​​​​​​ វិស័យ​​ពាណិជ្ជកម្ម

ឱសានវាទជិតមកដល់ហើយ! តើសហភាពអឺរ៉ុប អាចបង្ខំឱ្យចិន ផ្ដល់សម្ប​ទាន​ពាណិជ្ជកម្មបាន ឬយ៉ាងណា?


សហភាពអឺរ៉ុប កំពុង​រត់ប្រណាំងប្រជែងនឹងពេលវេលាក្នុងដាក់សម្ពាធលើចិន ឱ្យផ្ដល់សម្បទាន​ពាណិជ្ជកម្មឱ្យបានមុនឱសានវាទនៅខែតុលា ខាងមុខ​នេះ​។ ប៉ុន្តែខណៈដែលទីក្រុងប៉េកាំង នៅ​តែ​មាន​ឥទ្ធិពលសេដ្ឋកិច្ចដ៏ខ្លាំងក្លា ហើយអឺរ៉ុប នៅតែពឹងផ្អែកយ៉ាងខ្លាំងលើទំនិញ និងរ៉ែកម្ររបស់ចិន ​ក្រុម​អ្នកវិភាគព្រមានថា ទីក្រុងព្រុចសែល អាចប្រឈមមុខនឹងការប្រកួតប្រជែងដ៏ស្វិតស្វាញ ដោយ​នឹង​​ទទួលបានលទ្ធផលតិចតួចប៉ុណ្ណោះ លុះត្រាតែខ្លួនត្រៀមទទួល​យកផល​ប៉ះពាល់ផ្នែកសេដ្ឋកិច្ច។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Euro News។
​​​​​​ វិស័យ​​ពាណិជ្ជកម្ម
ដោយ

ឱនភាពពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងចិន បានកើនដល់កម្រិតកំណត់ត្រាជាង១,១ពាន់លានដុល្លារក្នុងមួយថ្ងៃកាលពីអំឡុងឆ្នាំ២០២៥។ ស្ថានភាពនេះជំរុញឱ្យទីក្រុងព្រុចសែល ទាមទារឱ្យមានទំនាក់ទំនងពាណិជ្ជកម្មដែលមានភាពយុត្តិធម៌ និងមានតុល្យភាពជាងមុន។ មន្ត្រីអឺរ៉ុប បានចោទថា ចិន កំពុងបញ្ចេញទំនិញដែលទទួលបានការឧបត្ថម្ភធនពីរដ្ឋចូលទីផ្សារអឺរ៉ុប ខណៈក្រុមហ៊ុនអឺរ៉ុប វិញនៅតែពិបាកចូលទៅកាន់ទីផ្សារចិន។ ទោះបីជាស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបលោក ម៉ារ៉ូស សេហ្វកូវិច (Maros Sefcovic) បានកំណត់ឱសានវាទដល់ខែតុលា ដើម្បីឱ្យចិនបង្ហាញសម្បទានជាក់ស្តែងក៏ដោយ ក៏ក្រុមអ្នកជំនាញយល់ថា ទីក្រុងប៉េកាំងគ្មានហេតុផលគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូរគោលនយោបាយធំៗនោះឡើយ ព្រោះសេដ្ឋកិច្ចរបស់ខ្លួននៅតែពឹងផ្អែកលើការនាំចេញ ហើយការបន្ថយការនាំចេញអាចប៉ះពាល់ដល់ក្រុមហ៊ុនចិន និងការងាររាប់លានកន្លែង។
លើសពីនេះ ចិន ក៏កាន់សន្លឹកបៀរដ៏មានឥទ្ធិពលមួយនៅក្នុងដៃដែរ នោះគឺការគ្រប់គ្រងការផ្គត់ផ្គង់រ៉ែដីកម្រ ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ឧស្សាហកម្មរថយន្ត បច្ចេកវិទ្យា និងវិស័យការពារជាតិរបស់អឺរ៉ុប។ កន្លងមកទីក្រុងប៉េកាំង បានបង្ហាញរួចមកហើយថា ខ្លួនអាចប្រើប្រាស់ការរឹតបន្តឹងការនាំចេញជាឧបករណ៍ដាក់សម្ពាធ ប្រសិនបើអឺរ៉ុប រឹតបន្តឹងវិធានការពាណិជ្ជកម្ម។ ទន្ទឹមនេះសហភាពអឺរ៉ុប ក៏នៅតែមានការខ្វែងគំនិតគ្នាផ្ទៃក្នុងផងដែរ ជុំវិញការប្រឈមមុខតតាំងជាមួយចិន។ ទោះបីជាទីក្រុងព្រុចសែលកំពុងពិចារណាដាក់ពន្ធគយថ្មី កំណត់កូតានាំចូល និងកាត់បន្ថយការពឹងផ្អែកលើខ្សែច្រវាក់ផ្គត់ផ្គង់របស់ចិនយ៉ាងណាក្ដី ក៏វិធានការទាំងនេះអាចត្រូវការពេលជាច្រើនឆ្នាំទម្រាំអាចអនុវត្តបានពេញលេញ។ ក្រុមអ្នកវិភាគជឿថា ប៉ុន្មានខែខាងមុខនេះ នឹងក្លាយជាចំណុចសម្រេចថាសហភាពអឺរ៉ុប អាចបង្ខំឱ្យចិនធ្វើសម្បទានពាណិជ្ជកម្មបានដែរ ឬក៏អត់ ឬក៏ភាពតានតឹងរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរនឹងវិវឌ្ឍទៅជាសង្គ្រាមពាណិជ្ជកម្មកាន់តែក្ដៅគគុក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើវិស័យហិរញ្ញវត្ថុកម្ពុជា ក្នុងឆ្នាំ២០២៦ អាចមានសម្ទុះប្រសើរជាងឆ្នាំ២០២៥ ដែរទេ ហើយអ្វីនៅតែជាបញ្ហាប្រឈម?

ទោះបីជាប្រឈមនឹងភាពមិនប្រាកដប្រជា នៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកល ក៏ដូចជាកត្តាក្នុងស្រុកមួយចំនួនយ៉ាងណាក្តី ក៏ប្រព័ន្ធធនាគារនៅកម្ពុជា …

​ថៃ ជិតរួចផុតពីបញ្ជីអ្នកក្រឡុកទីផ្សាររូបិយប័ណ្ណ ខណៈក្រុងវ៉ាស៊ីនតោន ប្តូរវិធីត្រួតពិនិត្យថ្មី

ប្រទេសថៃ កំពុងខិតជិតទៅរកការរួចខ្លួនពីបញ្ជីតាមដានពិសេស នៃបណ្តាប្រទេសដែលសង្ស័យថា បានក្រឡុកទីផ្សាររូបិយប័ណ្ណរបស់ក្រសួងហិរញ្ញវត្ថុអាម៉េរិកហើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