
ពិធីចុះកិច្ចព្រមព្រៀងផ្ដល់សិទ្ធិអាជីវកម្មនេះ ធ្វើឡើងនៅទីស្នាក់ការក្រុមហ៊ុន ឃែស យូ អាប់ សាខាដូនពេញ នាថ្ងៃទី៨ មីនា ឆ្នាំ២០២២ ។

លោក ឡេង ដារ៉ា ប្រធានក្រុមហ៊ុន ឃែស យូ អាប់ ឧដុង្គ បានបង្ហាញចំណាប់អារម្មណ៍ អំពីការជ្រើសរើសយកហ្វ្រែនឆាយ ឃែស យូ អាប់ ថា ឃែស យូ អាប់ គឺជាក្រុមហ៊ុនផ្ដល់សេវាបញ្ចាំស្របច្បាប់ឈានមុខគេមួយនៅកម្ពុជា ដែលផ្ដល់សេវាប្រកបដោយទំនុកចិត្តខ្ពស់ និងទទួលបានការស្គាល់ច្រើនពីសំណាក់មហាជន ។
លោក ឡេង ដារ៉ា៖ «ដោយសារខាងខ្ញុំ មើលឃើញពីកំណើតតម្រូវការរបស់ប្រជាជននៅក្នុងឧដុង្គហ្នឹង ភាគច្រើនគាត់ត្រូវការដើមទន់យកទៅបង្វិលរកស៊ី ធ្វើអាជីវកម្ម មុខរបររបស់គាត់។ អ៊ីចឹងគាត់ត្រូវការទំនុកចិត្តជាចាំបាច់ ហើយឃែស យូ អាប់ អាចផ្ដល់ឱ្យ ព្រោះជាក្រុមហ៊ុនបញ្ចាំស្របច្បាប់នៅកម្ពុជា»។

ក្នុងឱកាសនោះដែរ លោក គុជ សេដ្ឋា ប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន ឃែស យូ អាប់ ប្រសាសន៍ថា ឃែស យូ អាប់ មានបំណងចង់ឱ្យប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាជន ដែលរស់នៅក្នុងតំបន់ឧដុង្គ បានទទួលសេវាកម្មល្អ និងស្របច្បាប់ ពីក្រុមហ៊ុន ឃែស យូ អាប់ ឧដុង្គ។
លោក គុជ សេដ្ឋា៖ «ឃែស យូ អាប់ គឺជាក្រុមហ៊ុនមួយ ដែលពេញនិយម ប្រជាជនទូទៅបានស្គាល់ គ្រាន់តែនិយាយអំពី ឃែស យូ អាប់ គេអាចដឹងថាជាសេវាកម្ម បុគ្គលិកមានវិជ្ជាជីវៈ មានទ្រព្យសម្បត្តិ ដែលអាចទទួលបញ្ចាំបានច្រើន។ ទន្ទឹមនឹងនេះទៀត ការអនុវត្តរបស់យើង ស្របតាមច្បាប់ នៃការចេញរបស់ក្រសួងសេដ្ឋកិច្ច។ របស់ណា ដែលទទួលមកមិនស្របច្បាប់ គឺយើងអស់ទទួលបញ្ចាំទេ។ យើងចៀសវាងណាស់ ដែលគេចោទប្រកាន់ថា ក្រុមហ៊ុនបញ្ចាំហ្នឹង រកស៊ីរបស់ចោរកម្ម កេងបន្លំអី គឺយើងអត់ចង់ឱ្យមានទេ។ យើងចង់ធ្វើម៉េចឱ្យមានការទទួលបញ្ចាំហ្នឹង គឺមានអត្ថប្រយោជន៍ដល់អ្នកដែលមកទទួលសេវាបញ្ចាំផង ដល់អ្នកដែលផ្ដល់សេវាទទួលបញ្ចាំផង»។

ចំណែកលោក កែវ និមិត្ត អ្នកគ្រប់គ្រងផ្នែក ហ្វ្រ៊ែនឆាយស៍ បានថ្លែងថា នេះជាមោទនភាពថ្មីមួយទៀត សម្រាប់ ឃែស យូ អាប់ ដែលបានឈានជើងចូលតំបន់ឧដុង្គ ដែលជាទីប្រជុំជនមានសក្ដានុពលមួយ មានការអភិវឌ្ឍលូតលាស់បន្តបន្ទាប់ ជាពិសេស ឃែស យូ អាប់ ជាក្រុមហ៊ុនបញ្ចាំស្របច្បាប់ដំបូងមួយ ក្នុងតំបន់នេះ។
លោក កែវ និមិត្ត៖ «ការឈានជើងទៅដល់ទីតាំងក្រុងឧដុង្គ គឺជាមោទនភាពមួយ មួយទៀតជាការបោះជំហានថ្មី ដើម្បីផ្ដល់សេវា ជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងស្រុកឧដុង្គ។ ហើយខ្ញុំសង្ឃឹមថា អ្នកទទួលសិទ្ធិហ្រ្វែនឆាយ នឹងទទួលបានការរីកចម្រើន។ ដោយសារយើងជាក្រុមហ៊ុន ដែលមានស្ដង់ដារ មានទំនុកចិត្តខ្ពស់ ពីប្រជាជន ហើយជាក្រុមហ៊ុន ដែលធំជាងគេក្នុងប្រទេសកម្ពុជា បើគិតមកដល់បច្ចុប្បន្ននេះ។ ហើយការឈានជើងចូលទាន់ពេលវេលា មុនគេ អាចដណ្ដើមយកចំណែកទីផ្សារបានធំតទៅទៀត»។

គួរបញ្ជាក់ថា ឃែស យូ អាប់ គឺជាក្រុមហ៊ុនផ្ដល់សេវាបញ្ចាំស្របច្បាប់ ដែលដំណើរការនៅកម្ពុជា ជាង ១១ឆ្នាំមកហើយ ។ បច្ចុប្បន្ន ឃែស យូ អាប់ មានជាង ២០សាខា ដោយ ១៥សាខាជាសាខាក្រុមហ៊ុនផ្ទាល់ និង៦សាខា ជាសាខាហ្វ្រែនឆាយ រួមទាំងសាខាថ្មី ឧដុង្គ ។
បើតាមលោក កែវ និមិត្ត, ឃែស យូ អាប់ នឹងពង្រីកសាខាហ្វ្រែនឆាយ ៦សាខា លើទីតាំងផ្សេងៗបន្ថែមទៀត នៅក្នុងឆ្នាំ២០២២នេះ ៕






