អនុស្សរណៈយោគយល់គ្នានេះ ផ្ដល់នូវយន្តការនិងក្របខ័ណ្ឌមួយ ដើម្បីធ្វើឲ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងការជំរុញនិងផ្ដល់កិច្ចសម្រួលដល់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា។
ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានមានប្រសាសន៍ថា ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា មានសេចក្តីរីករាយក្នុងការចុះអនុស្សរណៈយោគយល់គ្នានេះ ដើម្បីរួមគ្នាលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ឲ្យកាន់តែមានសក្ដានុពលថែមមួយកម្រិតទៀត។ ឯកឧត្តមបន្តថា ជាការពិត ការចុះហត្ថលេខាជាការងាយស្រួល ប៉ុន្ដែការលំបាកគឺការអនុវត្តការងារដែលបានកំណត់ក្នុងផែនការសកម្មភាពដែលបានដាក់ចេញ។ យ៉ាងណាក៏ដោយ ឯកឧត្តមមានសុទិដ្ឋិនិយមថា ស្ថាប័នទាំង២ នឹងអនុវត្តការងារនេះបានជោគជ័យ ឈរលើគោលការណ៍នៃភាពជាដៃគូ។ លើសពីនោះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ ក៏បានផ្តល់យោបល់ឲ្យសមាគមឧកញ៉ា ត្រៀមខ្លួនផងដែរ ដើម្បីចូលរួមក្នុងកិច្ចសន្ទនាសំខាន់ៗ ជាមួយសមាគមពាណិជ្ជកម្មផ្សេងៗ ទៀតទាំងក្នុង និងក្រៅប្រទេស។
អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជាបានថ្លែងថា ការចុះអនុស្សារណៈនេះជាការបោះជំហ៊ានដ៏សំខាន់ថ្មីមួយទៀតលើភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្នុងការជំរុញលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ ដែលជាក្បាលម៉ាស៊ីននៃកំណើន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ គឺប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់។
សូមបញ្ជាក់ថា នៅរយៈពេល ៤ខែឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្ម ចំនួន ៦៥គម្រោង ដែលមានទំហំវិនិយោគសរុបជាង ៥៨៨លានដុល្លារ ដែលគម្រោងវិនិយោគបានកើនឡើងចំនួន ៥គម្រោង បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងនោះ វិនិយោគិនមកពីប្រទេសចិន បានស្ថិតក្នុងចំណាត់ថ្នាក់លេខ១ ដែលបានវិនិយោគច្រើនជាងគេនៅកម្ពុជា ដោយបានក្ដោបក្ដាប់រហូតជិត ៦០ភាគរយនៃគម្រោងវិនិយោគសរុប៕