បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងដែលត្រូវបានអនុម័តបើកឲ្យដំណើរការទាំង៤៥ នោះ គឺភាគច្រើនជារោងចក្រកាត់ដេរ ផលិតកាបូប និងផលិតសម្ភារៈប្រើប្រាស់ផ្សេងៗទៀត។ ហើយរោងចក្រទាំងនោះ ក៏មានសមត្ថភាពអាចបង្កើតការងារបានរហូតដល់ ជាង ៦ម៉ឺនកន្លែងផងដែរ។
តាមការផ្សព្វផ្សាយនៅលើហ្វេសផ្លូវការរបស់ CDC ដដែលបានឲ្យដឹងដែរថា បើធៀបខែកុម្ភៈ និងខែមករា ឃើញថា ខែកុម្ភៈ មានការអនុម័តបើកឲ្យដំណើរការគម្រោងអភិវឌ្ឍន៍ និងរោងចក្រច្រើនជាងគេ ដែលមានរហូតដល់ ៣២ គម្រោង ជាមួយទុនវិនិយោគជាង ៧៥៧ លានដុល្លារអាមេរិក ខណៈដែលនៅខែមករាមានរោងចក្រតែ១៣ ប៉ុណ្ណោះ ជាមួយទុនវិនិយោគជាង ៦៧ លានដុល្លារអាមេរិក។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺថា នៅខែកុម្ភៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តបើកឲ្យដំណើរការនូវគម្រោងអភិវឌ្ឍន៍ធំមួយ នៅខេត្ត កោះកុង ដែលមានតម្លៃទុនរហូតដល់៥០០ លានដុល្លារអាមេរិក។ គម្រោង Tourism Ecological Marine និង International (TEMI) នេះ គឺជាការវិនិយោគសាងសង់ទីក្រុងទេសចរណ៍ ដែលរួមមានសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៨០០ បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម ទីលានវាយកូនគោល បឹងហ្គាឡូ ផ្ទះវីឡា រមណីយដ្ឋានទេសចរណ៍ សួនកម្សាន្ត ចំណតកប៉ាល់ និងគម្រោងច្រើនផ្សេងទៀត។
គួរបញ្ជាក់ថា តាមសេចក្ដីប្រកាសព័ត៌មាន របស់ CDC បានឲ្យដឹងថា ចាប់ពីឆ្នាំ២០១៣-២០១៧ កម្ពុជាបានទទួលគម្រោងវិនិយោគពីបណ្ដាក្រុមហ៊ុន ក្នុងស្រុក និងបរទេស សរុបប្រមាណជា ៩៧០គម្រោង ដែលមានទុនវិនិយោគសរុបចំនួនជាង ២៣ ពាន់លានដុល្លារអាមេរិក ពោលគឺ ជាមធ្យមមានប្រមាណជាង ៤ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ហើយមានសក្ដានុពលបង្កើតការងារថ្មីជូនប្រជាពលរដ្ឋជាមធ្យមប្រមាណ ជាង ២០ម៉ឺននាក់ក្នុងមួយឆ្នាំ។
យ៉ាងណាមិញ នៅក្នុងឆ្នាំ២០១៨ ទុនវិនិយោគផ្ទាល់ពីបរទេសបានកើនឡើងជិត ៧០% នៃទុនវិនិយោគសរុប ដែលត្រូវបានកត់ត្រាដោយ CDC។ ហើយបើគិត ក្នុងរយៈពេល៥ឆ្នាំ ពោលគឺចាប់ពីឆ្នាំ ២០១៣-២០១៧ ទុនវិនិយោគផ្ទាល់ពីបរទេស ជាមធ្យមប្រចាំឆ្នាំមានប្រមាណជា ៤០% នៃទុនវិនិយោគសរុបក្នុងឆ្នាំនីមួយៗ៕