ក្រោយពីតាមចរចានិងធ្វើការងារយ៉ាងអំណត់និងសកម្មជាមួយសហភាពអឺរ៉ុប អស់រយៈពេលជិត ១០ឆ្នាំ ប្រទេសវៀតណាមបានសម្រេចនូវមហិច្ឆតារបស់ខ្លួនហើយ លើការចុះហត្ថលេខាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងការពារការវិនិយោគ ជាមួយនឹងសហភាពអឺរ៉ុប កាលពីថ្ងៃទី ៣០ ខែមិថុនាកន្លងទៅថ្មីៗនេះ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងអឺរ៉ុបនេះទៀតសោត ត្រូវបានគេមើលឃើញថា គឺជាកិច្ចព្រមព្រៀងបើកចំហរទីផ្សារគ្រប់ជ្រុយជ្រោយជាលើកដំបូងមួយរបស់អឺរ៉ុប ដែលធ្វើជាមួយនឹងប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ី។
ការនាំចេញអង្ករ និងសម្លៀកបំពាក់នាំទៅអឺរ៉ុប នឹងអាចប្រឈមមុខខ្លាំងជាងគេ?
ទាក់ទិននឹងកិច្ចព្រមព្រៀងពាណិជ្ចកម្មសេរីរវាងវៀតណាម អឺរ៉ុបនេះដែរ អ្នកជំនាញ និងអ្នកជំនួញនៅប្រទេសកម្ពុជាក៏បានបង្ហាញពីក្ដីបារម្ភខ្លាំងណាស់ដែរ ចំពោះហានិភ័យដែលអាចនឹងកើតឡើង លើការនាំចេញរបស់កម្ពុជា។
លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុននាំចេញអង្ករ Amru Rice បានលើកឡើងនូវក្ដីព្រួយបាម្ភចំពោះហានិភ័យសម្រាប់ការនាំចេញអង្កររបស់កម្ពុជា ដែលអាចនឹងកាន់តែលំបាកក្នុងការប្រជែងទីផ្សារអឺរ៉ុបជាមួយវៀតណាម ដ្បិតថាវៀតណាម ក៏មាននាំចេញអង្ករប្រភេទអង្ករ ទៅអឺរ៉ុបដូចកម្ពុជាដែរ។ ហើយអង្ករវៀតណាមទាំងនោះ ក៏មានតម្លៃថោកជាងកម្ពុជាយើងទៀតផង។
«យើងក៏មានការព្រួយបារម្ភដែរ ព្រោះទំនិញនាំចេញទៅកាន់ទីផ្សារអឺរ៉ុប ដូចជាប្រភេទអង្ករបាយទន់ អង្ករក្រអូបរបស់វៀតណាម ក៏មានការទទួលស្គាល់ដែរ។ យើងខ្លាចគាត់មានសក្ដានុពល ហើយតម្លៃគាត់ [អង្ករ] ថោក។ ដូច្នេះ អញ្ចឹងហើយ វាធ្វើឲ្យយើងនឹងអាចលំបាកចូលទៅកាន់ទីផ្សារខ្លះនៅអឺរ៉ុប។» នេះជាប្រសាសន៍របស់លោកឧកញ៉ា សុង សារ៉ន។
ទោះបីជា ក្រោយពីបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអឺរ៉ុប និងមានការកំណត់កូតានាំចេញអង្ករទៅអឺរ៉ុបក៏ពិតមែន ប៉ុន្ដែ លោកឧកញ៉ា សុង សារ៉ន បញ្ជាក់ថា វៀតណាម គឺជាប្រទេសមានការស្រាវជ្រាវ និងអភិវឌ្ឍខ្លួនលឿនណាស់ ដូច្នេះ មិនយូរទេ វៀតណាមអាចនឹងដណ្ដើមបានចំណែកទីផ្សារអង្ករទៅអឺរ៉ុប កាន់តែធំ ដែលវាជាក្ដីបារម្ភធំមួយសម្រាប់កម្ពុជា ទៅពេលខាងមុខ។
