត់សម្គាល់នៅឡើយទេ បើទោះបីសង្គ្រាមពន្ធដែលបញ្ឆេះដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានធ្វើឱ្យទីផ្សារសកលរងការជ្រួលច្របល់ក៏ដោយ។ បើតាមអ្នកជំនាញរូបនេះ សម្ទុះនៃការដឹកជញ្ជូនទំនិញតាមផ្លូវទឹករបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នៅត្រីមាសទី១ឆ្នាំនេះ ហាក់មានកំណើនខ្ពស់ជាងឆ្នាំមុន ក្នុងរង្វង់ប្រមាណ២០% ពិសេសទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិកតែម្តង បើទោះបីជាកំពុងមានបញ្ហាសម្ពោធពន្ធយ៉ាងណាក្តី។
គួរជម្រាបថា នៅត្រីមាសទី១ ឆ្នាំ២០២៥ នេះ ការដោះដូរពាណិជ្ជកម្មរបស់ម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់ជាង១៤ពាន់លានដុល្លារ កើនឡើងជាង១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះកម្ពុជា នាំចេញទៅកាន់ទីផ្សារអន្តរជាតិ មានជាង៦ពាន់៨រយលានដុល្លារ កើនឡើង៩,៨% ខណៈកម្ពុជា នាំចូលមកវិញមានទំហំជាង៧ពាន់៥រយលានដុល្លារ កើនឡើង២១,៥%។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