នៅក្នុងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ទៀតថា ករណីឆ្លងទាំង១៥នាក់នោះ សុទ្ធតែជាបុរសជនជាតិខ្មែរ ដែលមកពីរាជធានីភ្នំពេញចំនួន០២នាក់ ,ខេត្តកណ្តាលចំនួន០៣នាក់, ត្បូងឃ្មុំចំនួន០៧នាក់, តាកែវចំនួន០២នាក់ ,ក្រចេះ០១នាក់ ដោយអ្នកទាំង១៥នាក់នេះ បានធ្វើដំណើរមកពីប្រទេសអារ៉ាប៊ីតសាអូឌីត ហើយបានបន្តជើងហោះហើរពីប្រទេសម៉ាឡេស៊ី មកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។
គួរកត់សម្គាល់ថា នៅក្នុងជើងហោះហើរ ដែលបុរសទាំង១៥នាក់នេះ បានធ្វើដំណើរមក ក៏មានអ្នករួមដំណើរចំនួន៧៩នាក់ផ្សេងទៀតផងដែរ តែតេស្តរកឃើញអវិជ្ជមានជំងឺនេះ។ ដោយឡែកសម្រាប់អ្នកឆ្លងថ្មីទាំង១៥នាក់នោះ ត្រូវបានក្រសួងរៀបចំឲ្យនៅសម្រាកព្យាបាលនៅក្នុងមណ្ឌលសុខភាពចាក់អង្រែ ក្នុងរាជធានីភ្នំពេញ ខណៈដែលអ្នករួមដំណើរចំនួន៧៩នាក់ទៀត ត្រូវដាក់ឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅក្នុងមណ្ឌលជម្ពូវ័ន្ត ក្នុងរាជធានីភ្នំពេញ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ ចំនួន ១៥៦នាក់ហើយ នៅក្នុងនោះ មានអ្នកជាសះស្បើយចំនួន១៣៣នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ២៣នាក់ ៕