ជាមួយគ្នានេះដែរ លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងជាអ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា ក្នុងកាលៈទេសៈដែលវៀតណាមទទួលបានពាណិជ្ជកម្មសេរីជាមួយអឺរ៉ុបនេះ សម្រាប់កម្ពុជា គឺមានផលវិជ្ជមានផង និងអវិជ្ជមានផង។
លោក ច័ន្ទ សុផល មានប្រសាសន៍យ៉ាងដូច្នេះ «ខ្ញុំមើលឃើញវាមានទាំងចំណុចវិជ្ជមាន និងអវិជ្ជមាន។ ចំណុចវិជ្ជមាននៅត្រង់ថា យើងអាចនាំចេញទំនិញមួយចំនួនសម្រាប់វៀតណាម ដើម្បីយកធ្វើជាធាតុចូលសម្រាប់ផលិតធ្វើជាទំនិញសម្រច នាំទៅអឺរ៉ុបហ្នឹង។ ចំពោះផលអវិជ្ជមានវិញ គឺយើងមានផលិតទំនិញដូចគ្នានឹងប្រទេសវៀតណាម ហើយនាំចេញទៅអឺរ៉ុបដូចគ្នា។ បើសិនភាពប្រកួតប្រជែងយើងកាន់តែលំបាក ហើយបើសិនបាត់ភាពអនុគ្រោះពន្ធ EBA ទៀតនោះ វាកាន់តែលំបាក។ ឧទាហរណ៍ ផ្នែកសម្លៀកបំពាក់ វៀតណាមគេផលិតច្រើនជាងយើងហើយក៏នាំទៅអឺរ៉ុបដែរ អញ្ចឹងបើវៀតណាមរួចពន្ធ ដោយសារមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទៅអឺរ៉ុប អញ្ចឹងទំនិញគេកាន់តែថោកជាង កាន់តែមានភាពប្រកួតប្រជែងជាងទំនិញយើង។»
បើតាមការបញ្ជាក់ពី អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានឲ្យដឹងការនាំចេញអង្ករទៅអឺរ៉ុប និងវិស័យកាត់ដេរអាចប្រឈមនឹងហានភ័យខ្លាំងជាងគេ។ ប៉ុន្ដែ លោកបានគូសបញ្ជាក់ថា សម្រាប់វិស័យកសិកម្មកម្ពុជា អាចនឹងទទួលបានប្រយោជន៍ទៅវិញ ដោយសារតែអាចនឹងទទួលបានការបញ្ជាទិញពីវៀតណាមច្រើនជាងមុន។
សំណួរសួរថា បើសិនជាវៀតណាម មានភាពប្រកួតប្រជែងប្រសើរជាងកម្ពុជា និងថៃក្នុងការនាំចេញទៅអឺរ៉ុបមែន តើអាចនឹងមានរោងចក្រមួយចំនួន នឹងត្រូវរើពីកម្ពុជាទៅវៀតណាមដែរទេ?
បើតាមអ្នកជំនាញសេដ្ឋកិច្ច លោក ច័ន្ទ សុផល បានគូសបញ្ជាក់ថា វាពិតជាអាច ប៉ុន្ដែ វានឹងមានក្នុងចំនួនប៉ុន្មាននោះ គឺគេនៅមិនទាន់ដឹងនៅឡើយទេ។ ទោះយ៉ាងណា លោកថា ក្នុងកាលៈទេសៈនេះដែរ តម្លៃពលកម្មនៅវៀតណាម នឹងអាចហក់កើនឡើងខ្ពស់ជាងមុន ដូច្នេះ មិនប្រាកដថា រោងចក្រច្រើននឹងត្រូវរើទៅវៀតណាមនោះទេ។
បើតាមអ្នកជំនាញរូបនេះ ក្នុងស្ថានភាពនាពេលនេះ រដ្ឋាភិបាលគួរតែបន្តអនុវត្តគោលនយោបាយគាំទ្រដល់វិស័យឯកជនដែលបាននិងកំពុងធ្វើ ឬត្រៀមនឹងធ្វើ ឲ្យកាន់តែប្រាកដប្រជាថែមទៀត ដូចជាការកាត់បន្ថយថ្លៃដើមផលិត តាមរយៈការបញ្ចុះថ្លៃថាមពលអគ្គិសនី ការដឹកជញ្ជូន និងការសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគជាដើម។
តើប្រទេសថៃត្រូវប្រឈមនឹងបញ្ហាអ្វីខ្លះ?
