ការជំរុញអភិវឌ្ឍកោះមួយចំនួនក្នុងខេត្តកែប

រដ្ឋបាលខេត្តកែបកំពុងជំរុញវិនិយោគិនឲ្យពន្លឿនការអភិវឌ្ឍកោះមួយចំនួនក្នុងខេត្ត


រដ្ឋបាលខេត្តកែប បាននិងកំពុងកែប្រែនូវមុខមាត់ថ្មី តាមរយៈការអភិវឌ្ឍកោះមួយចំនួន ក្នុងចំណោមកោះទាំង១២ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍។ បើថ្នាក់ដឹកនាំខេត្តកែបបានអះអាង នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ក្នុងសន្និសីទសារព័ត៌មានស្ដីពី«ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក» របស់រដ្ឋបាលខេត្តកែប បច្ចុប្បន្ន រដ្ឋបាលខេត្តបាននិងកំពុងជំរុញវិនិយោគិនឲ្យពន្លឿនការអភិវឌ្ឍកោះមួយចំនួនក្នុងខេត្ត។
រដ្ឋបាលខេត្តកែបកំពុងជំរុញវិនិយោគិនឲ្យពន្លឿនការអភិវឌ្ឍកោះមួយចំនួនក្នុងខេត្ត
ដោយ

ក្នុងនោះ គម្រោងអភិវឌ្ឍកោះទន្សាយតម្លៃ ១៣០លានដុល្លារ ដែលអភិវឌ្ឍដោយក្រុមហ៊ុនក្នុងស្រុកមួយ បាននិងកំពុងដំណើរការយ៉ាងរលូន។ ថ្នាក់ដឹកនាំខេត្តកែប បានបង្ហាញសុទិដ្ឋិនិយមថា ក្រោយគម្រោងអភិវឌ្ឍកោះនេះទទួលបានជោគជ័យ ខេត្តកែប នឹងកាន់តែកែប្រែមុខមាត់ថ្មី ជាពិសេសនឹងកាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី«ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក» របស់រដ្ឋបាលខេត្តកែប នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បានអះអាងថា ខេត្តកែប មិនត្រឹមតែរីកចម្រើននៃវិស័យទេសចរណ៍ ប៉ុណ្ណោះទេ តែក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្ដាក្រុមអ្នកវិនិយោគផងដែរ។ លោកបន្តថា ភាពរីកចម្រើននៃវិស័យទេសចរណ៍ និងវិនិយោគ បានធ្វើឲ្យខេត្តកែបកាន់តែមានសក្ដានុពល និងកែប្រែមុខមាត់ថ្មី ជាពិសេសតាមរយៈការអភិវឌ្ឍន៍កោះ មួយចំនួនដូចជា កោះទន្សាយ កោះពោធិ៍ កោះត្បាល់ កោះការ៉ាង កោះស្វាយ កោះកុក និងកោះម្ទេស ជាដើម។

បើទោះជាបែបនេះក្ដី បើតាមឯកឧត្តម សោម ពិសិដ្ឋ ក្នុងចំណោមគម្រោងអភិវឌ្ឍកោះមួយចំនួន ខាងលើនេះ ក៏មានគម្រោងខ្លះដំណើរការដោយរលូន គម្រោងអភិវឌ្ឍខ្លះកំពុងជាប់គាំង ខណៈគម្រោងខ្លះទៀតរដ្ឋបាលខេត្តបាននិងកំពុងជំរុញឲ្យអ្នកវិនិយោគពន្លឿនការវិនិយោគរបស់ខ្លួន ផងដែរ។

ជាមួយគ្នានេះ អភិបាលខេត្តកែប បានអះអាងថា សម្រាប់គម្រោងអភិវឌ្ឍកោះទន្សាយតម្លៃ១៣០លានដុល្លារ ដែលវិនិយោគដោយក្រុមហ៊ុនក្នុងស្រុក បច្ចុប្បន្ននៅតែដំណើរការជាធម្មតា។ លោករំពឹងថា ក្រោយគម្រោងនេះបញ្ចប់ការសាងសង់ជាស្ថាពរវានឹងជួយលើកមុខមាត់ខេត្តកែបមួយកម្រិតទៀតជាពិសេសវានឹងក្លាយមេដែកក្នុងការស្រូបទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកកម្សាន្តនៅខេត្តជាប់មាត់សមុទ្រមួយនេះកាន់តែច្រើនថែមទៀត។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍកោះទន្សាយនេះ ធ្លាប់បានជាប់គាំងដំណើរការអភិវឌ្ឍអស់ជាច្រើនឆ្នាំនាពេលកន្លងមក ប៉ុន្ដែ ក្រោយមកត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្តល់សិទ្ធិឲ្យក្រុមហ៊ុន ទ្រី ភាព គ្រុប អភិវឌ្ឍបន្តពីក្រុមហ៊ុនចាស់ដែលសកម្ម ហើយក្រុមហ៊ុនទ្រីភាព បានបើកការដ្ឋានសាងសង់កាលពីខែកញ្ញាឆ្នាំ២០២១។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍នៅលើកោះទន្សាយ រួមមាន សណ្ឋាគារលំដាប់ផ្កាយ២, រីសត, អាហារដ្ឋាន, ឆ្នេរខ្សាច់, អគារពាណិជ្ជកម្ម និងអគារផ្សេងៗ។ កោះទន្សាយមានទំហំជាង១៤០ហិកតា ប៉ុន្ដែការអភិវឌ្ឍន៍កោះនេះនឹងត្រូវធ្វើឡើងជាដំណាក់កាល ហើយតាមផែនការគម្រោងនេះត្រូវរក្សាទុកផ្ទៃធម្មជាតិ ដូចជា ដើមឈើ ចន្លោះពី៦០%ទៅ៧០%ផងដែរ៕




អត្ថបទបន្ទាប់


កំពង់ផែអន្តរជាតិដ៏ធំមួយក្នុងខេត្តកោះកុង គ្រោងដាក់ឲ្យដំណើរការនៅឆមាសទី២ឆ្នាំនេះ

បើគ្មានការប្រែប្រួលទេកំពង់ផែលំដាប់អន្តរជាតិគិរីសាគរនៅខេត្តកោះកុងនឹងដាក់ឲ្យដំណើរការនៅឆមាសទី២ឆ្នាំនេះ ខណៈបច្ចុប្បន្នការអភិវឌ្ឍហេដ្ឋារចនាសម្…

តើនឹងមានអ្វីកើតឡើងចំពោះសេដ្ឋកិច្ចអាមេរិក ប្រសិនបើការដំឡើងពិដានបំណុលបរាជ័យ?

បញ្ហាជាប់គាំងនៃផែនការដំឡើងពិដានបំណុលរបស់រដ្ឋាភិបាលអាមេរិក កំពុងក្លាយជាកត្តាប្រឈមខ្លាំងមួយសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចលេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