គ្រាន់តែទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ពីសេចក្តីថ្លែងការណ៍បែកធ្លាយមួយ ដែលបង្ហាញថា ប្រទេសចិននឹងស្វែងរកកិច្ចព្រមព្រៀងជាមួយបណ្ដាប្រទេសប្រជុំកោះប៉ាស៊ីហ្វិកចំនួន១០គ្របដណ្តប់លើលើវិស័យប៉ូលិស សន្តិសុខ ពាណិជ្ជកម្ម ទំនាក់ទំនងសមុទ្រ និងទិន្នន័យហើយភ្លាម លោក អាល់បានីស នាយករដ្ឋមន្ត្រីថ្មីអូស្ត្រាលី បាននិយាយថា ប្រទេសអូស្ត្រាលី "ត្រូវការឆ្លើយតបនឹងបញ្ហានេះ"។
លោក Albanese បាននិយាយថា រដ្ឋាភិបាលថ្មីដែលប្រសូតចេញពីគណបក្សពលកររបស់លោកបានសន្យាថា នឹងចាត់វិធានការថែមទៀត ដើម្បីគាំទ្រដល់ប្រទេសកោះមួយចំនួនលើវិស័យសន្តិសុខដែនសមុទ្រ ការប្រែប្រួលអាកាសធាតុ ការបង្កើនជំនួយ និងអនុញ្ញាតឱ្យពលរដ្ឋកោះប៉ាស៊ីហ្វិកធ្វើចំណាកស្រុកទៅកាន់ប្រទេសអូស្ត្រាលីផងដែរ។
លោកបានប្រាប់អ្នកសារព័ត៌មានថា អូស្ត្រាលីត្រូវតែដើរទៅមុខ គឺមិនថយក្រោយនោះទេ មិនដូចអ្វីមួយដែលបានកើតឡើងនៅក្រោមអតីតរដ្ឋាភិបាលកាលពីមុនឡើយ។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Penny Wong បានធ្វើដំណើរទៅកាន់ប្រទេសហ្វីជីនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីជួបជាមួយនាយករដ្ឋមន្ត្រីប្រទេសកោះនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រីនៅប៉ាស៊ីហ្វិកតាំងពីបានស្បថចូលកាន់តំណែងកាលពីថ្ងៃចន្ទដើមបសប្ដាហ៍នេះមក។
លោក ហ្វ្រេង បៃនីម៉ារ៉ាម៉ា (Frank Bainimarama) នាយករដ្ឋមន្ត្រីប្រទេសហ្វីជីបាននិយាយថា លោកនឹងជួបលោកស្រី Wong របស់អូស្ត្រាលីនៅថ្ងៃសុក្រ ហើយនឹងជួបជាមួយលោក Wang Yi រដ្ឋមន្ត្រីការបរទេសចិននៅថ្ងៃចន្ទសប្ដាហ៍ក្រោយ។
នៅថ្ងៃនេះដែរលោក Wang Yi បានធ្វើដំណើរទៅដល់ប្រទេសកោះសូឡូម៉ុង ដែលជាជើងដំបូងក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ ៨ ប្រទេស ហើយលោក វ៉ាង ក៏នឹងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសប៉ាស៊ីហ្វិកក្នុងប្រទេសហ្វីជីនៅសប្តាហ៍ក្រោយ ជាកន្លែងដែលលោកនឹងស្វែងរកកិច្ចព្រមព្រៀងលើផែនការសកម្មភាពរយៈពេល ៥ ឆ្នាំផងដែរ។
រដ្ឋាភិបាលកោះសូឡូម៉ុងបាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា លោក វ៉ាង យី នឹងចុះហត្ថលេខានៅលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការមួយចំនួនរវាងប្រទេសចិន និងប្រទេសកោះសឡូម៉ុង នេះនៅក្នុងដំណើរទស្សនកិច្ច ២ ថ្ងៃរបស់មន្ត្រីកំពូលចិននេះ។
ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ចិនរូបនេះ បានធ្វើឡើងស្របពេលប្រទេសចិនចង់ឱ្យប្រទេសប៉ាស៊ីហ្វិកតូចៗចំនួន១០គាំទ្រកិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយ ដែលគ្របដណ្ដប់ចាប់ពីវិស័យសន្តិសុខរហូតដល់វិស័យជលផលនៅ ជាអ្វីដែលគេមើលឃើញថា ជាចំណុចគន្លឹះមួយរបស់ទីក្រុងប៉េកាំង ដើម្បីដណ្តើមការគ្រប់គ្រងក្នុងតំបន់នេះ។
សេចក្តីព្រាងនៃកិច្ចព្រមព្រៀងដែលទទួលបានដោយទីភ្នាក់ងារព័ត៌មានAP បានបង្ហាញថា ប្រទេសចិនចង់បណ្តុះបណ្តាលមន្ត្រីប៉ូលិសប៉ាស៊ីហ្វិក សហការគ្នាលើវិស័យ"សន្តិសុខបែបប្រពៃណី និងមិនមែនប្រពៃណី" និងពង្រីកកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់។
ប្រទេសចិនក៏ចង់រួមគ្នាបង្កើតផែនការសមុទ្រសម្រាប់វិស័យជលផលរួមបញ្ចូលទាំងការចាប់ត្រីធូណាដែលរកកម្រៃបានច្រើនសម្រាប់តំបន់ប៉ាស៊ីហ្វិក បង្កើនកិច្ចសហប្រតិបត្តិការលើការដំណើរការបណ្តាញអ៊ីនធឺណិតក្នុងតំបន់ និងបង្កើតវិទ្យាស្ថានវប្បធម៌ខុងជឺនិងថ្នាក់រៀនចិន ហើយចិនក៏បានលើកឡើងពីលទ្ធភាពនៃការបង្កើតតំបន់ពាណិជ្ជកម្មសេរីជាមួយបណ្ដាប្រទេសប៉ាស៊ីហ្វិកផងដែរ៕
អត្ថបទ៖ សុខ ជា