អ្នកស្រី ចាន់មល បានបន្ថែមថា «ម្ទេសហ្នឹង បើតាមម៉ូយៗខាងវៀតណាម គេប្រាប់ខ្ញុំគេថា នាំចេញទៅប្រទេសថៃដែរ ព្រោះក្រៅប្រទេសគេតម្រូវការច្រើនដែរ បានវាអាចឡើងថ្លៃអញ្ចឹងនោះ ហើយចំពោះម្ទេសដែលឡើងហ្នឹងកាលមុនតម្លៃ ៦ទៅ ៧ពាន់រៀលអីទេ ក្នុងមួយគីឡូ តែតម្លៃឡើងជាង២ម៉ឺន»។
ជាមួយគ្នានេះដែរ អ្នកស្រី ផាន់ ស្រីមុំ អាជីវករលក់ម្ទេសនៅផ្សារដើមគរ បានប្រាប់ក្រុមការងារខេមបូណូមីសថា អ្នកស្រីមិនបានដឹងពីមូលហេតុច្បាស់លាស់នៃការឡើងថ្លៃម្ទេសនេះទេ ។ អ្នកស្រីបានបន្ថែមថា «ខ្ញុំមិនដឹងមូលហេតុអីដែរ ដឹងតែគេដឹកមកដល់យើងហ្នឹង គេទារថ្លៃ គិតតាមហ្នឹងទៅ ប៉ុន្តែដល់ពេលឡើងថ្លៃពេកចឹងខ្ញុំពិបាកលក់ដែរ ព្រោះអ្នកទិញគេរអ៊ូគ្រប់គ្នាហ្នឹង»។
នៅគ្រា អាជីវករ និងអ្នកបរិភោគ ត្អូញត្អែរពីការឡើងថ្លៃម្ទេស ប៉ុន្តែកសិករដាំម្ទេសនៅខេត្តបាត់ដំបងឯណេះ ហាក់សប្បាយចិត្ត ដ្បិតតម្លៃម្ទេសកើនឡើងនៅលើទីផ្សារ ជំរុញឲ្យពួកគាត់មានទឹកចិត្តក្នុងការដាំ។
ជាក់ស្តែង អ្នកមីង គន្ធា ជាកសិករដាំម្ទេស រស់ភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានឲ្យដឹងថា តម្លៃម្ទេសបច្ចុប្បន្ន គឺក្រុមកសិករលក់បានថ្លៃណាស់ ដោយបោះដុំតម្លៃ២ម៉ឺនរៀលក្នុងមួយគីឡូក្រាម។
អ្នកមីង គន្ធា បានបន្ថែមថា «ម្ទេសហ្នឹងខ្ញុំដាំលើផ្ទៃដីតែ ២រ៉ៃទេ (៣.២០០ ម៉ែត្រការ៉េ) ហើយឥឡូវហ្នឹងលក់បានថ្លៃគ្រាន់បើ ហើយមានទីផ្សារទៀត ភាគច្រើនខ្ញុំយកទៅបោះឲ្យម៉ូយនៅផ្សារព្រែកច្រែង និងផ្សារភូពុយ»។
ជាមួយគ្នាដែរ កសិករដាំម្ទេសម្នាក់ទៀត ឈ្មោះ អ្នកមីង រ័ត្ន ផូរ បានឲ្យដឹងដែរថា គ្រាន់ដាំម្ទេសបានកាក់កបល្អណាស់ ទាំងតម្លៃនិងសម្បូរទីផ្សារថែមទៀតផង។
អ្នកមីង រ័ត្ន ផូរ បញ្ជាក់ថា «ខ្ញុំបានសងបំណុលគេជិតរួចអស់ហើយ បន្ទាប់ពីដាំម្ទេសបានប៉ុន្មានរដូវនេះ ហើយឆ្នាំក្រោយខ្ញុំប្រហែលដាំឲ្យច្រើនជាងនេះទៀត »។
បែបនេះក្តី បើតាមកសិករទាំងពីរនាក់នេះ ម្ទេសដែលដាំនៅក្នុងតំបន់របស់ពួកគាត់ គឺមិនសូវនាំចូលមកកាន់រាជធានីភ្នំពេញទេ ភាគច្រើននាំទៅប្រទេសថៃ និងតាមបណ្តាខេត្តផ្សេងៗទៀត៕