មិនមែនតែកម្ពុជាទេ ដែលកំពុងស្ថិតក្នុងហានិភ័យ ដោយសារតែវៀតណាមទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអឺរ៉ុបនេះ បើយើងក្រឡេកទៅមើលប្រទេសថៃឯណោះវិញ ក៏កំពុងតែដេកមិនលក់បក់មិនល្ហើយដែរ។ ដោយសារតែថៃ គ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងអឺរ៉ុបដូចវៀតណាម ហើយថៃ ក៏ត្រូវបានអឺរ៉ុបដកចេញពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP កាលពីឆ្នាំ២០១៥ទៀត ដូច្នេះហើយទំនិញថៃ ទាំងអស់នាំទៅអឺរ៉ុប គឺសុទ្ធតែត្រូវបង់ពន្ធគយ។
បើតាមការិយាល័យយុទ្ធសាស្ត្រ និងគោលនយោបាយ ពាណិជ្ជកម្ម ថៃ បានបញ្ជាក់ នៅក្នុងសារព័ត៌មានបាងកកប៉ុស្ដិ៍ថា ផលិតផលនាំចេញរបស់ថៃ ដូចជា រថយន្ដ កុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិក សុទ្ធតែស្ថិតក្នុងស្ថានភាពប្រឈមនឹងហានិភ័យ ក្រោយពីវៀតណាមបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងការពារការវិនិយោគជាមួយនឹងអឺរ៉ុប។
អ្នកជំនាញសេដ្ឋកិច្ចថៃ អះអាងថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ប្រទេសវៀតណាម និងអឺរ៉ុប នឹងអាចនាំចេញទំនិញទៅវិញទៅមក ដោយមានលុបបំបាត់ពន្ធគយរហូតដល់ ៩៩% ឯណោះ។ រីឯកិច្ចព្រមព្រៀងការពារការវិនិយោគវិញ អឺរ៉ុប នឹងជួយវៀតណាមទាក់ទាញបានលំហូវិនិយោគកាន់តែច្រើនឡើងថែមទៀតផង។
តាមអ្នកជំនាញសេដ្ឋកិច្ចថៃ បញ្ជាក់ទៀតថា មានរោងចក្រផលិតរថយន្ដជាច្រើនអាចនឹងផ្លាស់ប្តូរទីតាំងរោងចក្រពីថៃ ទៅវៀតណាម ដោយសារតែវៀតណាមមានភាពអំណោយផលជាង។ ណាមួយទៀតនោះ រដ្ឋាភិបាលវៀតណាម ក៏បាននិងកំពុងអនុវត្តអនុក្រឹត្យលេខ ១១៦ ជាឧបសគ្គមិនមែនពន្ធគយ ចំពោះផលិតផលរថយន្ដរបស់ថៃផងដែរ។
ដោយឡែក រោងចក្រ ផលិតកុំព្យូទ័រ គ្រឿងបង្គុំ និងអេឡិចត្រូនិក ក៏អាចប្រឈមនឹងការរើពីថៃ ទៅវៀតណាមដែរ ព្រោះវៀតណាមបច្ចុប្បន្ន មានភាពប្រកួតប្រជែងគ្រប់គ្រាន់ដើម្បីអភិវឌ្ឍវិស័យអេឡិចត្រូនិករបស់ខ្លួន។
