បើតាមអគ្គនាយកដ្ឋានពន្ធដារ ការពន្យារពេលអនុវត្តពន្ធលើចំណេញមូលធននេះ គឺធ្វើឡើង បន្ទាប់ពីមានលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីសំណើសុំពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធន និងមានចំណារឯកភាពរបស់នាយករដ្ឋមន្ត្រីកម្ពុជា ចុះថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២០។ តាមចំណារឯកភាពនេះ រាជរដ្ឋាភិបាល បានសម្រេចឲ្យពន្យារកាលបរិច្ឆេទកំណត់ការដាក់ឲ្យអនុវត្តពន្ធលើចំណេញមូលធននេះ រយៈពេល ១ឆ្នាំទៀត រហូតដល់ដំណាច់ឆ្នាំ២០២១ ដើម្បីទុកពេលវេលាគ្រប់គ្រាន់ ដល់អ្នកជាប់ពន្ធ និងសាធារណជនទាំងអស់ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ នូវបទប្បញ្ញត្តិស្ដីពពន្ធលើចំណេញមូលធននេះ។
តាមការពន្យល់របស់មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធដារ ពន្ធលើចំណេញមូលធននេះ គឺមានអនុវត្តលើការលក់អចនវត្ថុ ដោយអចលនវត្ថុ ដែលលក់បាន ត្រូវដកយក តម្លៃ ២០% នៃតម្លៃលក់នោះ មកគិតពន្ធ ២០%។ ជាឧទាហរណ៍ បើអ្នកលក់ផ្ទះ១ខ្នងបានក្នុងតម្លៃ ១លានដុល្លារ នោះ នឹងត្រូវយកតម្លៃ ២០% នៃតម្លៃផ្ទះនោះ មកគិតពន្ធ ២០% ដែលបានកំណត់ ដូច្នេះ បើអ្នកលក់ផ្ទះនោះ បានក្នុងតម្លៃ១លានដុល្លារ នោះអ្នកនឹងត្រូវបង់ពន្ធចំណេញមូលធននេះ ៤ម៉ឺនដុល្លារ។
បន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារ ប្រកាសនឹងចាប់ផ្ដើមអនុវត្តយកពន្ធលើចំណេញមូលធន នាពេលកន្លងទៅនេះ ក៏មានប្រតិកម្មពីសំណាក់អ្នកជំនាញ និងអ្នកជំនួញអចលនវត្ថុជាច្រើនផងដែរ ដោយពួកគេអះអាងថា រដ្ឋគួរតែពន្យារពេលយកពន្ធនេះ ព្រោះថា កម្ពុជាកំពុងប្រឈមនឹងបញ្ហាកូវីដ-១៩ ដែលវិស័យអាជីវកម្មស្ទើរតែទាំងអស់ជួបបញ្ហាប្រឈម។ ដូច្នេះ ការយកពន្ធបន្ថែមនាពេលនេះ វាគឺជាបន្ទុកមួយសម្រាប់ពួកគេ នៅពេលស្ថានភាពកាន់តែលំបាកយ៉ាងដូច្នេះ៕