រដ្ឋមន្ត្រីក្រសួងនវានុវត្តន៍របស់កាណាដា លោក ហ្វ្រង់ស្វ័រ ហ្វ៊ីលីប សាំប៉ាន (Francois-Philippe Champagne) បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា រដ្ឋាភិបាលកំពុងចាត់វិធានការ ដើម្បីដោះស្រាយហានិភ័យសន្តិសុខជាតិ ទាក់ទងនឹងប្រតិបត្តិការរបស់ក្រុមហ៊ុន ByteDance នៅប្រទេសកាណាដា តាមរយៈការបង្កើតក្រុមហ៊ុន TikTok Technology Canada។
ទីក្រុងអូតាវ៉ា ប្រទេសកាណាដា កាលពីឆ្នាំមុន បានចាប់ផ្តើមពិនិត្យមើលផែនការរបស់ក្រុមហ៊ុនTikTok ក្នុងការវិនិយោគ និងពង្រីកអាជីវកម្មរបស់ខ្លួននៅប្រទេសកាណាដា ហើយក្រុមហ៊ុន ByteDance គឺជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន TikTok របស់ចិន។
នៅក្រោមច្បាប់របស់ប្រទេសកាណាដា រដ្ឋាភិបាលកាណាដា អាចវាយតម្លៃពីហានិភ័យដែលអាចកើតមានចំពោះសន្តិសុខជាតិ ពីការវិនិយោគបរទេសដូចជាសំណើរបស់ក្រុមហ៊ុន TikTok ជាដើម។ ច្បាប់នេះរារាំងរដ្ឋាភិបាលមិនឱ្យបង្ហាញព័ត៌មានលម្អិតនៃការវិនិយោគបែបនេះទេ។
លោក សាំប៉ាន បានបន្ថែមថា ការសម្រេចចិត្តបិទក្រុមហ៊ុន TikTok នេះបានធ្វើឡើងដោយផ្អែកលើព័ត៌មាន និងភស្តុតាងដែលប្រមូលបានក្នុងពេលត្រួតពិនិត្យ និងតាមការណែនាំរបស់សហគមន៍សន្តិសុខ និងស៊ើបការណ៍របស់កាណាដា និងដៃគូរដ្ឋាភិបាលផ្សេងទៀត។
អ្នកនាំពាក្យក្រុមហ៊ុន TikTok បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា TikTok នឹងជំទាស់ការបង្គាប់នេះតាមផ្លូវតុលាការ ហើយថា ការបិទការិយាល័យក្រុមហ៊ុន TikTok នៅកាណាដានឹងបំផ្លាញការងារក្នុងស្រុករាប់រយកន្លែងដែលបានទទួលប្រាក់ខែល្អៗ៕
អត្ថបទ៖ សុខ មង្គល