វិស័យដែលអាចរងប៉ះពាល់ផ្សេងទៀតរបស់ថៃ មានដូចជា វិស័យកាត់ដេរសម្លៀកបំពាក់ គ្រឿអលង្កា និងគ្រឿងលម្អផ្សេងៗ ផលិតផលអង្ករ និងអាហារសមុទ្រជាដើម ខណៈដែលវៀតណាម ក៏មានប្រាក់ឈ្នួលថោកជាងប្រទេសថៃទៀតផង។
យោបល់ពីអ្នកសេដ្ឋកិច្ចបានឲ្យដឹងថា ប្រទេសថៃ ត្រូវការអភិវឌ្ឍសមត្ថភាពកម្មករជំនាញរបស់ខ្លួន និងការទទួលយកបច្ចេកវិទ្យា និងភាពច្នៃប្រឌិត ដើម្បីបង្កើនតម្លៃបន្ថែមនៅក្នុងផលិតផល និងការរក្សាបាននូវភាពប្រកួតប្រជែងរបស់ខ្លួន។
បើនិយាយពីប្រទេសថៃវិញ សហភាពអឺរ៉ុប ត្រូវបានគេដឹងថា គឺជាដៃគូពាណិជ្ជកម្មធំទី៣ របស់ប្រទេសថៃ។ ទំហំពាណិជ្ជកម្មរវាងថៃ និងសហភាពអឺរ៉ុប កាលពីឆ្នាំ ២០១៨ សម្រេចបានកំណើនជាង ៦ភាគរយ ជាមួយនឹងទំហំទឹកប្រាក់ ជាង ៤៧ ពាន់លានដុល្លារអាមេរិក ស្មើនឹងជាង ៩% នៃទំហំពាណិជ្ជកម្មសរុបរបស់ថៃ។ ក្នុងនោះ ថៃបាននាំចេញទៅអឺរ៉ុប មាន ២៥ពាន់លានដុល្លារអាមេរិក កើន ជាង ៥% ធៀបនឹងឆ្នាំមុន ខណៈនាំចូលពីអឺរ៉ុបមកវិញ មានជាង ២២ពាន់លានដុល្លារ កើនប្រមាណ ៨%។
គួរបញ្ជាក់ថា សហភាពអឺរ៉ុប គឺជាទីផ្សារនាំចេញទំនិញរបស់វៀតណាមធំបំផុតទី២ បន្ទាប់ពីអាមេរិក ដែលមានទំនិញនាំចេញសំខាន់ដូចជា សម្លៀកបំពាក់ និងអាហារ។ កាលពីឆ្នាំមុន វៀតណាមនាំចេញទំនិញ ទៅអឺរ៉ុបសម្រេចបានជិត ៤២ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៩% ធៀបនឹងឆ្នាំ២០១៧ ខណៈដែលការនាំចូលពីអឺរ៉ុបមកវិញមានជិត ១៤ពាន់លានដុល្លារ កើនឡើងជិត១៤%។
ដោយឡែក សម្រាប់កម្ពុជាវិញ បើតាមរបាយការណ៍ ពីគណៈកម្មការអឺរ៉ុប បានឲ្យដឹងដែរថា ពីទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអឺរ៉ុបវិញ មានប្រមាណ ៧ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០១៨។ ក្នុងនោះ មានជាង ៦ពាន់លានដុល្លារអាមេរិកទៅហើយ ដែលកម្ពុជាបាននាំចេញទៅកាន់អឺរ៉ុប។ ហើយសហភាពអឺរ៉ុបនេះ ត្រូវបានដឹងថា គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី២ របស់កម្ពុជា បន្ទាប់ពីចិន ដែលមានចំណែកពាណិជ្ជកម្មសរុបជាង ១៧% ខណៈចិន មានជិត២៤%៕