សារព័ត៌មាន Nikkei បានរាយការណ៍ថា ជម្លោះអាជីវកម្មស៊ីម៉ង់ត៍រវាងលោក កុមារ មេនហ្គាឡាម ប័រឡា (Kumar Mangalam Birla) ប្រធានក្រុមហ៊ុន Ultra Tech និងលោក ហ្គោតាម អាដានី (Gautam Adani) ដែលជាកំពូលមហាសេដ្ឋីបណ្តាក់ទុនផ្នែកអចលនទ្រព្យ និងសំណង់អាចបង្កផលប៉ះពាល់ដល់ទីផ្សារស៊ីម៉ង់ត៍ពិភពលោក។ គេមានការព្រួយបារម្ភថា វិវាទពាណិជ្ជកម្មដែលបង្កឡើងដោយកំពូលមហាសេដ្ឋីឥណ្ឌាទាំងពីររូបនេះ អាចបណ្តាលឱ្យមានការកាត់បន្ថយតម្លៃស៊ីម៉ង់ត៍នៅក្នុងប្រទេសឥណ្ឌា ដែលជាទីផ្សារស៊ីម៉ងត៍ធំបំផុតទីពីររបស់ពិភពលោកបន្ទាប់ពីចិន ហើយវាអាចធ្វើឱ្យរង្គោះរង្គើដល់ខ្សែច្រវាក់ផ្គត់ផ្គង់ស៊ីម៉ង់ត៍សាកលផងដែរ។
កំពូលមហាសេដ្ឋីមានជាងគេបំផុតរបស់ឥណ្ឌាពីរនាក់នេះ កំពុងតែជាប់ផុងក្នុងសមរភូមិដណ្តើមអំណាចគ្រប់គ្រងទីផ្សារស៊ីម៉ង់ត៍ ស្របពេលកំពុងមានការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោកមួយនេះ។ ជម្លោះដណ្តើមសិទ្ធិគ្រប់គ្រងទីផ្សារផ្តត់ផ្គង់ស៊ីម៉ង់ត៍រវាងមហាសេដ្ឋីឥណ្ឌាទាំងពីររូបនេះបានកើតឡើងក្រោយលោក ប័រឡា បានសម្រេចចិត្តប្រមូលទិញភាគហ៊ុនពីក្រុមហ៊ុនស៊ីម៉ង់ត៍ India Cement ចំនួន៥៦% នៅក្នុងតម្លៃ៦៩៧លានដុល្លារ កាលពីខែមិថុនា និងដាក់គម្រោងទិញយកអាជីវកម្មស៊ីម៉ងត៍របស់ក្រុមហ៊ុន Kesoram Industries ចំនួន៦៤១លានដុល្លារបន្ថែមទៀតនៅខែវិច្ឆិកា ខាងមុខ។
ផែនការប្រមូលទិញភាគហ៊ុនស៊ីម៉ង់ត៍របស់លោក ប័រឡា នេះ ក៏បានរំជើបរំជួលដល់លោក ហ្គោតាម អាដានី ដែលជាគូប្រជែងរបស់ខ្លួន ដែលបានសម្រេចចិត្តទិញភាគហ៊ុនពីក្រុមហ៊ុនស៊ីម៉ង់ត៍ Holcim តម្លៃជាង១០ពាន់លានដុល្លារ ដើម្បីកាន់កាប់ផលិតកម្មស៊ីម៉ង់ត៍ដែលមានទំហំដល់ទៅ៧០លានតោនក្នុងមួយឆ្នាំ។
តាមផែនការដែលបានកំណត់ លោក អាដានី កំពុងសម្លឹងមើលការពង្រីកសមត្ថភាពផលិតកម្មស៊ីម៉ង់ត៍ឱ្យដល់១៤០លានតោន ក្នុង១ឆ្នាំ នៅឆ្នាំ២០២៨ ខាងមុខ ហើយបានចំណាយប្រាក់ដល់ទៅជិត២ពាន់លានដុល្លារទៀត ដើម្បីទិញក្រុមហ៊ុន Sanghi Cements, Penna Cements និង My Home Group ស្របពេលដែលលោក ប័រឡា វិញ មានគម្រោងពង្រីកផលិតកម្មស៊ីម៉ង់ត៍ពីជិត១៥៣លានតោន នៅក្នុងមួយឆ្នាំដល់២០០លានតោន នៅក្នុងមួយឆ្នាំយ៉ាងយូរក្នុងរយៈពេល៣ឆ្នាំទៀត។
បច្ចុប្បន្នចិន គឺជាទីផ្សារស៊ីម៉ង់ត៍ធំបំផុតនៅលើពិភពលោក ដោយកាលពីឆ្នាំ២០២០ ទាំងផលិតកម្ម និងប្រើប្រាស់ ក៏ដូចជាការលក់ចេញ គឺមានបរិមាណប្រមាណជា២ទ្រីលានតោន ស្របពេលដែលឥណ្ឌា គឺមានប្រមាណជា៤៦០លានតោនតែប៉ុណ្ណោ៕
ដោយៈ សរ សុជាតិ