មន្ត្រីរដ្ឋាភិបាលកាណាដា មួយរូបបានបញ្ជាក់ថា កាតព្វកិច្ចពន្ធ១០០%នេះនឹងអនុវត្តចំពោះរថយន្តអគ្គិសនីទាំងអស់ដែលដឹកជញ្ជូនពីប្រទេសចិន ដែលនឹងរាប់បញ្ចូលទាំងរថយន្តដែលផលិតដោយក្រុមហ៊ុនអាម៉េរិក Tesla ផងដែរ។ ដំណឹងនេះបានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏កំពូលរបស់ពិភពលោកធ្លាក់ចុះ៣,២% ភ្លាមៗ។
ទិន្នន័យបង្ហាញថា ការនាំចូលរថយន្តរបស់ប្រទេសកាណាដា ពីប្រទេសចិន ដែលដឹកទៅកាន់ទីក្រុងវែនឃូវ័រ (Vancouver) ដែលជាទីក្រុងកំពង់ផែដ៏ធំបំផុតរបស់ខ្លួនបានកើនឡើង៤៦០% ឈានដល់ជាង៤ម៉ឺន៤ពាន់គ្រឿង ក្នុងឆ្នាំ២០២៣ នៅពេលដែលក្រុមហ៊ុន Tesla បានចាប់ផ្តើមដឹកជញ្ជូនរថយន្តអគ្គិសនី ដែលផលិតនៅក្រុងសៀងហៃ ប្រទេសចិន ទៅកាន់ប្រទេសកាណាដា។
នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានថ្លែងថា រដ្ឋាភិបាលកាណាដា កំពុងចាត់វិធានការដើម្បីប្រឆាំងនឹងអ្វីដែលលោកហៅថា គោលនយោបាយបង្កើនសមត្ថភាពឧស្សាហកម្មហួសកម្រិតដោយចេតនារបស់រដ្ឋាភិបាលចិន។ លោកបានបញ្ជាក់ថា ពន្ធថ្មីនេះនឹងត្រូវដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែតុលា តទៅ។
នៅក្រៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបិទទ្វាររយៈពេល៣ថ្ងៃនៅទីក្រុងហាលីហ្វែក (Halifax) រដ្ឋណូវ៉ា ស្កូត្យា (Nova Scotia) ប្រទេសកាណាដា លោក ចាស្ទីន ទ្រូដូ បានថ្លែងថា ចំណុចសំខាន់នៃរឿងនេះ គឺរដ្ឋាភិបាលកាណាដា កំពុងធ្វើឱ្យស្របគ្នាជាមួយបណ្ដាសេដ្ឋកិច្ចផ្សេងទៀតនៅជុំវិញពិភពលោក ដែលទំនងជាសំដៅដល់សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប។
ជាការឆ្លើយតប ស្ថានទូតចិន ប្រចាំនៅប្រទេសកាណាដា បានចាត់ទុកចំណាត់ការនេះថា ជាគោលនយោបាយគាំពារនិយម និងមានហេតុផលនយោបាយ ហើយបានចោទប្រកាន់ថា ប្រទេសកាណាដា មិនគោរពច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ។
អ្នកនាំពាក្យរបស់ស្ថានទូតចិន ប្រចាំនៅប្រទេសកាណាដា បានចេញសេចក្តីថ្លែងការណ៍កាលពីល្ងាចថ្ងៃទី២៦ ខែសីហា ថា ចំណាត់ការរបស់រដ្ឋាភិបាលកាណាដា នឹងធ្វើឱ្យខូចដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មធម្មតារវាងប្រទេសទាំងពីរ និងធ្វើឱ្យប៉ះពាល់ដល់អតិថិជនជាអ្នកប្រើប្រាស់ និងក្រុមហ៊ុនសហគ្រាសកាណាដា៕
ដោយ: តែម សុខុម